បទវិភាគ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
«សក់​អាណា ក្បាល​អាហ្នឹង»ជា​ពាក្យស្លោក​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិខ្មែរ
03, Oct 2015 , 3:20 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងសង្គម​ខ្មែរ មាន​ពាក្យស្លោក​មួយចំនួន​ដែល​បាន​បង្រៀន​កូន​ខ្មែរ​ឲ្យ​មានគំនិត អាត្មានិយម មិនចេះ​ជួយ​គ្នា និង​គ្មាន​ឧ​ត្ត​ម​គតិ​ជាតិ។ ពាក្យស្លោក​ទាំងនោះ ត្រូវបាន​បង្កើត ដោយ​អ្នកនយោបាយ​ខ្លះ និង​ទទួល​ឥទ្ធិពល​ពី​បរទេស​ខ្លះ។ ហើយ​ពាក្យស្លោក​ទាំងនោះ តែង​បាន​បំផ្លាញ​ឬ​សគល់​សង្គម​ខ្មែរ ឲ្យ​បាត់បង់​បន្តិចម្តងៗ រហូតដល់​ការផ្តួលរំលំ​គ្រឹះ​នៃ​ភាព សាមគ្គី ក្នុង​សន្តាន​ចិត្ត​ពលរដ្ឋ​ខ្មែរ។


 
ពាក្យស្លោក​ជា​ឃ្លា​ដែល​តែង​បង្រៀន​មនុស្ស​ឲ្យ​ដុះ​នូវ​ផ្នត់គំនិត​អ្វីមួយ ទៅតាម​អត្ថន័យ​របស់​ពាក្យស្លោក។ បុរាណ​ខ្មែរ តែងតែ​បង្កើត​ពាក្យស្លោក​នានា ដើម្បី​បង្រៀន​កូនចៅ​ជំនាន់ ក្រោយ។ ក្នុង​ពាក្យស្លោក​ទាំងនោះ មាន​ឃ្លា​ខ្លះ​ល្អ​មិនអាច​កាត់ថ្លៃ​បាន ពោលគឺ​មាន​គតិ​អប់រំល្អៗ ជាច្រើន​ដែល​ធ្វើ​ឲ្យ​សង្គម​រីកចម្រើន។ ប៉ុន្តែ​មាន​ពាក្យស្លោក​មួយចំនួនទៀត​ដែល​ធ្វើ​ឲ្យ​សង្គម​មាន​គ្រោះថ្នាក់​ដែល​ត្រូវតែ​បោះបង់ចោល។ 
 
ពាក្យស្លោក​មួយ​ឃ្លា​ថា«សក់​អាណា ក្បាល​អាហ្នឹង» ពាក្យ​នេះ ត្រូវ​របប​ខ្មែរក្រហម​យក​បណ្តុះ​កម្មាភិបាល​ថ្នាក់ក្រោម និង​ប្រជាជន​មូលដ្ឋាន​ឲ្យ​អនុវត្តន៍ ដើម្បី​ដាក់ទោស​ដល់​ប្រជាជន​ដែល​ជម្លៀស​ពី​ភ្នំពេញ។ ដោយសារតែ​ពាក្យស្លោក​មួយ​ឃ្លា​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ជិត​បី​លាន​នាក់ ដោយសារ ការកម្ទេច​របស់​ខ្មែរក្រហម ក្រោមលេស ថា​ជា​CIAKGBក្បត់​បដិវត្ត និង​ជា​ពួក​ខ្មាំង​ដើម។ ពាក្យស្លោក​នេះ បាន​បង្អាក់​ស្មារតី​មនុស្ស​ខ្មែរ មិន​ឲ្យ​ចេះ​ជួយ​គ្នា។ ឃ្លា​នេះ បានធ្វើ​ឲ្យ​ខ្មែរក្រហម​ជោគជ័យ​ក្នុងការ​សម្លាប់​ពលរដ្ឋ​ខ្មែរ។ ពាក្យស្លោក​នេះ ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវបាន​ខ្មែរក្រហម​យក​អំបោះ​ចងដៃ​ដឹក​យកទៅ​វាយ​ក្នុង​រណ្តៅ​ដោយ​មិន​ហ៊ាន​តដៃ។  ពាក្យ​នេះ​ត្រូវ​ស្ងប់ស្ងាត់​មួយរយៈ បន្ទាប់ពី​មាន​កម្ពុ​ជាមាន​សន្តិភាព។ ប៉ុន្តែ​ពាក្យស្លោក​នេះ​នៅតែ​សម្ងំ​ក្នុង​សន្តាន​ចិត្ត​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ ដែល​ធ្វើ​ឲ្យ​សី​ធម៌ គុណធម៌ និង​ឧ​ត្ត​ម​គតិ​សង្គម​ធ្លាក់ចុះ។ ការប្រើប្រាស់ ពាក្យស្លោក​នេះ បានធ្វើ​ឲ្យ​មនុស្ស​ខ្មែរ ប្រកាន់​ភ្ជាប់​គំនិត​អគតិ អាត្មានិយម លែង​ចេះ​ជួយ​គ្នា និង ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បែកបាក់​សាមគ្គី​យ៉ាងធ្ងន់ធ្ងរ​ដែល​ពិបាក​នឹង​ស្រោចស្រង់។ ពេល​មាន​បញ្ហា​កើតឡើង ដូចជា ភ្លើង​ឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​គ្រោះថ្នាក់​ដោយ​ប្រការផ្សេងៗ មនុស្ស​បាន​បោះបង់​គំនិត​ជួយ​គ្នា​ចោល ហើយ​ស្រ​វ៉ា យកពាក្យ​ស្លាក «សក់​អាណា ក្បាល​អាហ្នឹង ឬ​ចង្កៀង​ផ្ទះ​អ្នកណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង»។ 
 
ដូច្នេះ​ពាក្យស្លោក​ដ៏​គ្រោះថ្នាក់​នេះ ល្មម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដក​ចេញពី​ផ្នត់គំនិត និង​មិនត្រូវ​ឲ្យ​មាននៅ​ក្នុង​គំនិត​ប្រជាជន​ខ្មែរ​ទៀត​នោះទេ ព្រោះ​ពាក្យស្លោក​នេះ បានធ្វើ​ឲ្យ​សង្គម​មិនមាន​ការរីកចម្រើន​នោះទេ តែ​ផ្ទុយទៅវិញ ពាក្យ​នេះ បានធ្វើ​ឲ្យ​មនុស្ស ឈប់​ចេះ​ជួយ​គ្នា និង​បែកបាក់​សាមគ្គីភាព​គ្រប់​ស្រទាប់វណ្ណៈ​នៅក្នុង​សង្គម​ខ្មែរ។ ហើយ បើ​សង្គម​មួយ​បាត់​បង់គំនិត​ជួយ​គ្នា គំនិត​អធ្យាស្រ័យ និង​គំនិត​សាមគ្គី តើ​សង្គម​អភិវឌ្ឍន៍​ទៅមុខ​បាន​យ៉ាងដូច​ម្តេចទៅ? 

© រក្សាសិទ្ធិដោយ thmeythmey.com