ជាតិ
បទវិភាគ
CPP កំពុងដណ្តើម​ប្រជាប្រិយភាព​ពី CNRP នៅក្រៅ​ប្រទេស​?
01, Dec 2015 , 3:30 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត នាជំនួប​ជាមួយសមាជិក​គណបក្ស​ប្រជាជន​កម្ពុជានៅអូស្ត្រាលី។ រូបថត ហ្វេសប៊ុក
លោក ហ៊ុន ម៉ាណែត នាជំនួប​ជាមួយសមាជិក​គណបក្ស​ប្រជាជន​កម្ពុជានៅអូស្ត្រាលី។ រូបថត ហ្វេសប៊ុក
​ភ្នំពេញ​៖ ចាប់តាំងពី​អាណត្តិ​ទី​១ មកដល់​អាណត្តិ​ទី​៥​នេះ គណបក្សប្រឆាំង​របស់​លោក សម រង្ស៊ី តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស ជាពិសេស នៅ​ប្រទេស​បារាំង កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី​។​ល​។ ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​អាណត្តិ​ទី​៥​តទៅ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជាង​៣០​ឆ្នាំ​មកហើយ​នោះ ទំនងជា​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ដែរ​។ តើ​មូល​ហេតុអ្វី​បានជា CPP ទើប​ចាប់​ផ្តើមធ្វើ​កិច្ចការ​នេះ​នៅពេលនេះ​? ការគាំទ្រ​ពី​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ធ្វើ​ឲ្យ CPP ចំណេញ​អ្វីខ្លះ​?



​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បានរ​ត់ទៅ​រស់នៅក្នុង​ជំរំសាយធូ សាយ​ប៊ី ណង​ចាន់ ខាវ​អ៊ី​ដាង ដែលមាន​ទីតាំង​នៅក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ​ដើម្បី​អាច​ទទួលបាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ទៅ​រស់នៅ​បន្ត​ក្នុងប្រទេស​ទី​៣ ។ កាលណោះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​មានឱកាស​ទៅ​រស់នៅ​ប្រទេស​បារាំង អាមេរិក អូស្ត្រាលី កាណាដា និង​ប្រទេស​មួយចំនួន​ផ្សេងទៀត​។

​មិនមែន​ខ្មែរ​ទាំងអស់​បាន​ទៅ​រស់នៅ​ក្រៅប្រទេស​ទេ​។ ជាការ​ពិត ខ្មែរ​មួយចំនួន​បាន​ចាក​ចេញទៅ​រស់នៅ​ក្រៅប្រទេស​មែន តែ​មួយចំនួនទៀត បាន​ត្រឡប់មក​រស់នៅក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយពី​ធ្វើ​សមា​ហ​រ័​ណ​កម្ម​ក្នុង​ទសវត្សរ៍​៩០ ពោលគឺ​ក្រោយ​ពេលដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំង​តស៊ូ​បានសម្រេច​ចិត្ត​ធ្វើការ​បង្រួម​បង្រួម​ជាតិ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន និង​ជាតិខ្មែរ​ទាំងមូល​។

​មុន​នយោបាយ​សមា​ហ​រ័​ណ​កម្មនេះ និង​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារី​ស​ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​១​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ឧ​ត្ត​ម្ភ និង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ កាលណោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​រណឫទ្ធិ​ដែលមាន​ប្រជាប្រិយភាព​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ពីក្រោយ បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​។ បរិបទ​ក្នុង​ទសវត្សរ៍​៩០ ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​មានការ​គាំទ្រ​ចលនា​តស៊ូ​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​គិតថា​«​មាន​ប្រទេស​វៀតណាម​»​នៅ​ពី​ក្រោយខ្នង​។ ប៉ុន្តែ​បន្តិច​ម្តងៗ ដោយសារ​ការដឹកនាំរ​បស់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​មាន​បញ្ហា​ច្រើនពេក ពលរដ្ឋ​នៅក្នុង​ប្រទេស​បាន​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ តែ​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ដែលមាន​គំនិត​ប្រឆាំង និង​ជំទាស់​នយោបាយ​របស់លោក ហ៊ុន សែន ដែល​ពួកគេ​គិតថា ដឹកនាំ​ក្រោម​ការបញ្ជា​របស់​ក្រុង​ហាណូយ​នោះ នៅ​បន្ត​មិន​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដដែល​។ ជាក់ស្តែង ពួកគេ​មួយចំនួនធំ​នៅ​បន្ត​គាំទ្រ​គោលនយោបាយ​«​ចលនា​គណបក្សប្រឆាំង​»​ដដែល​។ គណបក្សប្រឆាំង​បច្ចុប្បន្ន គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

​ហេតុអ្វី​បានជា​នៅ​ឆ្នាំ​២០១៥​ទៅហើយ ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​នៅ​បន្ត​គាំទ្រ​ជំហរ​បក្សប្រឆាំង​ច្រើនជាង​គណបក្សកាន់អំណាច​របស់លោក ហ៊ុន សែន​?

