ជាតិ
សង្គមជាតិ
លោក ប៊ុន ណារិទ្ធ ត្រូវផ្លាស់ចេញពីតំណែងអគ្គនាយកអាជ្ញាធរអប្សរា
×
លោក ប៊ុន ណារិទ្ធ ដែលបានកាន់កាប់តំណែងអគ្គនាយកនៃអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ២០០១ នឹងត្រូវផ្លាស់ប្តូរចេញពីតួនាទីនេះ នៅរសៀលថ្ងៃពុធទី២៦សីហានេះ។ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានអះអាងប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកនេះថា អតីតនាយកសាលាភូមិន្ទរដ្ឋបាល លោក ស៊ុំ ម៉ាប់ នឹងត្រូវប្រកាសឲ្យបន្តតំណែងអគ្គនាយកអាជ្ញាធរជាតិអប្សរានេះ នៅក្នុងពិធីដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យអាជ្ញាធរអប្សរាលោក ឡុង កុសល បានពន្យល់ថា ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចមន្ត្រីគឺជាដំណើរការធម្មតាមួយក្នុងស្ថាប័នរដ្ឋ ហើយលោកបានបន្តយ៉ាងដូច្នេះ៖«ឯកឧត្តម ប៊ុន ណារិទ្ធ បានដល់អាយុចូលនិវត្ត ដូច្នេះនេះគឺជាការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលមន្ត្រីដល់អាយុចូលនិវត្តត្រូវដាក់ឲ្យចូលនិវត្ត ដើម្បីអនុញ្ញាតឲ្យមានមន្ត្រីជំនាន់ថ្មីបន្តការងារ»។
លោក ប៊ុន ណារិទ្ធ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណរដ្ឋមន្ត្រី ដែលមានឋានៈស្មើរដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com