ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កៅ គឹមហួន៖ មាន​បាតុករ​តែ​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ប្រឆាំង​នាយករដ្ឋមន្ត្រី​នៅ UN
29, Sep 2015 , 11:08 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលមក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត AKP
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលមក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត AKP
លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ឡើយ​មហា​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ នេះ​បើតាម​សម្តី​ដែល​ដកស្រង់​ដោយ​ភ្នា​ក់​ងារព័ត៌មាន​ជាតិ AKP បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​រសៀល​ថ្ងៃទី២៩ ខែកញ្ញា។



ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក កៅ គឹមហួន បាន​គូសបញ្ជាក់ថា មាន​មនុស្ស​តែ​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បានធ្វើ​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រជុំ​ជាមួយ​បាតុករ​ថៃ និង​ចិន ជាដើម។

យោងតាម AKP រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​រូបនេះ បាន​បន្តទៀតថា អំឡុងពេល​នៃ​ការចូលរួម​ប្រជុំ​នៅ​អង្គ​សហប្រជាជាតិ លោក ហ៊ុន សែន ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ចំនួន​ប្រមាណ​ជាង ២០០នាក់ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា បារាំង​និង​សហព័ន្ធ​អាល្លឺម៉ង់។

នា​អំឡុងពេល​នៃ​កា​ប្រជុំ​មហាសន្និបាត នៃ​អង្គការសហប្រជាជាតិ បណ្តាញ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​ថា  ក្រុមបាតុករ​ខ្មែរ​អាមេរិកាំង រាប់រយ​នាក់​មកពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា បានធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងពេលដែល​លោក​បានមក​ថ្លែងការណ៍​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ​ក្រោយពី ឆ្នាំ២០១៥ ជាមួយនឹង​ក្រុម​មេដឹកនាំ​ពិភពលោក ដែល​ចាប់ផ្តើម​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​សៅរ៍​ទី២៦ ខែកញ្ញា ឆ្នាំ២០១៥  ។

បាតុករ​ទាំងនោះ ទាមទារ​ឲ្យ​មានការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដោយសារ​ការរំលោភ ដីធ្លី និង​ការបញ្ចេញមតិ។ លើសពីនេះទៅទៀត ពួកគេ​ក៏​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពី​តំណែង​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com