ជាតិ
បទវិភាគ
«​រៀន​គួរ​» កំពុង​បំផ្លាញ​ក្តីសង្ឃឹម​កូនអ្នកក្រ និង​រារាំង​កំណែទម្រង់​វិស័យ​អប់រំ​!
29, Nov 2015 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រៅពី​ទទួលបាន​ប្រាក់បៀវត្សរ៍ គ្រូបង្រៀន​មួយចំនួនធំ ឆ្លៀត​រកប្រាក់​ចំណូល​ពី​ការបង្រៀន​ក្រៅ​ម៉ោង​។ ការបង្រៀន​ក្រៅ​ម៉ោង បាន​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់ ការអប់រំ​នៅ​កម្ពុជា ប៉ុន្តែ​ទម្លាប់​នេះ បាន​នឹង​កំពុងតែ​បំផ្លាញ​ក្តីសង្ឃឹម​របស់​សិស្ស​ក្រីក្រ​រាប់ម៉ឺន​នាក់ ដែល​គ្មាន​លទ្ធភាព និង​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការកសាង​គុណភាព​អប់រំ ផងដែរ​។ តើ​ហេតុអ្វី​បានជា​ត្រូវការ​ការបង្រៀន​ក្រៅ​ម៉ោង​?  តើ​រៀន​គួរ​ក្រៅ​ម៉ោង​បំផ្លាញ​អនាគត​កូនអ្នកក្រ​យ៉ាងដូចម្តេច​?

 

 
​នៅក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា កម្មវិធី​រៀន​គួរ​បន្ថែម ដោយ​យកប្រាក់​ពី​សិស្ស គឺ​ពុំមាន​ទេ ប៉ុន្តែ ការបើក​ឲ្យ​មានការ​បង្រៀន​ក្រៅ​ម៉ោង គឺ​តែងតែ​អនុវត្តន៍​នៅ​គ្រឹះស្ថាន​អប់រំ​សាធារណៈ ដោយ​រាប់​ចាប់តាំងពី​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​។ ការរៀន​គួរ ហាក់​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ សម្រាប់​ការអប់រំ​នៅ​កម្ពុជា ព្រោះ​ទម្លាប់​នេះ បានកើត​ឡើង​ដដែលៗ និង​តាំងពី​យូរយារ​មកហើយ​។
 
