ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឈប់​ធ្វើ​រដ្ឋមន្ត្រី​ព័ត៌មាន​អាណត្តិ​ក្រោយ ជា​ជំហរ​ច្បាស់លាស់​របស់លោក ខៀវ កាញារីទ្ធ
07, Oct 2015 , 11:43 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានប្រកាស​បើកចំហរ​ជា​លើក​ទី ២ ពី ការចូលនិវត្តន៍​ឈប់​ពី​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​អាណត្តិ​ទី ៦ ឆ្នាំ ២០១៨ខាងមុខ។ នេះ​បើតាម​ការសរសេរ​រប​ស់លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន​ជាតិ​កម្ពុជា (ទ​ទក) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក។

 
នៅក្នុង​សប្តាហ៍​នេះ លោក ខៀវ កាញារីទ្ធ បានប្រកាស​ជំហរ​រហូតដល់​ទៅ​ពីរលើក​ថា លោក​មិន​ទទួល​ភារកិច្ច​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ទៀតឡើយ សម្រាប់​អាណត្តិ​ទី៦ ចាប់ពី​ឆ្នាំ២០១៨ ។ អគ្គនាយក​ទូរទស្សន៍​ជាតិកម្ពុជា លោក កឹម គុណ​វ​ឌ្ឍ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «ឯ.ឧ ខៀវ កាញារីទ្ធ មានប្រសាសន៍​ចំហរ​ជា​លើក​ទី២ ពី​ការចូលនិវត្តន៍​ឈប់​ពី​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ អាណត្តិ​ទី ៦ ឆ្នាំ២០១៨ខាងមុខ»។
 
លោក ខៀវ កាញារីទ្ធ ដែលជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បែបនេះ នា​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ថ្មី គឺ​លោក លីវ សុខុន ឡើង​ជំនួស លោក កែវ​ពេជ្រ​និមល ដែល​បាន​ចូលនិវត្តន៍។
 
គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នា​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រកាស​នឹងមិន​ទទួល​ភារកិច្ច​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ទៀត​ទេ ក្នុង​អាណត្តិ​ក្រោយ ដោយ​ទុក​ឱកាស​ឱ្យ​អ្នកជំនាន់ក្រោយ​ដឹកនាំ ហើយដោយ​សារ​លោក​បាន​កាន់តំណែង​នេះ​អស់​រយៈពេល​ជាង១០ឆ្នាំ​រួចមក។
 
ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិកា​ក្រសួង​ព័ត៌មាន​បាន​អះអាងថា លោក ខៀវ កាញារីទ្ធ តែងតែ​និយាយ​ជា​ញឹកញាប់​ពី​ការដកខ្លួន​ពី​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។
 
លោក ខៀវ កាញារីទ្ធ វ័យ៦៥ឆ្នាំ ដែលជា​អតីត​អ្នកសារព័ត៌មាន​បានកា​ន់​កាប់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចាប់តាំងពី​អាណ​ត្តិ​ទី ៣ នា​ឆ្នាំ២០០៣មក ក្រោយ​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ចាប់តាំងពី​ការបោះឆ្នោត​លើក​ទី១ នា​ឆ្នាំ១៩៩៣៕
 

Tag:
 ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com