ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឈឹម ផល​វរុណ ថា បើ ១ សប្តាហ៍​ទៀត​មានការ​បោះឆ្នោត CNRP នឹង​បានតែ ២០ កៅអី
29, Sep 2015 , 3:02 pm        
រូបភាព
ដោយ:
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ មានជំនឿថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ហើយ​លោក​បង្អាប់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក។ លោក ឈឹម ផលវរុណ​ និយាយថា បើ​មួយ​សប្តាហ៍​ទៀត​មានការ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាន​សំឡេងគាំទ្រ​តែ ២០ អាសនៈ។ តែអ្នកវិភាគ​នយោបាយ យល់ថា បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រជាប្រិយភាព​ប្រហាក់ប្រហែល​នឹង​ពេល​បោះឆ្នោត​ឆ្នាំ ២០១៣ កន្លងទៅ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ហាក់​មិន​កើន​អ្នកគាំទ្រ​នោះដែរ។



លោក ឈឹម ផល​វរុណ ដែលជា​អ្នកវិភាគ​នយោបាយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្តុះបង្អាប់​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សរសើរ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ខ្លួន​ថា កំពុង​កើន​ប្រជាប្រិយភាព។ លោក ហ៊ាន​និយាយថា «ប្រសិនបើ​រយៈពេល ១ សប្តាហ៍​ទៀត មានការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្លាក់​កៅអី​មក​សល់​តែ ២០ កៅអី​ប៉ុណ្ណោះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​កៅអី​បន្ថែមទៀត​ប្រមាណ ១៥ និង​ជាង ២០ កៅអី​ទៀត នឹង​បាន​ទៅ​គណបក្សតូចៗធ្លាប់​គាំទ្រ​គណបក្សប្រឆាំង» ។ លោក ឈឹម ផល​វរុណ មាន​ជំនឿ​យ៉ាងខ្លាំង​ថា ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ម្តងទៀត។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក ឈឹម ផល​វរុណ និយាយថា បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើង ដោយសារតែ​ប្រទេស​កម្ពុជា​ក្រោម​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សេដ្ឋកិច្ច​រីកចម្រើន និង​ឆន្ទៈ​ពិតប្រាកដ​របស់​មេដឹកនាំ​គណបក្ស​នេះ ដោះស្រាយ​បញ្ហា​របស់​ជាតិ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានបញ្ជាក់​ពី​មូលហេតុ​ដែល​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​សម្តី​ភូតកុហក​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។លោក ឈឹម ផល​វរុណ បញ្ជាក់​យ៉ាងនេះ​ថា៖ « ពាក្យ​កុហក​ទាំងនោះ យើង​ដឹង​គ្រប់គ្នា​ហើយ​ថា ក្រោយ​បោះឆ្នោត​មេដឹកនាំ​គណបក្ស​នេះ ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ បោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ និង​ប្រកាស​អត់​ចូល​សភា។ តែ​ខ្លួន​ទាមទារ​មិនបាន និង​មិន​គោរព​សម្តី​ខ្លួនឯង។ ហើយ​ពេល​បាន​ចូល​សភា ឃ្លាន​អំណាច»។

