អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អា​មេ​រិ​គាំទ្រ​នយោបាយ​ការពារជាតិ​ជប៉ុន​ស្របពេល​ប្រជាជន​ជប៉ុន​ខ្លាច​កើតសង្គ្រាម
31, Aug 2015 , 7:39 pm        
រូបភាព
ប្រជាជន​ជប៉ុន​រាប់ម៉ឺន​នាក់​នាំគ្នា​ចូលរួម​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្បែរ​វិមាន​រដ្ឋសភា​ដើម្បី​ប្រឆាំង​សេចក្តីព្រាងច្បាប់​សន្តិសុខ​ថ្មី​របស់លោក ស៊ីន​ហ្សូ អា​បេ ដែល​ត្រូវបាន​សភា​ជាន់​ទាប​គាំទ្រ​កាលពី​ខែកក្កដា​កន្លងទៅ។ ប្រជាជន​ជប៉ុន​ស្ទើរ​គ្រប់​វ័យ​ទាំង​ក្មេង​ទាំងចាស់​បាន​ជំទាស់ គោលនយោបាយ​ការពារជាតិ​រដ្ឋាភិបាល​ជប៉ុនដែល​​មាន​មហិច្ឆតា​សាង​អំណាច​យោធា​ជប៉ុន​ឡើងវិញ ព្រោះគេ​ជឿជាក់ថា​លោក អា​បេ​នឹង​នាំ​ជប៉ុន​ធ្លាក់​ក្នុង​សង្គ្រាម​ជាថ្មី។  សេច​ក្តី​ព្រាង​ច្បាប់​សន្តិសុខ​ថ្មី​នឹងត្រូវ​អនុម័ត​ដោយ​សភា​ជាន់ខ្ពស់ ប៉ុន្តែ​ប្រជាជន​ជប៉ុន​ប្រហែល ៧០ភាគរយ​ទៅហើយ​ដែល​ប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ។ ដោយឡែក សហរដ្ឋអាមេរិកបាន​បង្ហាញ​ការ​​ស្វាគមន៍​សេចក្តីព្រាង​ច្បាប់​របស់ជប៉ុន ខណៈដែល​ចិន​និង​កូរ៉េខាងត្បូង​សម្តែង​ការខឹង​សម្បារ​ក្រុង​តូ​ក្យូ​ជាខ្លាំង។


 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ​ផល​និស្ស័យ៖ 


 
ប្រជាជន​ជប៉ុន​ក្មេង​ចាស់​ប្រុស​ស្រី​ស្ទើរ​គ្រប់​វ័យ​ប្រហែល ១២ម៉ឺន​នាក់​បានសម្រេច​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​សន្តិសុខ​របស់​រដ្ឋា​ភិ​បាល​លោក ស៊ីន​ហ្សូ អា​បេ ដែល​នឹង​ត្រូវដាក់​ឆ្លង​សភា​ជាន់ខ្ពស់​ដើម្បី​អនុម័ត​ក្នុងពេលឆាប់ៗខាងមុខ។ បាតុករ​មាន​ស្រី​មាន​ប្រុស​មាន​នាំកូនតូចៗមកជា​មួយ​ផង ដោយ​ដៃ​កាន់​បដា​ស្រែក​តវ៉ា​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​មហិច្ឆតា​អនុម័ត​ច្បាប់​សន្តិសុខ​បង្កើន​អំណាច​យោធា​និង​ទាមទារ​ឲ្យ​លោក អា​បេ ចុះ​ចេញពី​តំណែង​ផងដែរ។ បដា​ភាគច្រើន​មានតែ​ឃ្លា​និយាយថា«ទេ​ចំពោះ​សង្គ្រាម» និង «ប្រជាជន​ជប៉ុន​ត្រូវការ​សន្តិភាព»។ 
 