​មាន​មូលហេតុ​ច្រើន​។ តែ​មូលហេតុ​ចម្បងៗ​មាន​ដូចតទៅ​៖ ទីមួយ គឺ​ដោយសារ​ពួកគេ​ទទួលបាន​ព័ត៌មាន​ច្រើន​ពី​ការបំផ្លាញ​ធនធានធម្មជាតិ​ពី​សំណាក់​ឈ្មួញ និង​អ្នកមានអំណាច​នៅក្នុង​ប្រទេស​។ ទី​២ គឺ​ពួកគេ​ទទួលបាន​ព័ត៌មាន​ពី​ការបាត់បង់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយសារ​ការ​ទ​ន្ទ្រា​ញ​ពី​សំណាក់​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​។ ទី​៣ គឺ​ពួកគេ​ទទួលបាន​ព័ត៌មាន​ពី​កា​រទ​ន្ទ្រា​ញ​ដីធ្លី​តាម​ព្រំដែន​ពី​សំណាក់​ប្រទេសជិតខាង និង​ទី​៤ គឺ​ដោយសារ​ពួកគេ​សង្កេតឃើញថា អ្នកមាន​កាន់តែ​មាន រីឯ​អ្នកក្រីក្រ​កាន់តែ​ក្រីក្រ​ជាង​មុន​។ គម្លាត​រវាង​អ្នកមាន និង​អ្នកក្រីក្រ​កាន់តែ​រីក​ប៉ោង​ធំ​ឡើងៗ​។ 
ដោយសារតែ​ព័ត៌មាន​អាក្រក់​ស្តីពី​កម្ពុជា​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ច្រើន​ទៅកាន់​ក្រៅប្រទេស​នោះ ពលរដ្ឋ​នៅក្រៅ​ប្រទេស​ត្រូវតែ​គិតថា ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការរីកចម្រើន​ទៅមុខ​ឡើយ​។

​បើ​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្តែង បញ្ហា​សង្គម ដូចជា បញ្ហា​អយុត្តិធម៌ បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ប្រាក់ចំណូល​ទាប ពុករលួយ បក្សពួកនិយម នៅ​មិនបាន​បាន​ដោះស្រាយ​នៅឡើយ​មែន​។ ប៉ុន្តែ​ទិដ្ឋភាព​ជារួម​ត្រូវបាន​គេ​គិតថា កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ​ឈានទៅ​មុខជា​លំដាប់​។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ពង្រីក បុរី​ជាច្រើន​ត្រូវបាន​បង្កើត អគារ​ធំៗ និង​ខ្ពស់ ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់ និង​កាន់តែ​ច្រើនឡើងៗ​ជា​លំដាប់​។

​ដោយសារ​អវត្តមាន​នៃ​ការផ្សព្វផ្សាយ​ពី​ដំណឹង​ល្អ​ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​នេះហើយ ទើប​នៅ​ពាក់កណ្តាល​អាណត្តិ​ទី​៥​នេះ គេ​សង្កេតឃើញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​របស់លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​ក្រសួងការពារជាតិ បានចាប់ផ្តើម​ធ្វើ​យុទ្ធនា​ការបង្កើន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​។

​កាលពីពេល​ថ្មីៗ​កន្លងមក ក្រៅពី​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ពលករ​ខ្មែរ​ដែល​ស្នាក់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​។ នៅក្នុង​ប្រទេស​បារាំង និង​អាមេរិក ដូចគ្នា​ដែរ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នៅ​ទីនោះ លោក​បាន​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុងប្រទេស​បារាំង និង​អាមេរិក​។

​ហេតុអ្វី​បានជា CPP ចង់​ទាក់ទាញ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​?