​ជាការ​ពិត ការបង្រៀន​គួរ​នៅក្នុង​សាលា​រដ្ឋ បាន​ជួយ​បំប៉ន​ចំណេះដឹង​បន្ថែម​ដល់​សិស្សានុសិស្ស ហើយក៏​អាច​ឲ្យ​គ្រួ មានលទ្ធភាព​ទទួលបាន​ប្រាក់​ចំ​ណួ​ល​បន្ថែម បន្ទាប់ពី​ទទួលបាន​ប្រាក់បៀវត្សរ៍​ដ៏​តិច​ស្តួចស្តើង​នេះ​។ មិន​ខុស​ទេ សម្រាប់​ការបង្រៀន​គួរ​ក្រៅ​ម៉ោង ប៉ុន្តែ​ការបង្រៀន​គួរ​នៅក្នុង​គ្រឹះស្ថានសាធារណៈ បាន​នឹង​កំពុង​ជះឥទ្ធិពល​អាក្រក់ ដល់​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ​។ ឥទ្ធិពល​អាក្រក់​ទាំងនោះ​រួមមាន​៖ ទី​១) គ្រូ លាក់​ចំណេះ​ម៉ោង​រដ្ឋ ដើម្បី​ទុក​បង្រៀន​គួរ  ហើយ​ការបង្រៀន​ម៉ោង​រដ្ឋ ហាក់ដូចជា​គ្មាន​ការទទួល​ខុស​ត្រួវ ពោលគឺ​ម៉ោង​រដ្ឋ​បង្រៀន​តែ​ទ្រឹស្តី​បន្តិចបន្តួច ឯ​ចំណេះ​ពិតប្រាកដ​គឺ​ទុក​បង្រៀន​ក្រៅ​ម៉ោង​។ មាន​ដែរ​គ្រូ​មួយចំនួន ដែលមាន​មនសិការ និង​ការ​ទទួលខុស​ត្រួវ ក្នុងការ​បង្រៀន​ដោយ​គ្មាន​លាក់លៀម​។ ទី​២) សិស្ស​ខ្លួនឯង មិនបាន​ប្រឹងប្រែង​ពេល​រៀន​នៅក្នុង​ម៉ោង​រដ្ឋ ហើយ​បណ្តោយ​ខ្លួន​រងចាំ​តែ​រៀន​គួរ ដែល​ធ្វើ​ឲ្យ​ម៉ោង​រដ្ឋ​កាន់តែ​គ្មាន​ប្រសិទ្ធភាព​។ ថវិការ​រដ្ឋ​ដែល​យកទៅ​បើកប្រាក់​ខែ​ជូន​គ្រូបង្រៀន ប៉ុន្តែ​គ្រួ​បង្រៀន​បែរជាយក​ពេល​បង្រៀន​រដ្ឋ​ទៅ​បង្រៀន​បែប​លាក់បាំង ឬ​បង្រៀន​ឲ្យ​តែ​រួចពីដៃ ដោយ​គ្មាន​ទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​ដែល​ខិតខំ​បង់ពន្ធ​ជូន​រដ្ឋ ហើយ​យក​ថវិការ​ទាំងនេះ​ទៅ​បើក​ប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​នោះទេ​។ ទី​៣) សិស្ស​ក្រី​ក្រី​ជាច្រើន បាន​បង្ខំចិត្ត​ឈប់រៀន ដោយសារតែ​គ្មាន​ប្រាក់​ចំណាយ​លើ​ការរៀន​ក្រៅ​ម៉ោង​។ ទី​៤) ការខាតបង់​ពេលវេលា​ជាច្រើន​ដល់​សិស្សានុសិស្ស ពីព្រោះ​ពួកគេ​ត្រួវ​រៀន​ម៉ោង​រដ្ឋ​ផង និង​រៀន​គួរ​ផង​។ ពេញ​មួយថ្ងៃ​សម្រាប់​សិស្ស​ដែល​រៀន​គួរ​ផង និង​ម៉ោង​រដ្ឋ គឺ​ពួកគេ​ត្រូវ​ចំណាយពេល​ច្រើន ពោលគឺ​ចេញពីផ្ទះ​ព្រលឹម និង​ចូល​ផ្ទះ​ល្ងាច​ឬ​យប់​។ ពួកគេ​គ្មាន​ពេលវេលា​ចូល​បណ្ណាល័យ​ស្រាវជ្រាវ គ្មាន​ពេល​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​ទេ​។ ស្ទើរ​គ្រប់​មុខវិជ្ជា​ដូចជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ជីវវិទ្យា​ជាដើម មុខវិជ្ជា​ទាំងនេះ មាន​ភាព​ពេញនិយម​ខ្លាំងណាស់ សម្រាប់​ការរៀន​គួរ​របស់​សិស្ស​។ 
 