តាមពិតទៅ​ចលនា​បាតុកម្ម​កើតឡើង​ជា​ញឹកញយ​ទៅហើយ​នៅក្នុង​ប្រទេស​ជប៉ុន តាំងពី​ដើមឆ្នាំ២០១៥ ពោលគឺ​ក្រោយ​លោក អា​បេ ស្វះ​ស្វែ​រក​ការកែ​មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដែល​កម្រិត​សិទ្ធិ​យោធា​របស់​ជប៉ុន​ក្រោយ​សង្គ្រាមលោកលើកទី។ ប៉ុន្តែ​បាតុកម្ម​ដុះដាល​កាន់តែខ្លាំង ហើយ​ប្រជាជន​កាន់តែច្រើន​ចូលរួម​ចលនា​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល​ផង ក្រោយពេល​លោក​អា​បេ រុញ​សេចក្តីព្រាងច្បាប់​សន្តិសុខ​ទៅ​សភា​ជាន់​ទាប។ អ្នកចូលរួម​ជាច្រើន​នាក់​បាន​អះអាងដូចៗគ្នា​ថា ពួកគេ​ត្រូវតែ​ប្រឹង​តវ៉ា​បញ្ឈប់​មហិច្ឆតា​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន ដ្បិតថា វា​ជា​វិធី​តែមួយគត់​ដែល​អាច​ការពារ​សន្តិភាព​ជប៉ុន​ដែលមាន​រាប់​ឆ្នាំ​មកហើយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ 
 
ច្បាប់​សន្តិសុខ​ថ្មី​និង​គោលនយោបាយ​ការពារជាតិ​របស់លោក អា​បេ មាន​គោលដៅ​ធ្វើយ៉ាងណា​បញ្ចប់​ការកម្រិត​សិទ្ធិ​ជប៉ុន​ដែលមាន​ត្រឹម​កងកម្លាំង​ស្វ័យការពារ ដោយ​អាច​បញ្ជូន​ទ័ព​ទៅ​ច្បាំង​ក្រៅប្រទេស​បាន ការពារ​សម្ព័ន្ធមិត្ត និង​ចូលរួម​សកម្មភាព​ថែរក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ផង។  មេដឹកនាំ​ជប៉ុន​លោក អា​បេ នៅតែ​ថ្លែង​ទទូច​ពន្យល់​ប្រជាជន​ជប៉ុន​ម្តង​ហើយ​ម្តងទៀត​ពី​បញ្ហា​សន្តិសុខ​ដែល​ជប៉ុន​នឹង​ប្រឈម​នាពេល​បច្ចុប្បន្ន​មាន​ទាំង​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម សកម្មភាព​គ​ឃើ្ល​ន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការ​រះ​ត្រដែត​ឡើង​នៃ​អំណាច​យោធា​របស់​ចិន​នាពេល​បច្ចុប្បន្ន​ផង។ ប៉ុន្តែ​ប្រជាជន​ជប៉ុន​ប្រហែល៧០ភាគរយ​មិនបាន​យល់ឃើញ​ដូច​លោក អា​បេ ពន្យល់​ឡើយ ព្រោះ​ពួកគេ​មើលឃើញថា​ជប៉ុន​ស្ថិតក្នុង​ស្ថានភាព​សន្តិភាព​រាប់​ទសវត្ស​មកហើយ ចុះ​ហេតុអ្វី​ចាំបាច់​ត្រូវ​ចំណាយលុយ​លើ​វិស័យ​យោធា ឬ​ត្រូវ​ទៅ​ពាក់ព័ន្ធ​ជាមួយ​ជម្លោះ​ខាងក្រៅ​ធ្វើ​អ្វី​ទៀត។ លោក អា​បេ មិនមែន​ចង់បាន​វិស័យ​យោធា​ខ្លាំង​ព្រោះ​តែមាន​ជម្លោះ​ជាមួយ​ចិន​ប៉ុណ្ណោះ​ទេ ជម្លោះ​កោះ​គូ​រី​ល​ជាមួយ​រុស្ស៊ី​ក៏​ជា​រឿងចម្រូងចម្រាស​ខ្លាំង​ដែរ។
 
ជុំវិញ​មហិច្ឆតា​កសាង​អំណាច​យោធា​ជប៉ុន​ឡើងវិញ​នេះ គេ​ឃើញតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដែល​សម្តែង​ការស្វាគមន៍​និង​គាំទ្រ​ពេញទំហឹង។ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រីករាយ​និង​គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល​លោក អា​បេ ដោយសារតែ​មហាអំណាច​លោកខាងលិច​មួយ​នេះ កំពុង​ព្យាមរ​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​ដើម្បី​ពង្រឹង​ឥទ្ធិពល​ខ្លួន​ឡើងវិញ​ប្រជែង​មហា​យក្ស​ចិន ហើយ​ម្យ៉ាង​បើ​ជប៉ុន​មាន​វិស័យ​យោធា​ខ្លាំង​ក៏​វា​ក៏​ជួយ​ការពារ​ទ័ព​អាមេរិក​បានដែរ​ករណី​មានការ​ប្រទូស្ត​រ៉ា​យ​ដោយ​អាវុធ​កើតឡើង​នាពេល​ណាមួយ។
 
