ជាតិ
មិនគួរឲ្យជឿ តែជារឿងពិត៖ លោក លាង ហេង ទទួលបច្ច័យពីបុណ្យ១ម៉ឺនដុល្លារយកទៅជូនពេទ្យគន្ធបុប្ជា លោក លាង ហេង ឈរជិតជនជាតិបារាំងកាន់បណ្ណវិភាគទាន
× ភ្នំពេញ៖ វាជារឿងដែលពលរដ្ឋខ្មែរភាគច្រើនមិនអាចធ្វើបាន ឬមិនដែលសូវធ្វើ។ តែលោក លាង ហេង ពាណិជ្ជករវ័យក្មេង បានសម្រេចចិត្តធ្វើសកម្មភាពមនុស្សធម៌ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋខ្មែរមួយចំនួន។ បច្ច័យដែលទទួលបានពីបុណ្យសពយាយរបស់លោក លោក លាង ហេង បានសម្រេចយកទៅបរិច្ចាគជូនពេទ្យគន្ធបុប្ជាទាំងអស់។ ទឹកប្រាក់សរុបផ្តល់ជូនពេទ្យគន្ធបុប្ជានៅថ្ងៃពុធនេះ មានចំនួន១ម៉ឺនដុល្លារអាមេរិក។
លោក លាង ហេង ជាពាណិជ្ជករសាមញ្ញម្នាក់ ហើយក៏មិនសូវមានទ្រព្យសម្បត្តិមហាសាលដូចអ្នកមានដទៃទៀតនោះទេ។ តែលោកមានទឹកចិត្តសណ្តោសអ្នកក្រីក្រភាគច្រើន។ លោកមានអាយុជាង៤០ឆ្នាំ មានអត្តចរិតស្លូតបូត និងមានសម្តីសំដៅសាមញ្ញបំផុត។ កាលពី៦ថ្ងៃមុន យាយរបស់លោកដែលមានឈ្មោះថា អ៊ា អេង អាយុ៩៤ឆ្នាំបានលាចាកលោកទៅ។ ក្រោយពីលោកយាយរបស់លោកបានស្លាប់ហើយនោះ លោក លាង ហេង និងក្រុមគ្រួសារចាប់ផ្តើមគិតពីការធ្វើបុណ្យសពលោកយាយ អ៊ា អេង និងបន្ទាប់មកទៀត លោក លាង ហេង ក៏មានគំនិតគិតថា បច្ច័យដែលទទួលបានពីបុណ្យសពនេះ លោកនឹងត្រូវប្រគល់ជូនពេទ្យគន្ធបុប្ជា ពីព្រោះមន្ទីពេទ្យនេះកំពុងត្រូវការជំនួយដើម្បីជួយកុមារក្រីក្រ។ ព័ត៌មានផ្តល់បច្ច័យជូនមន្ទីពេទ្យគន្ធបុប្ជានេះ ត្រូវបានលោក លាង ហេង ប្រកាសប្រាប់ភ្ញៀវទាំងអស់ដែលបានមកចូលរួមបុណ្យសពតាំងពីថ្ងៃទី១នៃពិធីបុណ្យ។
«កន្លងមក គ្រួសារខ្ញុំធ្លាប់ធ្វើបុណ្យច្រើននៅតាមបណ្តាទីវត្តអារាមផ្សេងៗ ។ តែពេលនេះ ពួកយើងគិតថា ចង់ជួយពេទ្យគន្ធបុប្ជាម្តង។ មិនមែនមានតែខ្ញុំទេជួយពេទ្យនេះ តាមពិត មានគេជួយពេទ្យនេះក៏ច្រើនគ្នាដែរ»។ លោក លាង ហេង រារែកក្នុងចិត្តខ្លាំងណាស់ មុននឹងសម្រេចចិត្តនិយាយប្រាប់អ្នកសារព័ត៌មាន។ មូលហេតុ គឺដោយសារលោកបារម្ភខ្លាចគេអត្ថាធិប្បាយថា លោកចង់បានមុខមាត់នៅតាមបណ្តាសារព័ត៌មាន។
ចំណូលទទួលបានពីបុណ្យមានចំនួន៥ពាន់ដុល្លារអាមេរិក និង ៥ពាន់ដុល្លារទៀត គឺជាទឹកប្រាក់កេរដំណែលរបស់លោកយាយ អ៊ា អេង ដែលលោកយាយបានសន្សំតាំងពីយូរយាណាស់មកហើយ។ លោក លាង ហេង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅយប់ថ្ងៃពុធនេះថា ទាំងបច្ច័យរបស់អ្នកចូលបុណ្យបូកនិងថវិកាកេរតំណែលរបស់គាត់ ត្រូវបានប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ជាទាំងអស់ ពោលគឺទឹកប្រាក់សរុបមានចំនួន១ម៉ឺនដុល្លារអាមេរិក។ លោក លាង ហេង បានបន្តបញ្ជាក់ទៀតថា ថវិកាបច្ច័យពីបុណ្យសព និងកេររបស់លោកយាយ មិនបានយកទៅទូទាត់ថ្លៃធ្វើបុណ្យនោះទេ ពោល គឺគ្រួសាររបស់លោកបានសម្រេចចិត្តចំណាយទឹកប្រាក់ប្រមាណជាជាង១ម៉ឺនផ្សេងទៀតដើម្បីរៀបចំពិធីបុណ្យសពនៅថ្ងៃស្លាប់ និងនៅថ្ងៃបុណ្យ៧ថ្ងៃ។ បុណ្យសព៧ថ្ងៃរបស់លោកយាយ អ៊ា អេង នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះនៅម្តុំស្តាតអូឡាំពិកទីក្រុងភ្នំពេញ។
លោក ហេង រដ្ឋា មន្ត្រីនៃមន្ទីរដ្ឋសភាជាតិ និងជាមិត្តភក្តិជិតស្និទ្ធលោក លាង ហេង ដែលបានរៀបចំនីតិវិធីនៃការផ្តល់ជំនួយជូនពេទ្យគន្ធបុប្ជា បានអត្ថាធិប្បាយថា កាយវិការរបស់លោក លាង ហេង គឺមានអត្ថន័យខ្លឹមសារជ្រាលជ្រៅខ្លាំងណាស់ក្នុងការជួយសង្គ្រោះជីវិតកុមារក្រីក្រ ក្នុងកាលៈទេសៈដែលមន្ទីរពេទ្យមួយនេះកំពុងស្វែងរកជំនួយបន្ថែម។ ម្យ៉ាងទៀត ថវិកានៃក្រុមគ្រួសារលោក លាង ហេង នៅពេលនេះបាន និងកំពុងបញ្ជាក់ប្រាប់ម្ចាស់ជំនួយបរទេសដទៃទៀតថា «ខ្មែរក៏កំពុងតែជួយខ្មែរដែរ»។ លោក រដ្ឋា បន្តទៀតថា នៅពេលដែលបរទេសគេមើលឃើញថា ខ្មែរចេះជួយខ្មែរគ្នាឯងដែរនោះ នោះម្ចាស់ជំនួយបរទេសរឹតតែមានទឹកចិត្តជួយខ្មែរបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com