​សរុបមក ការបង្រៀន​គួរ​ក្រៅ​ម៉ោង​នេះ បាន​នឹង​កំពុង​រារាំង​បំណងប្រាថ្នា​សិស្ស​ក្រី​ក្រី និង​បានធ្វើ​ឲ្យ​គុណភាព​ម៉ោង​រដ្ឋ កាន់តែ​ទន់ខ្សោយ​ទៅៗ​។ លើសពីនេះ ការបង្រៀន​ក្រៅ​ម៉ោង បាន​បង្កើត​ឲ្យ​មាន​វិសមភាព​ក្នុង​ទទួលបាន​ចំណេះដឹង​របស់​សិស្ស ពោលគឺ​កូនអ្នកមាន​មធ្យម និង​ខ្ពស់ មានឱកាស​ទទួល​ចំណេះ​ល្អ ជាង​កូន​ក្រីក្រ បើទោះបីជា​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ស្នើ​គ្នា​ក៏ដោយ​។ កន្លងមក គេ​គួរ​ស្តីបន្ទោស​ដល់ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មិន​ព្រម​ដំឡើង​ប្រាក់ខែ ដល់​គ្រូបង្រៀន ឲ្យ​រស់នៅក្នុង​ជីវភាព​មួយ​សមរម្យ ទើប​បណ្តាល​ឲ្យ​មាន​ការបើក​បង្រៀន​គួរ​ក្រៅ​ម៉ោង​។ ប៉ុន្តែ​ដើមខែ​វិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ប្រាក់ខែ​គ្រួ​បង្រៀន​នឹងមាន​ការកើនឡើង​នៅ​ឆ្នាំ​២០១៦ ។ 
 
​គ្រួ​នៅ​ថ្នាក់បឋមសិក្សា នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ ទាប​បំផុត​៨០​ម៉ឺន​រៀល គ្រូ​មធ្យមសិក្សា​ប្រហែល​១​លាន​រៀល និង​គ្រូបង្រៀន​ឧ​ត្ត​ម​សិក្សា​នឹង​ទទួលបាន​ប្រាក់​បៀ​រ៍​ប្រហែល​ជិត​១​លាន​២០​ម៉ឺន​រៀល​។ ការតំឡើង​នេះ ទោះបីជា​មិន​ច្រើន ប៉ុន្តែ​អាច​ឲ្យ​គ្រូបង្រៀន​រស់នៅ​បាន​សម​រម្យ និង​អាច​បន្ត​មនសិការ បណ្តុះបណ្តាល​កូន​ខ្មែរ ប្រកបដោយ​ការទទួល​ខុស​ត្រួវ និង​មាន​ក្រមសីលធម៌​ខ្ពស់​។ លើសពីនេះ ប្រាក់បៀវត្សរ៍ នឹង​ជំរុញ​ឲ្យ​គ្រួ​បង្រៀន ងាក​មក​គិតគូរ និង​ចំណាយពេល​ច្រើន ក្នុងការ​ពង្រឹងគុណភាព​សិស្ស ជាជាង​ការ​គិតតែ​ពី​ការងារ​ក្រៅ​ម៉ោង ឬ​បង្រៀន​គួរ​ក្រៅ​ម៉ោង​។ 
 
​ដូច្នេះ ទន្ទឹមនឹង​ការតំឡើង​បៀវត្សរ៍​ដល់​គ្រូបង្រៀន​ឲ្យ​មានការ​រស់នៅ​សមរម្យ ក្រសួង​អប់រំ យុវជន និង​កីឡា គួរតែ​លុបបំបាត់​ការបង្រៀន​គួរ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ពីព្រោះ ការបង្រៀន​គួរ​កំពុងតែ​រារាំង​កំណែទម្រង់​របស់​រដ្ឋាភិបាល ជាពិសេស ការបង្រៀន​គួរ បាន​ទាញ​ទម្លាក់​គុណភាព​អប់រំ​នៅ​កម្ពុ និង​ធ្វើ​ឲ្យ​កូនអ្នកក្រីក្រ​ជាច្រើន​ម៉ឺន​នាក់ មិន​ទទួលបាន​ឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ ដោយសារ​គ្មាន​ប្រាក់​ចំណាយ​លើ​ម៉ោង​រៀន​គួរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទម្លាប់​នៃ​ការបង្រៀន​គួរ​ក្រៅ​ម៉ោង​នេះ មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​នោះទេ តែ​ផ្ទុយទៅវិញ ការបង្រៀន​គួរ បាន​នឹង​កំពុងតែ​ពន្យឺត ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​សាធារណៈ​ផងដែរ​៕
 

Tag:
 សង្គម
  អបរំ
© រក្សាសិទ្ធិដោយ thmeythmey.com