ជាតិ
រថយន្តបែកកង់នាំឲ្យមនុស្ស ៥នាក់ស្លាប់និង១៩នាក់របួសធ្ងន់ស្រាល
× ភ្នំពេញ៖ មនុស្សចំនួន ៥នាក់បានស្លាប់ និង១៩នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនរស្មីភ្នំពេញ បែកកង់ក្រោយខាងឆ្វេង រួចរេចង្កូតទៅបុករថយន្តដឹកអង្ករម៉ាកនីសាន់ ដែលចរាចរបញ្ចៀសទិសដៅគ្នា។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើយោងតាមការផ្សាយលើគេហទំព័រប៉ូលីស ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ១២យប់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមការដកស្រង់សម្តីសាក្សីនៅកន្លែងកើតហេតុរបស់ប្រភពខាងលើ រថយន្តក្រុងបង្កម៉ាកហ៊ីយានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C 1265 របស់ក្រុមហ៊ុនរស្មីភ្នំពេញដឹកអ្នកដំណើរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៨-១៤៩ រថយន្តបែកកង់ ក្រោយខាងឆ្វេងរួច វេចង្កូតទៅបុករថយន្តដឹកអង្ករម៉ាក នីសាន់ពណ៌ក្រហមស ពាក់ស្លាកតាកែវ 3A 0759 ក្នុងទិសដៅច្រាសគ្នា។ ហើយបណ្តោលឲ្យរថយន្តផ្ទុកអង្ករពេញរថយន្ត ក្រឡាប់បះជើង។ រីឯអ្នកដំណើរក្នុងរថយន្តក្រុងម្នាក់ បានស្លាប់នៅនឹងកន្លែងក និង០៤នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែក អ្នកដំណើរចំនួន១៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល។
លោក ឃុន សារៀម នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានសហការកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ តាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយយកទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។ រីឯ អត្តសញ្ញាណជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឃុន សារៀម និយាយថា សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com