​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ គេ​គួរ​ពិនិត្យ​ទៅលើ​បរិបទ​អតីតកាល​បន្តិច​។ កាលពី​ពេលមុន ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ភាគច្រើន​គាំទ្រ​ចលនា​ប្រឆាំង ដែល​ជំទាស់​នឹង​ការគ្រប់គ្រង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ថែមទាំង​ជួយ​ឧ​ត្ត​ម្ភ​ថវិកា​ជូន​គណបក្សប្រឆាំង​ថែម​ទៀតផង​។ មិន​ត្រឹម​ប៉ុណ្ណោះ ពេលខ្លះ ពួកគេ​តែងតែ​រៀបចំ​ចលនា​បាតុកម្ម​ប្រឆាំងនឹង​លោក​លោក ហ៊ុន សែន នៅពេល​លោក​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដូចជា​ករណី​កន្លងមក នៅក្នុង​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​ជាដើម​។

​ងាក​មក​ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា តើ​ហេតុអ្វី​បានជា CPP ចង់​ទាក់ទាញ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​នោះ​?

​បើ​ពិនិត្យ​លើ​ច្បាប់បោះឆ្នោត ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​គ្មាន​សិទ្ធិ​បោះឆ្នោត​ទេ​។ តែ CPP ត្រូវតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ឲ្យ​ងាក​មក​គាំទ្រ​គោលនយោបាយ​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។ វត្តមាន​ថ្មីៗ​របស់លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក សុទ្ធតែ​មានបំណង​តិច ឬ​ច្រើន​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​។ ដូចគ្នា​ដែរ​សម្រាប់​កូនប្រុស​របស់លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា លោក​បានធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី ហើយ​ឥឡូវនេះ លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​បារាំង និង​ប្រទេស​អឺរ៉ុប​មូ​យ​ចំនួន​ផ្សេងទៀត​។ នៅក្នុង​រាល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​, លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ និង​និស្សិត​ខ្មែរ​នៅ​ទីនោះ​។ យូរ​ម្តង ឬ​អាច​ថា ជារឿយៗ​ផង​នោះ ពលរដ្ឋ​ខ្មែរ​ដែល​មកជួប​លោក ហ៊ុន ម៉ា​ណែ​ត បាន​ពាក់អាវ​ដែលមាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​។

​ចលនា​បង្កើន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​របស់លោក ហ៊ុន សែន និង​កូនប្រុស​របស់លោក ត្រូវបាន​គេ​ឃើញថា គឺ​ដើម្បី​«​បន្សាប​»​ឥទ្ធិពល​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ និង​ឆ្លៀតឱកាស​ដើម្បី​ពន្យល់​ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ពី​សមិទ្ធផល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ ម្យ៉​ង​វិញទៀត​, បើ​យោងតាម​អ្នកវិភាគ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​, គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​ទាក់ទាញ​អារម្មណ៍​និស្សិត​ជំនាន់​ថ្មី​នៅក្រៅ​ប្រទេស ពីព្រោះ និស្សិត​ជំនាន់​មុនៗ​តែងតែ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​របៀប​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅពេលដែល​ពួកគេ​បានដឹង បានឃើញ​ភាព​រីកចម្រើន​នៅឯ​បរទេស​។

​លើសពីនេះទៅទៀត គណបក្ស​ប្រជាជន​កម្ពុជា មានបំណង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្រៅ​ប្រទេស​ក្នុងចំណោម​ជនជាតិខ្មែរ​ដោយ​បង្ហាញថា ពួកគេ​ក៏មាន​អ្នកគាំទ្រ​ច្រើន​នៅ​ឯនាយសមុទ្រ​ដែរ​។ នេះ គឺជា​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន ឬ​មិនសូវ​ធ្លាប់មាន​កាលពី​អតីតកាល​។

​ការចាក់​បញ្ចូល​មនោគមន៍​វិទ្យា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅក្នុង​អារម្មណ៍​នៃ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ត្រូវបាន​គេ​វាយតម្លៃថា វា​អាច​នឹងមាន​ប្រសិទ្ធិ​ភាពជា​បណ្តើរៗ ហើយ​ឥទ្ធិពល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​អាច​នឹង​កាន់តែ​ថមថយ​។

​ប្រសិនបើ​ប្រជាប្រិយភាព​នៅក្រៅ​ប្រទេសរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​កើនឡើង​ជា​និរន្ត​ន៍​នោះ ពេលណា​មួយ ច្បាប់បោះឆ្នោត​ខ្មែរ​នឹង​ត្រូវគេ​ធ្វើ​វិសោធនកម្ម ហើយ​បើកឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​អាចមាន​សិទ្ធិ​បោះឆ្នោត​បាន​៕


Tag:
 ​នយោបាយ
  CNRP
  CPP
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com