ជាតិ
នយោបាយជាតិ
បោះឆ្នោតឆ្នាំ ២០១៨ បេក្ខភាពនាយករដ្ឋមន្ត្រីបក្សខ្លះមានអាយុជិត ៨០ ឆ្នាំ
× នៅឆ្នាំ ២០១៨ ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ។ នីតិកាលទី ៦ ខាងមុខនេះ ប្រធានគណបក្សនយោបាយ ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីខ្លះមានអាយុជិត ៨០ ឆ្នាំ។ ខាងក្រោមនេះ ជាលំដាប់អាយុរបស់ប្រធានបក្សនយោបាយសំខាន់ៗពីច្រើនទៅតិច៖
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កើតនៅឆ្នាំ ១៩៤២ នៅខេត្តកំពង់ចាម។ ត្រឹមឆ្នាំ ២០១៥ នេះ លោកម៉ម សូណង់ដូ ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់បក្សខ្លួន មានអាយុ ៧៣ ឆ្នាំ ហើយនៅក្នុងការបោះឆ្នោតសកលនាឆ្នាំ ២០១៨ ខាងមុខ លោកនឹងមានអាយុដល់ទៅ ៧៦ ឆ្នាំ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសូត្រនៅឆ្នាំ ១៩៤៤ នៅរាជធានីភ្នំពេញ។ ត្រឹមឆ្នាំ២០១៥ នេះ ព្រះអង្គមានព្រះជន្ម៧១ឆ្នាំ ហើយនៅឆ្នាំ២០១៨ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ទ្រង់នឹងមានព្រះជន្ម ៧៤ ឆ្នាំ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កើតនៅឆ្នាំ ១៩៤៩ នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ ហើយនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ លោកនឹងមានអាយុ ៦៩ ឆ្នាំ។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផងនោះ កើតនៅឆ្នាំ ១៩៥២ នៅក្នុងខេត្តកំពង់ចាម។ ត្រឹមឆ្នាំ ២០១៥ នេះ លោកនាយករដ្ឋមន្ត្រី មានអាយុ ៦៣ ឆ្នាំ ហើយនៅឆ្នាំ ២០១៨ ខាងមុខ លោកនឹងមានអាយុ ៦៦ ឆ្នាំ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កើតនៅឆ្នាំ ១៩៦១ នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នលោកមានអាយុ ៥៤ ឆ្នាំ។ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ លោកមានអាយុ ៥៧ ឆ្នាំ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កើតនៅឆ្នាំ ១៩៦៦ នៅខេត្តព្រៃវែង។ គិតត្រឹមឆ្នាំ ២០១៥ លោកមានអាយុ ៤៩ ឆ្នាំ ហើយនៅឆ្នាំ ២០១៨ លោកនឹងមានអាយុ ៥២ ឆ្នាំ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ កើតនៅខេត្តបាត់ដំបង ឆ្នាំ ១៩៧៣ ។ បច្ចុប្បន្នលោកមានអាយុ ៤២ ឆ្នាំ។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ លោកមានអាយុ ៤៥ ឆ្នាំ។
Tag:
បក្សនយោបាយ
លោក សម រង្ស៊ី
លោក ហ៊ុន សែន
លោក ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com