ទាក់ទង​នឹង​ការលើកឡើង​របស់ លោក ឈឹម ផល​វរុណ លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ យល់ថា ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​មិនទាន់​កើនឡើង​ជាង​ឆ្នាំ ២០១៣ កន្លង​នោះ​ទៅនោះ​ទេ។ « គ្រាន់តែ​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន ប្តូរ​ឥរិយាបថ​បន្តិច​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មិន​ដូច​កាលដែល​ខ្លួន​បាន ៩០ អាសនៈ ជិះសេះ​លែងដៃ»។ អ្នកវិភាគ​រូបនេះ និយាយ​ដូច្នេះ ពីព្រោះ​តែ​លោក​ឃើញ លោក ហ៊ុន សែន ព្យាយាម ខ្នះខ្នែង​ពន្យល់ និង​ទាក់ទាញ​ចិត្ត​ប្រជា​ពល​ដ្ឋ​ឲ្យ​យល់​អំពី​សកម្ម​ភាពល្អ​នៃ​ការដឹកនាំ​របស់ខ្លួន ក្រោយពី​បាត់​សំឡេងគាំទ្រ​ច្រើន​កាលពី​ឆ្នាំ ២០១៣ ។ តែ​យ៉ាងណា​លោក អ៊ូ វីរៈ អះអាងថា ការ​ខំ​យកចិត្ត​ប្រជាពលរដ្ឋ​របស់លោក ហ៊ុន សែន មិនអាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជនកម្ពុជា កើន​អ្នកគាំទ្រ​ឡើយ។ លោក បញ្ជាក់​យ៉ាងនេះ​ថា៖« ការប្តូរ​ឥរិយាបថ​របស់លោក ហ៊ុន សែន បានត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​បន្ថយ​កំហឹង​ខ្លះ​តែប៉ុណ្ណោះ»។

ពាក់​ព័ន្ធ​នឹង​​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ វីរៈ វិភាគ​ឃើញថា គណបក្ស​នេះ មិន​បាត់​សំឡេងគាំទ្រ​ប៉ុន្មាន​នោះទេ។ តែ​គ្រាន់តែ​ប្រជាប្រិយ​ភាពមិន​ដូច​ឆ្នាំ ២០១៣ ដោយសារ​លោក សម រង្ស៊ី ទើប​មកពី​ក្រៅប្រទេស និង​ការរួបរួម​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅពេលនោះ ។ ទន្ទឹមនឹង​និយាយ​ដូច្នេះ លោក អ៊ូ វីរៈ ក៏​រិះគន់​ពី​គោលនយោបាយ​មិន​ច្បាស់លាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ថា៖ «ខ្ញុំ​គិតថា គណបក្សប្រឆាំង​អាច​ធ្លាក់​ប្រជាប្រិយភាព​ដោយសារ​មិន​ច្បាស់លាស់ ម្តង​ឲ្យ​រិះគន់​រឿង​ព្រំដែន ម្តង​មិន​ឲ្យ​រិះគន់។ ខ្ញុំ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កែទម្រង់​ផ្ទៃក្នុង​បក្ស និង​ដាក់​គោលនយោបាយ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​កើន​សំឡេង​អ្នកគាំទ្រ»។

ងាក​មក​លោក ឈឹម ផល​វរុណ ម្តងទៀត លោក​បាន​បន្ត​លើកឡើង​អំពី​មូល​ហេតុដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ធ្លាក់ចុះ​អ្នកគាំទ្រ​ថា ការបង្កើត​គណបក្សតូចៗថ្មី  មាន​គណបក្ស​លោក ម៉ម សូណង់ដូ គណបក្ស លោក សួន សេរី​រដ្ឋា និង​គណបក្ស​មូលដ្ឋាន ជាដើម ដែលជា​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ក៏​ជា​ហេតុផល​ឲ្យ​គណបក្ស​ដែលមាន​សំឡេង​នៅក្នុង​សភា ៥៥ កៅអី​បច្ចុប្បន្ន​មួយ​នេះ ធ្លាក់ចុះ​អ្នកគាំទ្រ។ ការលើកឡើង​របស់លោក ឈឹម ផល​វរុណ ផ្ទុយ​ពី​ការយល់ឃើញ​របស់លោក អ៊ូ វីរៈ។ អ្នកវិភាគ​រូបនេះ ចាត់ទុក​ការបង្កើត​បក្សថ្មីៗនាពេល​បច្ចុប្បន្ន មិនអាច​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះទេ។ «ព្រោះ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន ពួកគាត់​មើលឃើញ​តែ​គណបក្ស​ពីរ​តែប៉ុណ្ណោះ»។ នេះ​ជា​ទឡ្ហីករណ៍​បន្ថែម​រប​ស់លោក អ៊ូ វីរៈ៕
 

Tag:
 CNRP
 CPP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com