ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន បង្ហាញ​ភាពជិតស្និទ្ធ​តាមរយៈ​ការឆ្លើយតប Comment លើ​ហ្វេ​ស​ប៊ុ​ក​
27, Nov 2015 , 9:19 pm        
រូបភាព
ដោយ: រួបរួម
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញថា លោក​មាន​សកម្ម​ភាពខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Samdech Hun Sen, Cambodian Prime Minister)​។ លោក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ធ្វើការ​ផ្សាយ​ផ្ទាល់​ស្តីពី​សកម្មភាព ការជូនដំណឹង និង​កម្រង​អនុស្សាវរីយ៍​ផ្សេងៗ ហើយ​រយៈពេល​ចុងក្រោយ​នេះ លោក​ថែមទាំង​ចូល​សរសេរ​ឆ្លើយតប​សារ (Comment) ថែម​ទៀតផង​។

 
​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister ដែលមាន​អ្នក​ចុច Like ជាង​១​លាន​៣​សែន​នាក់​នោះ កំពុង​ក្លាយជា​ប្រភពព័ត៌មាន​ដ៏​សំខាន់​ទាក់ទង​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ពលរដ្ឋ ជាពិសេស​អ្នកសារព័ត៌មាន​មិន​ចាំ​រង់​ចាំមើល​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​មុន​ទៀត​នោះឡើយ​។​
 
​គេ​អាច​ដឹងបាន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ក្រុមការងារ​មួយ​ដើម្បី​ធ្វើ​ការងារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ពីព្រោះ​ពេលខ្លះ ខ្លឹមសារ​នៃ​សំណេរ សំដៅទៅ​បុរស​ទី​៣ «​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​» រីឯ​សំណេរ​របស់គាត់​ផ្ទាល់​ប្រើពាក្យ «​ខ្ញុំ​» ។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក​ក៏បាន​ឆ្លៀតពេល​ឆ្លើយតប Comment មួយចំនួន​ផងដែរ​។ ជាក់ស្តែង​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានសរសេរថា​៖ «​លោក​ពុក​ចូលសម្រាន្ត​ចុះ កូន​យល់​ហើយ ថែរ​សុខភាព​ពុក​»​។ ប៉ុន្មាន​នាទី​ក្រោយមក លោក​បាន​ឆ្លើយតប​វិញ​ថា​៖ «​សុំ​អរគុណ​កូន​»​។​
 
​ក្រៅពី​ការឆ្លើយតប​នឹង​ការសរសើរ​នានា លោក ហ៊ុន សែន ក៏បាន Comment លើ​ការរិះគន់​ផងដែរ​។ ទាក់ទង​នឹង​ការ​ដាច់​ភ្លើង​កាលពី​រាត្រី​ថ្ងៃទី​២៦ ខែវិច្ឆិកា អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយរូប​បាន​សរសេរ​បែប​ចំអក​ថា​៖ «​សំណាង​ហើយ​ពូ​ដែល​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ទៅវិញ​បាត់ កុំ​អី​ខ្មាស​ភ្ញៀវ​ស្លាប់​ហើយ​»​។ ជាការ​ឆ្លើយតប​លោក ហ៊ុន សែន បានសរសេរថា​៖ «​រុស្ស៊ី​ធ្លាប់​ផ្ទុះ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​បរិ​មា​ណូ​។​
​មេដឹកនាំ​រុស្ស៊ី​មិន​សើច​ទេ​ព្រោះ​គេ​ធ្លាប់​ជួប​រឿង​បែបនេះ​។​អាមេរិក​កាណាដា ជប៉ុន​ក៏​ធ្លាប់មាន​​រឿង​ធ្ងន់ធ្ងរ​លើស​នេះ​ច្រើន​» ៕
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com