ជាតិ
បទវិភាគ
ការ​រឹតបន្តឹង​ការប្រលង​បាក់​ឌុប​គួរ​បន្ត​ឱ្យមាន​ជា​រៀងរហូត
30, Aug 2015 , 8:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ចាប់ពី​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ២០១៤មក លោក ហង់ ជួនណា​រុន បានធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ដោយសារតែ​ការធ្វើកំណែទម្រង់​ក្នុង​វិស័យ​អប់រំ។ ចំណុច​ដំបូង​ដែល​លោក​បានធ្វើ​នោះ គឺ​ការ​រឹតបន្តឹង​វិន័យ​ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប)។ មកដល់​ឆ្នាំ២០១៥នេះ កំណែទម្រង់​ក្នុងការ​ប្រលង​នេះ បាន​ឈាន​ចូលដល់​ឆ្នាំ​ទី២ហើយ ការប្រលង​ឆ្នាំនេះ ថ្វីបើ​នៅមាន​ចំណុច​អវិជ្ជមាន​តិចតួច ដូចជា មាន​អ្នក​បន្លំ​ប្រលង​ជំនួស១នាក់ មាន​ការយក​សំណៅ(ប្រូ​យ៉ុង)ខ្លះ​ចូល​បន្ទប់​ប្រលង និង មានការ​សួរ​គ្នា​ខ្លះ​ក្នុងពេល​ប្រលង​ក៏ដោយ ក៏​ជាទូទៅ អ្នក​ពាក់​ពន្ធ​ទាំងអស់ រួមមាន បេក្ខជន អាណាព្យាបាល​សិស្ស អ្នកសង្កេតការណ៍ អនុរក្ស អ្នក​ត្រួ​ពិនិត្យ អ្នកវិភាគ និង អ្នក​ពាក់​ពន្ធ​ដទៃទៀត បាន​វាយតម្លៃ​យ៉ាងខ្ពស់​ថា ការប្រលង​ឆ្នាំនេះ កាន់​តែមាន​សភាព​ល្អជា​ង​ឆ្នាំមុន។ ជ្រុង​មួយ​នៃ​កំណែទម្រង់​លើ​វិស័យ​អប់រំ​នេះ បានធ្វើឱ្យ​លោក ហង់ ជួនណា​រុន និង​ក្រសួង​អប់រំ យុវជន និង កីឡា ទទួលបាន​កេរ្ដិ៍ឈ្មោះ​គួរ​កាត់​សម្គាល់ ចុះ​ទម្រាំ​កំណែទម្រង់​វិស័យ​អប់រំ​ទាំងមូល តើ​លោក​រដ្ឋមន្ត្រី​រូបនេះ និង ក្រសួង​អប់រំ ទទួលបាន​ការសរសើ​រ និង ការគោរព​កម្រិតណា?    

ឆ្លងតាម​ចំណាត់ការ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ជាពិសេស ចាប់ពី​ពេលដែល​លោក​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​នេះ បាន​ចូលកាន់​តំណែង រហូតមកទល់​ដល់​ឆ្នាំ២០១៥នេះ ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវបាន​សាធារណៈមតិ វាយតម្លៃថា ជា​ចំណាត់ការ​មួយ​ដែល​គួរឱ្យ​កោតសរសើរ និង​ជា​ជំហាន​ថ្មី​មួយ​ដែល​អាចរួមចំណែក​ធ្វើឱ្យ​វិស័យ​អប់រំ​ចាប់ផ្ដើម​ចេញដំណើរ​ឆ្ពោះទៅរក​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន។ ភស្តុ​ង​ជាក់ស្ដែង​នៃ​ការអនុវត្ត​គំនិត​ថ្មី​របស់លោក ហង់ ជួនណា​រុន ទាក់ទង​នឹង​វិធានការ​តឹងរ៉ឹង​ក្នុងការ​ប្រលង​បាក់​ឌុប​ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ យើង​អាច​និយាយបានថា វិធានការ​ថ្មី​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុង​ភាគរយ​មួយ​ខ្ពស់ បើ​ប្រៀបធៀប​នឹង​វិធាន​ការដែល​ធ្លាប់មាន​កន្លងមក។
 
ក្នុងនាម​អ្នកតាមដាន​និង​អ្នកវិភាគ​បញ្ហា​នេះ យើង​សូម​សម្ដែង​ការកោតសរសើរ​ចំពោះ​វិធានការ​ថ្មី​នេះ ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ និង សូមឱ្យ​បន្ត​ប្រពៃណី​នេះ​ជា​រៀងរហូត។ ផ្ដើមចេញពី​គំរូ​នៃ​ការប្រលង​នេះ យើង​សូមឱ្យ​ក្រសួង​អប់រំ ពង្រីក​វិធានការ​រឹតបន្តឹង​នេះ​ចំពោះ​ការប្រលង​គ្រប់​កម្រិត​នៃ​ភូមិ​សិក្សា​ទាំងអស់ ពោលគឺ​រាប់​ចាប់ពី​ការប្រលង​ឆមាស​ឡើងទៅ។ លើសពីនេះ​ទៀត សូមឱ្យ​ការប្រលង​ចូល​បម្រើ​ការងារ​តាម​ក្រសួង​ស្ថាប័ន​នានា រួមទាំង​ការប្រលង​អាហារូបករណ៍ ដើម្បី​បន្ត​ការសិក្សា​នៅក្នុង​និង​ក្រៅប្រទេស ក៏​គួរតែរៀបចំ​ឱ្យបាន​ដូច​ការប្រលង​បាក់​ឌុប​នេះដែរ។
 
