ជាតិ
ប៉ូលិស​នៅតែ​មិនទាន់​ចាប់​ថៅកែ​ឃី​ក្លឹប​បាន ខណៈ​ជនរងគ្រោះ​ប្តឹង​ទារ​សំណង
10, Sep 2015 , 3:18 pm        
រូបភាព
 
រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ខណ្ឌមានជ័យ នៅតែ​មិនទាន់​រកឃើញ​ម្ចាស់​ឃី​ក្លឹប​នោះឡើយ។ ម្ចាស់​ក្លឹប​រូបនេះ បាន​រត់គេចខ្លួន ក្រោយពី​ក្លឹប​របស់ខ្លួន​ឆាបឆេះ និង​បណ្តាល​ឲ្យ​ស្ត្រី​ជា​បុគ្គលិក៥នាក់​ស្លាប់បាត់​បង់ជីវិត។


 
លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា សមត្ថកិច្ច បាន​សហការ​ជាមួយ​កងកម្លាំង​រាជ​អា​ហុធ​ហត្ថ ដើម្បី​តាម​ចាប់ ម្ចាស់​ឃី​ក្លឹប ដែល​រត់គេចខ្លួន ក្រោយពី​ក្លឹប​ឆាបឆេះ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ កម្លាំង​សមត្ថកិច្ច​មិនទាន់​ទទួលបាន​ព័ត៌មាន​ណាមួយ ទាក់ទង​នឹង​ការលាក់ខ្លួន​របស់​ម្ចាស់​ក្លឹប​នេះ​នោះទេ។
 
លោក​អធិការ​រូបនេះ​បញ្ជាក់​យ៉ាងនេះ​ថា៖ «យើង​មិនទាន់​រកឃើញ​សញ្ញាណ​បន្តិច​នោះទេ ទាក់ទង​នឹង​ការ​គេចខ្លួន​របស់​ម្ចាស់​ក្លឹប តែ​ពេលនេះ​ខាង​សមត្ថកិច្ច​កំពុងតែ​ខិតខំ​បន្ត​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ម្ចាស់​ក្លឹប​នេះ ដើម្បី​យកមក​ដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​សព​ទាំង៥នាក់»។
 
ទាក់ទង​នឹង​បញ្ហា​នេះ ក្រុមគ្រួសារ​សព​ទាំង៥នាក់ បានដាក់​ពាក្យបណ្តឹង​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចាក់អង្រែ​ក្រោម និង​ត្រៀម​បញ្ជូន​ទៅកាន់​ព្រះ​រា​ជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សំណង។
 
សូម​រំឭកថា កាលពី​យប់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ អគ្គីភ័យ​បាន​ឆាបឆេះ ក្លឹប​កម្សាន្ត​មួយកន្លែង មាន​យីហោ​ឈ្មោះថា ឃី​ក្លឹប ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ។ ហេតុការណ៍​អកុសល​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​ជា​បុគ្គលិក៥នាក់ ស្លាប់បាត់​បង់ជីវិត និង​ស្រី២នាក់​ទៀត​របួសធ្ងន់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com