ជាតិ
បណ្តេញជនជាតិវៀតណាមជាង១៥០០នាក់ ក្នុងរយៈពេល៨ខែ
×
ជនជាតិវៀតណាម ចំនួន១៥៣៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញទៅប្រទេសរបស់ពួកគេវិញ ក្នុងឆ្នាំ២០១៥នេះ។ ជនជាតិវៀតណាមទាំងនោះ បានលួចឆ្លងដែនមករស់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល៨ខែឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្តេញ ជនជាតិវៀតណាមចំនួន១៥៣៣នាក់ ក្នុងនោះស្រី២១៣នាក់ ចេញពីប្រទេសកម្ពុជា។ នេះជាបញ្ជាក់ របស់លោក អ៊ុក ហៃសិឡាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
លោក អ៊ុក ហៃសិឡា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា ជនអន្តោប្រវេសន៍ទាំងនេះ គឺបានមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅតាមការដ្ឋានសំណង់ សិប្បកម្មធ្វើតុទូ កាត់កញ្ចក់ និងខ្លះក៏រកស៊ីដោយខ្លួនឯងដែរ ដូចជាអូសរទេះលក់អ៊ីវ៉ាន់ និងអេតចាយជាដើម។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឲ្យដឹងដែរថា បើគិតតែក្នុងខែសីហានេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន២៧០នាក់ ត្រូវបានអាជ្ញាធររកឃើញ ក្នុងនោះមានជនជាតិវៀតណាមចំនួន២៥០នាក់។ នៅក្នុងខែសីហានេះដែរ មានជនជាតិវៀតណាមចំនួន១២៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងនោះមានស្រី៣២នាក់។
ពាក់ព័ន្ធនឹងប្រតិបត្តិការតាមស្វែងរកជនអន្តោប្រវេសន៍ លោក អ៊ុក ហៃសិឡា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយសហការជាមួយសមត្ថកិច្ច ក្នុងការឃាត់ខ្លួនជនអន្តោប្រវេសន៍ ដែលលួចមកស្នាក់នៅ និងរកស៊ីដោយខុសច្បាប់នៅកម្ពុជា។ នាយកដ្ឋានអន្តោប្រវេសន៍ ក៏អំពាវនាវ ទៅដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ឲ្យប្រើប្រាស់កម្លាំងក្នុងស្រុកឲ្យអស់លទ្ធភាព មុននឹងសម្រេចចិត្តជួលកម្មករជំនាញពីបរទេស និងកុំជួលកម្លាំងពលកម្មខុសច្បាប់ ត្រូវឲ្យពួកគាត់បំពេញបែបបទស្របតាមច្បាប់។
សូមបញ្ជាក់ថា រយៈពេលជាង១ ឆ្នាំមកនេះ អាជ្ញាធររកឃើញជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាចំនួន៣,០២១នាក់ រួមមាន៤៦សញ្ជាតិ ក្នុងនោះស្រីចំនួន៥០០នាក់។ ប៉ុន្តែបើរាប់តែជនជាតិវៀតណាម មានចំនួន២,៥៩២នាក់ ក្នុងនោះស្រីចំនួន៤៥៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com