ជាតិ
អគ្គ​ស្នងការរង​នគរបាលជាតិបញ្ជា​ស្វែងរក​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជេរប្រមាថ​នគរបាល
25, Sep 2015 , 9:40 am        
រូបភាព
រូបថតពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបថតពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ៖ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ទទួល​ទិស​ភូមិភាគ ៤-៥ លោក ខេង សុមេធ បានចេញ​បទបញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបងលោក ស ថេត សហការ​ជាមួយ​ព្រះរាជអាជ្ញា​ត្រូវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ស្ត្រី​ទំនើង​ម្នាក់ បើករថយន្ត​ស្រវឹងស្រា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថែម​ជេរប្រមាថ​នគរបាល​អ​នុ​វត្ត​ច្បាប់ ​ទោះបី​ស្ត្រី​រូបនោះ រត់គេចខ្លួន​ចូលទៅ​ប្រទេស​ថៃ​ក៏ដោយ ក៏​មិនអាច​គិច​ផុតពី​សំណាញ់​ច្បាប់​ឡើយ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។



លោក ខេង សុមេធ ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រកាស​​​​តែង​​​តាំង​​​​មុខ​​​​​​​​​តំណែង​​ និងផ្ទេរ​​​ភារកិច្ច​នគរបាលខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ។​​

កាលពី​យប់​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ សូ ដា​ម៉ុ​ន អាយុ ៤១ឆ្នាំ ប្រកបមុខរបរ​ បើក​សំអាងការ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បើក រថយន្ត​ទំនើប​ម៉ាក Audi ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG 7576 ក្នុងស្ថានភាព​ស្រវឹង បាន​បង្ក​គ្រោះថ្នាក់​ទៅលើ​ស្ត្រី​ម្នាក់​​ជិះ​កង់​បណ្តាលឱ្យ​រងរបួសធ្ងន់ធ្ងរ នៅលើ​ផ្លូវជាតិ​លេខ​៥៩b ស្ថិតនៅ​ចំណុច​ត្រាវ​ជូ ក្នុងភូមិ​អូរ​ចំណិត ឃុំតា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។ នៅពេល​កើតហេតុ គេ​ឃើញ​នគរបាល​ម្នាក់បាន​ទៅ​សួរនាំ ហើយក៏​ត្រូវបាន​ស្ត្រី​ឈ្មោះ សូ ដា​ម៉ុ​ន ជេរប្រមាថ​មកលើ​នគរបាល​កំពុងតែ​បំពេញភារកិច្ចនោះ យ៉ាង​ចាស់ដៃ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល។ តាម​ប្រភព​ដដែល ស្ត្រី​ឈ្មោះ សូ ដា​ម៉ុ​ន បានគេច​ខ្លួនទៅប្រទេសថៃ ក្រោមហេតុផលទៅ​ព្យាបាល​មុខរបួស​នៅ​ប្រទេស​ថៃ។

បើតាម​ការផ្សាយ នៅ​ថ្ងៃទី២៤ ម្សិលមិញ​នេះ នគរបាល​ខេត្តបាត់ដំបង​បានធ្វើ​ដំណើរ​ទៅ​ទំនាក់ទំនង​​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃហើយ ដើម្បី​ជួយ​សហការ​តាម​ចាប់​ឃាត់ខ្លួន ស្ត្រី​ឈ្មោះ សូ​ដា​ម៉ុ​ន។ ស្ត្រី​ខាងលើ​អាច​ប្រឈម​នឹង​ការចោទប្រកាន់ ២ករណី គឺ ការបើក​បរមាន​ផ្ទុក​ជាតិ​អាលកុល​លើស​កំរិត ពិន័យ​ជា​ទឹកប្រាក់​ពី ៨០ម៉ឺន​រៀល​ទៅ ៤លាន​រៀល​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី១ ខែ​ទៅ៦ខែ តាម​មាត្រា ៧៧នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការជេរប្រមាថ​ទៅលើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ប្រឈម​តាមច្បាប់​ព្រហ្មទណ្ឌ៕


Tag:
 សន្តិសុខ
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com