ជាតិ
​ឆ្នាំ​២០១៥៖ មនុស្ស​ស្លាប់​ជាង​២០០០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​
16, Jan 2016 , 10:00 am        
រូបភាព
 
​ប្រជាពលរដ្ឋ​ជាង​២០០០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ជាង​៧០០០​នាក់​ទៀត របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នា​ឆ្នាំ​២០១៥ ។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ ឆ្នាំ​២០១៥ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​


 
​យោងតាម​របាយ​ណ៍​ខាងលើ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤.៥៩៥ លើក ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ចំនួន ២.២៦៧ នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៧.៥១០ នាក់ ក្នុង​ឆ្នាំ​២០១៥ ។ ជា​មធ្យម មនុស្ស​ចំនួន​៦​នាក់​ស្លាប់ និង​២០​នាក់ រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​១​ថ្ងៃ​​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ច្រើនជាងគេ គឺ​កើតឡើង​នៅ​ខេត្តស្វាយរៀង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តកំពង់ស្ពឺ​។ 
 
​យ៉ាងណាក៏ដោយ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ បាន​ថយចុះ និង​បាត់បង់​ជីវិត​មនុ​ស្សតិ​ច​ជាង​ឆ្នាំ​២០១៤ ។ ក្នុង​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤.១០១ លើក ដែល​បណ្តាល​មនុស្ស​ស្លាប់​ចំនួន ១.៦៧៥ នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៥.៩៥៨ នាក់​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នាពេល​ព្រឹក​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ លោក អេង ហ៊ី កត់សម្គាល់​ឃើញថា ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥ គឺ​ដោយសារតែ​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​បាន​ទូលំទូលាយ​ជាង​ឆ្នាំមុនៗ ហើយ​ប្រជាពលរដ្ឋ​ក៏មាន​ការយល់ដឹង​ច្រើន​ផងដែរ​។ លោក​បាន​សម្តែង​ក្តី​រំពឹង​ដូច្នេះ​ថា​៖«​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​តិចជាង​២០១៤​។ ខ្ញុំ​សង្ឃឹមថា​ឆ្នាំ​២០១៦ នេះ នឹង​តិចជាង​ឆ្នាំ​២០១៥ ដោយសារតែ​មានការ​អប់រំ​ប្រជាពលរដ្ឋ​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​តឹងរឹង​»៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com