ជាតិ
កម្មករ​ជាង៥០នាក់​ត្រូវបាន​ដោះលែង​វិញ ខណៈ​កម្មករ៤នាក់​កំពុង​ឃាត់ខ្លួន
22, Dec 2015 , 10:05 am        
រូបភាព
ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា កម្មករ​ជាង៥០នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ​ហើយ។ តែ​លោ​កថា នៅសល់​កម្មករ​ចំនួន៤នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៨ ធ្នូ​កន្លងមក មិនទាន់បាន​ដោះលែង​វិញ​នោះទេ ដោយ​សមត្ថកិច្ច​ចោទ ពួកគេ​ថា គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទល្មើស។



លោក ប៉ាវ ស៊ីណា ទទួលស្គាល់ថា ការតវ៉ា​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​កម្មករ​មួយចំនួន​ពិតជា​បាន​ប្រើ​ដុំថ្ម​គប់​រោងចក្រ​មែន តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​នោះទេ។ ស្របពេល​នេះដែរ លោក ក៏បាន​ស្នើ​ដល់​កម្មករ​ទាំងនោះ ឲ្យ​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី និង​ចៀសវាង​ដាច់ខាត​ការប្រើ​អំពើហិង្សា។បើតាម​លោក ប៉ាវ ស៊ីណា សកម្មភាព​តវ៉ា​របស់​កម្មករ​នៅថ្ងៃនេះ នៅតែ​បន្ត​ទាមទារ​ដដែល ដោយ​ចំនួន​នៃ​ការទាមទារ​នេះ​មានការ​កើនឡើង​ច្រើនជាង​កាលពី​ម្សិលមិញ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានចេញ​លិខិត​ថ្កោលទោស​ចំពោះ​កម្មករ ដែល​បានទាមទារ​ដំឡើង​ប្រាក់​ឈ្នួល កាលពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី២១ ខែធ្នូ​នេះ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ហៅ​ក្រុមកម្មករ ដែល​បាន​ប្រើ​អំពើហិង្សា ដោយ​ការ​វាយបំផ្លាញ​រោងចក្រ និង​ញុះញង់​ដល់​កម្មករ​ដទៃទៀត ថា​ជា​ក្រុម​ជ្រុលនិយម។ ទង្វើ​បែបនេះ គឺជា​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ដល់​កម្មករនិយោជិត​ប្រមាណ​ជាង៣ម៉ឺន​នាក់​ផ្សេងទៀត ដែល​កំពុង​បំពេញការងារ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេ​ហាត​ធេ​ន និង​តាយសេង នៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។

តែ​យ៉ាងណា​លោក ប៉ាវ ស៊ីណា យល់ថា ការ​ថ្កោលទោស​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) គឺជា​បំភាន់​ភ្នែក​អន្តរជាតិ ដើម្បី​ទម្លាក់កំហុស​ទៅលើ​កម្មករ​ថា​ជា​អ្នក​ខុស។ លោក​ថា លេស​ថ្កោលទោស​នេះ គឺ​ដោយសារតែ GMAC មិន​ចង់​ដោះស្រាយ​តាម​លក្ខខណ្ឌ​ដែល​កម្មករ​ទាមទារ​ប៉ុណ្ណោះ។ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ ក៏​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ គប្បី​ចូលរួម​ដោះស្រាយ​ជាមួយ​កម្មករ ដោយ​សន្ដិវិធី ដើម្បី​បញ្ចប់​នៅ​បញ្ហា​កូដកម្ម​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន និង​តាយសេង ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាននាំគ្នា​តវ៉ា និង​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ដែល​ក្រុមប្រឹក្សា​ការងារ​អនុម័ត កាលពីដើម​ខែតុលា ឆ្នាំ​២០១៥ កន្លងមក​៕

 



Tag:
 កម្មករ
 ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com