ប៉ុន្តែ កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក រួមជាមួយ​ចិន​បន្ត​បង្ហាញ​ក្តីបារម្ភ និង ការខឹង​សម្បារ​លោក​អា​បេ​ជាខ្លាំង​ដែល​យក​អំណាច​យោធា​ជាធំ។ តាមពិតទៅ​កូរ៉េខាងត្បូង និង​ជប៉ុន រឹតតែ​ខឹង​ជប៉ុន​ខ្លាំង​ទៀត​នៅពេល​លោក អា​បេ មិន​ព្រម​សុំ​អភ័យទោស​ជា​សាធារណ​ចំពោះ​ទង្វើ​កងទ័ព​ជប៉ុន​សម័យ​សង្គ្រាមលោក​លើក​ទី២ដែល​ធ្វើ​លើ​ប្រជាជន​ចិន​និង​កូរ៉េ។ ហើយ​លោក អា​បេ ក៏​បដិសេធ​ចូលរួម​ក្នុង​ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី២នៅ​ប្រទេស​ចិន​នៅ​ដើមខែ​ក​ញ្ញ​ផងដែរ។  
 
រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដូចជា​ត្រៀមលក្ខណៈ​ដើម្បី​ផ្លាស់ប្តូរ​គោលនយោបាយ​ការពារជាតិ​និង​ត្រៀម​ចូលរួម​ក្នុង​សកម្មភាព​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​រួចទៅហើយ​ដែរ។ កាលពីថ្មីៗនេះដែរ លោក អា​បេ និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​អះអាង ជប៉ុន​នឹង​ដើរតួនាទី​ក្នុងការ​លើកកម្ពស់​និង​ថែរក្សា​សន្តិភាព​សកល ហើយនឹង​ការពារ​សម្ព័ន្ធមិត្ត រួមជាមួយ​សកម្មភាព​ល្បាតផ្លូវ​អាកាស និង​ល្បាត​តាម​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​បើ ច្បាប់​សន្តិសុខ​ថ្មី​ត្រូវអនុម័ត​ជោគជ័យ កងទ័ពជើងទឹក​ជប៉ុន​នឹង​សហការ​ជាមួយ​ទ័ពជើងទឹកអាមេរិកដែល​​ទទួលខុសត្រូវ​តំបន់​ប៉ាស៊ីហ្វិក​ដើម្បី​ល្បាត​រួមគ្នា និង​ការពារ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន។ ប៉ុន្មាន​ថ្ងៃមុន ជប៉ុន​ទើប​បញ្ចេញ​គម្រូ​នាវាចម្បាំង​សម្រាប់​ដឹក​ឧទ្ធម្ភាគចក្រ​ថ្មី​ដែល​ចម្លង​យកឈ្មោះ​តាម​នាវាចម្បាំង​សម័យ​សង្គ្រាមលោក។ នាវា​នោះ​ជានា​វា​ដែល​ធ្លាប់​ចូលរួម​កម្ទេច​មូលដ្ឋាន​យោធា​អាមេរិក​នៅ Pearl Harbor  ឆ្នាំ ១៩៤២ និង​ធ្លាប់​ចូលរួម​ក្នុង​សកម្មភាព​យោធា​ប្រឆាំង​ចិន​ផងដែរ។ ចិន​ឯណោះ​វិញ​ក៏​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ចោទ ជប៉ុន​ថា​កំពុង​ព្យាយាម​មើលងាយ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រជាជន​ចិនដែរ។  ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ សកម្មភាព​របស់​ជប៉ុន​បន្តបន្ទាប់​គ្នា​បង្កការក្តៅក្រហាយ​ដល់​គេឯង​នេះ អាច​បញ្ជាក់ថា មហិច្ឆតា​សាង​អំណាច​យោធា​អាច​នឹង​គំរាមកំហែង​សន្តិភាព​ពិភពលោក៕
  

Tag:
 អា​មេ​រិ​
  ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com