ជាតិ
រដូវប្រាំងឆ្នាំ២០១៦ កម្ពុជានឹងកើនកំដៅដល់៤១អង្សា
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៣ វិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងថា សីតុណ្ហភាពកម្ពុជា នៅខែប្រាំងឆ្នាំ២០១៦ នឹងកើនកំដៅ ដែលធ្វើឲ្យក្តៅហួតហែង ដោយសីតុណ្ហភាពកើនពី៤០ដល់៤១អង្សា។ ក្រសួងក៏អំពាវនាវដល់ស្ថាប័ន ក្រសួង អាជ្ញាធរដែនដី អ្នកពាក់ព័ន្ធនិងសាធារណជន ត្រូវចូលរួមរក្សាទឹកទុក ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងប្រើសម្រាប់វិស័យកសិកម្ម។
សេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ការប្រែប្រែអាកាសធាតុនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងសមុទ្រចិនខាងត្បូង បានធ្វើឲ្យជះឥទិ្ធពល ដល់ការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា។ សេចក្តីជូនដំណឹងបន្តថា ចាប់ពីខែធ្នូ ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៦ សីតុណ្ហភាពនៅកម្ពុជា នឹងមានការប្រែប្រួល ពិសេសនៅខែមេសា និងឧសភា ឆ្នាំ២០១៦ កម្ពុជានឹងកើនកំដៅ ក្តៅហួតហែង ដែលសីតុណ្ហភាពជាអតិបរមាកើនពី ៤០ ដល់៤១ អង្សា។ លើសពីនេះ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យរដូវវស្សាឆ្នាំ២០១៦ អាចនឹងមកដល់យឺត ហើយដើមរដូវវស្សានឹងមានភ្លៀងធ្លាក់តិច៕
© រក្សាសិទ្ធិដោយ thmeythmey.com