ជាតិ
ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​២៣​នាក់​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​
29, Dec 2015 , 12:05 pm        
រូបភាព
ដោយ:
 
​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២៣ នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​បុក​គ្នា​ជាមួយ​ឡាន​ដឹក​ទឹកកក កាល់ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ លើ​កំណាត់​ផ្លូវ​អូរ​ឌឹ​ម​ទំនប់​កប់​ស្រូវ ភូមិ​ជង្រុក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។  នេះ​បើ​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។

 
​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ដឹក​កម្មករ​ពេញ​រថយន្ត លុះ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ទឹកកក​បើក​ក្នុងទិសដៅ​ស្របគ្នា​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​ធ្លាក់ចំ​កង់​រថយន្ត​កិន​ស្លាប់​ភ្លាមៗ ចំណែក​កម្មករ​កម្មការិនី ២៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​។ ភ្លាមនោះ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​ឡាន​រត់​គេចខ្លួនបាត់​។​
 
​សាក្សី​កបាន​ឲ្យ​ដឹង​ទៀតថា កម្មការិនី​រងគ្រោះ​រហូត​ដល់​ស្លាប់​មានឈ្មោះ ហឹម ផល្លា អាយុ ២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅក្នុង​ភូមិ​ផ្តេ​ញ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​ទាំង​២៣​នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ពេលនេះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ 
 
​នគរបាល​មួលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៩៥៥០ ចំណែក​រថយន្ត​រងគ្រោះ ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-0024​។ ក្រោយ​កើតហេតុ​រថយន្ត​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ចំណែកឯ​សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com