បើ​គិត​មកដល់ពេលនេះ ការធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ ទើបតែ​បាន​មួយ​ជ្រុង​ប៉ុណ្ណោះ ប៉ុន្តែ វា​ហាក់ដូចជា បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​ការ​ចោទប្រកាន់​ពីបទ​អំពើពុករលួយ​និង​ទម្លាប់​អាក្រក់ ដែល​បានធ្វើឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​ក្រសួង​អប់រំ​ស្ទើរតែ​ធ្លាក់​ដល់​កម្រិត​សូន្យ​ទៅហើយ​នាពេល​កន្លងមក។ ចុះ​ទម្រាំ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​ទាំងមូល ឬ​ជា​កញ្ចប់ ពោលគឺ​រាប់​ចាប់ពី​កំណែទម្រង់​លើ គោលនយោបាយ​អប់រំ, ទស្សនវិជ្ជា​អប់រំ ឬ​គោលដៅ​អប់រំ, វិទ្យាសាស្ត្រ​អប់រំ, ការ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​និង​មន្ត្រី​អប់រំ​ឱ្យបាន​សមស្រប, ការពង្រឹង​ច្បាប់​និង​សីលធម៌​ក្នុង​វិស័យ​អប់រំ, ការបែងចែក​គ្រូ​ឱ្យបាន​គ្រប់គ្រាន់​ទៅ​បង្រៀន​នៅ​ជនបទ, ការពង្រឹង​សមត្ថភាព​និង​សីលធម៌​របស់​គ្រូបង្រៀន​និង​មន្ត្រី​អប់រំ,...តើ​ថ្នាក់ដឹកនាំ និង ក្រសួង​អប់រំ​ទាំងមូល នឹង​ទទួលបាន​ការគាំទ្រ ការសរសើរ និង​កេរ្ដិ៍ឈ្មោះ​ល្អ​កម្រិតណា? 
 
ផ្ដើមចេញពី​មេរៀន​នៃ​កំណែទម្រង់​របស់​ក្រសួង​អប់រ​នេះ យើង​គិតថា ក្រសួង ស្ថាប័នរដ្ឋ​ដទៃទៀត ក៏​គួរតែ​ពិចារណា​លើ​កំណែទម្រង់​របស់ខ្លួន​ដែរ។ សូម្បីតែ រដ្ឋមន្ត្រី​ម្នាក់​ដែល​ទើបតែ​ដឹកនាំ​ក្រសួង​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ អាច​ចាប់​ផ្ដើមធ្វើ​គំ​ណែ​ទម្រង់​ក្នុង​វិស័យ​របស់ខ្លួន​ឱ្យគេ​ចាប់អារម្មណ៍​និង​កោតសរសើរ​បាន ចុះ​រដ្ឋមន្ត្រី​ខ្លះ ដែលមាន​បទពិសោធ​ដឹកនាំ​ស្ទើរតែ​ប្រាំ​អាណត្តិ​ហើយ បើ​គាត់​ចាប់ផ្ដើម​ដកស្រង់យក​មេ​រៀន​នេះ ដើម្បី​ធ្វើកំណែទម្រង់​ក្នុង​វិស័យ​របស់ខ្លួន ប្រហែលជា​មិន​លំបាក​ទេ ហើយ​លទ្ធផល​ក៏​មិន​អន់​ជាង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែរ។ បញ្ហា​នៅត្រង់ថា​តើ គាត់ មាន​សុ​ឆន្ទៈ និង ការប្ដេជ្ញាចិត្ត ចង់​ធ្វើ​ឬ​អត់។  
 
ឆ្លងតាម​បទពិសោធ​មិនល្អ​កន្លងមក យើង​បាន​សង្កេតឃើញថា ការអនុវត្ត​ច្បាប់ ឬ​គោ​ការណ៍​ណាមួយ ភាគច្រើន​ធ្វើ​បានតែ​មួយរយៈ​ខ្លី មិនសូវមាន​និរន្តរភាព​ទេ។ បញ្ហា​នេះ អាច​បណ្ដាលមកពី ទម្លាប់​របស់​ខ្មែរ​យើង​ដែល​បំពេញការងារ​ផ្អែកលើ​ទម្លាប់ អារម្មណ៍ ស​ញ្ចេ​ត​នា ជាជាង​ផ្អែកលើ ច្បាប់ ផែនការ ឬ​គោលនយោបាយ​យូរអង្វែង។ ម្យ៉ាងទៀត អាចមកពី​កង្វះ​ការបន្ត​វេន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ឬ ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ ឧទាហរណ៍ ក្នុងករណី មានការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ ឬ មានការ​ប្រែប្រួល​របត់​នយោបាយ នាំឱ្យមាន​ការបោះបង់ចោល​នូវ​គម្រោងល្អៗ ផែនការ​ល្អ ឬ​វិធានការល្អៗរបស់​អ្នក​ជំនាន់​មុន​ដែរ។ 
 
ហេតុនេះ យើង​សង្ឃឹមថា ការ​រឹតបន្តឹង​វិន័យ​ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ មិន​សាបសូន្យ​វិញ​ដូច​ករណីមុនៗទេ។ មិនតែប៉ុណ្ណោះ សូមឱ្យ​គំរូ​នៃ​ការធ្វើកំណែទម្រង់​នេះ បន្ត​រាលដាល​ដល់​ផ្នែកផ្សេងៗនែ​ក្រសួង​អប់រំ​ទាំងមូល និង រួមទាំង​ក្រ​សូងផ្សេងៗនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕  
 

Tag:
 សិក្សា
  អប់រំ
  បាក់​ឌុប
  ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com