ជាតិ
ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​គ្រោះ​ចរាចរណ៍​នៅ​បាវិត​ថា ក្រុមហ៊ុន​មិន​គោរព​សាលក្រម
26, Oct 2015 , 9:21 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ភាគី​ក្រុមគ្រួសារ​កម្មករ-កម្មការិនី​រងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត បាន​បដិសេធ​សំណង​រដ្ឋប្បវេណី​របស់​ក្រុមហ៊ុន​រថយន្ត​​ក្រុង​​​បង្ក​​គ្រោះថ្នាក់ចរាចរណ៍។ ​​ពួកគេ​អះអាងថា ក្រុមហ៊ុន ពុំបាន​គោរព​តាម​សាលក្រម​របស់​សាល​ដំបូង​ខេត្តស្វាយរៀង ដែល​បង្គាប់​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ផ្តល់​សំណង​រដ្ឋប្បវេណី​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់​ចំនួន ១៩នាក់ ទទួលបាន​ចំនួន ១២លាន​រៀល​ក្នុង​មួយ​នាក់ និង​អ្នករបួសធ្ងន់ ១២នាក់ ចំនួន ១០លាន​រៀល​ក្នុង​មួយ​នាក់ និង​អ្នក​របួសស្រាល​ចំនួន ៦នាក់ ទទួលបាន​សំណង​រដ្ឋប្បវេណី​ចំនួន ៩លាន​រៀល ក្នុង​មួយ​នាក់។

 
តំណាង​ភាគី​ក្រុមគ្រួសារ​ជន​គ្រោះ​ក្នុង​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង លោកស្រី ពេជ្រ តឿ​ក អាយុ ៥០ឆ្នាំ មិន​យល់ព្រម​ទទួល​សំណង​របស់​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ទេ។ លោកស្រី​និយាយថា ម្ចាស់​រថយន្ត​ផ្តល់​សំណង​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ដល់​គ្រួសារ​ភាគី​ជនរងគ្រោះ​ទាំង​ស្លាប់ និង​របួសធ្ងន់​ស្រាល​ទាំងអស់​ចំនួន ៣៧នាក់។
 
ស្រី្ត​ដែលមាន​កូនស្រី​ស្លាប់​ម្នាក់ ប្តី និង​កូនស្រី​របួសធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ រស់នៅ​ពឹង​នឹង​ប្រាក់ខែ​កូន​ប៉ុណ្ណោះ ឥឡូវ​កូន​ស្លាប់ និង​អ្នកខ្លះ​រងរបួស​គ្រោះថ្នាក់ អត់​បានធ្វើការ​ការងា​រ​ទៀត ដូចនេះ​ក្រុមគ្រួសារ​ទាំងអស់​ពុំ​អាច​ទទួលយក​សំណង​នេះ​បានទេ។ យើង​នឹង​ពឹង​មេធាវី​ប្តឹង ទៅ​ភ្នំពេញ​បន្តទៀត»។

បើតាមលោកស្រី ពេជ្រ តឿ​ក ភាគីក្រុម​​គ្រួសារជនរង​​គ្រោះបាត់បង់​​ជីវិត​ទាមទារសំណង​រដ្ឋប្បវេណី​​ចំនួន ២​ ​ម៉ឺន​​ដុល្លារ​​​​​​​​អាមេរិក​​​​ក្នុង​​​​មួយ​​​​​​នាក់ និង​អ្នក​​របួស​​​​​ធ្ងន់ស្រាល​​​​ចំនួន ១ ម៉ឺុនដុល្លារ​​​​អាមេរិក​​​ក្នុង​​​មួយ​​​នាក់។​​​​​​​
 
គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ៨ ខែតុលា ២០១៥ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តស្វាយរៀង លោក សុធី បូរ៉ា​ឆាត បានប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកបើកបរ​រថយន្ដក្រុង​ពី​ទីក្រុង​ហូជីមិញ​មក រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ជនជាតិ​វៀតណាម​ឈ្មោះ Le vanghing ជាប់ពន្ធនាគារ ៥ឆ្នាំ និង ពិន័យ​ថវិកា​ចំនួន ១២លាន​រៀល ទៅ​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ កម្មករ​កម្មការិនី​រោងចក្រ​ជាង ៣០នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ដ៏​សោក​សង្វេគ​រវាង​រថយន្ត​ក្រុង​របស់ ក្រុមហ៊ុន​ឯកជន​ជាមួយនឹង រថយន្ត​ទួល​រី​ស ១៥កៅអី​ដែល​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​នេះ បាន​កើតឡើង​ប្រហែលជា​ម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង។
 
ទាក់ទិន​នឹង​នីតិវិធី​របស់​តុលាការ មន្ត្រី​សម្របសម្រួល​អង្គការ​ការពា​រ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ ខេត្តស្វាយរៀង លោក នុត បូ​ព​ណ្ណា​រ័ត្ន បាន​ចាត់ទុកថា តុលាការ​បាន​អនុវត្តន៍​ត្រឹមត្រូវ តាម​នីតិវិធី ដោយសារ​តុលាការ​បង្គាប់​ឲ្យ​ជនបង្ក​នៅក្នុង​ពន្ធនាគារ ហើយ​តុលាការ​បាន​បង្គាប់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត ក្រុង​ចូលខ្លួន​មក​ដោះស្រាយ​សំណង​ដល់​ភាគី​រងគ្រោះ។
 
យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណីនេះ មិន​អត្ថាធិប្បាយ​នឹង​ការផ្តល់​សំណង របស់​ម្ចាស់​ក្រុមហ៊ុន និង​ការបដិសេធ​សំណង​របស់​ក្រុមគ្រួសារ​ភាគី​រងគ្រោះ​នោះទេ។
 
គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី១៩ ឧសភា លោក Le vanghing អាយុ ៤៣ ឆ្នាំ​បាន​បើកបរ​រថយន្ដក្រុង​ពី​ទីក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ​ នៅពេលមាន​គ្រោះថ្នាក់ ​បន្ទាប់ពី​លោក​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿងក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ។ ចំណោម​កម្មក​ទាំងអស់​ចំនួន ៣៨នាក់ យ៉ាងហោចណាស់​កម្មករ១៦នាក់​បាន​ស្លាប់ភ្លាមៗ និង​ជាង ២០នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ មួយ​ដែល​មិនដែល​ធ្លាប់មាន៕
 

Tag:
 គ្រោះ​ចរាចរណ៍​នៅ​បាវិត
© រក្សាសិទ្ធិដោយ thmeythmey.com