ជាតិ
លោក សុខ ទូច ប្រាប់ពលរដ្ឋឲ្យឈប់ព្រួយបារម្ភពីរឿងព្រំដែនចាប់ពីថ្ងៃនេះតទៅ
× ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម លោក សុខ ទូច បានផ្តាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូបថា មិនត្រូវកើតទុក្ខមិនសុខចិត្ត ក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម តទៅទៀតឡើយ។ លោកថា កម្ពុជា នឹងបោះពុម្ភ ឯកសារពិតប្រាកដ និងត្រឹមត្រូវមួយ ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម ក្រោយពីក្រុមរបស់លោក បានបញ្ចប់បេសកកម្មនៃការស្រាវជ្រាវ។
លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម បានប្រកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា រាជបណ្ឌិត្យសភាកម្ពុជានឹងបោះពុម្ពសៀវភៅមួយ ស្តីពីព្រំដែនកម្ពុជា-វៀតណាម ក្នុងពេលខាងមុខ បន្ទាប់ពីក្រុមរបស់លោក បានបញ្ចប់ការស្រាវជ្រាវ។ ដូច្នេះ លោក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ខ្វល់ខ្វាយជុំវិញជម្លោះព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃនេះតទៅ។
លោក សុខ ទូច បានបន្ថែមថា តាមគម្រោង ប្រតិបត្តិការនៃការស្រាវជ្រាវនេះ នឹងបញ្ចាប់នៅ ឆ្នាំ២០១៧ ហើយបន្ទាប់មក រាជបណ្ឌិត្យសភានឹងបោះពុម្ពសៀវភៅ ស្តីពីព្រំដែនកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០១៨ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលព្រឹកថ្ងៃទី៤ កុម្ភៈ នេះ។
ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម រូបនេះបានបញ្ជាក់ដូច្នេះថា៖«ប្រជាជនកម្ពុជា កុំខ្វល់ពីបញ្ហាព្រំដែន ពីថ្ងៃនេះតទៅ។ ក្រោយរាជបណ្ឌិត្យសភាបោះពុម្ពសៀវភៅនេះរួច ប្រជាជនអាចមើលសៀវភៅព្រំដែនហ្នឹង ហើយក៏អាចទៅមើលព្រំដែនខ្លួនឯងបានដែរ»។
ចាប់តាំងពីឈានជើងចុះស្រាវជ្រាវ ហូតមកដល់ពេលនេះ ក្រុមរបស់លោក សុខ ទូច បានចំណាយពេលអស់ជាង ៧ ខែហើយ ដោយរកឃើញបង្គោលចំនួន១០០០ ក្នុងខេត្តចំនួន ៤ គឺខេត្តកំពត ខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ដែលនៅជាប់តាមព្រំដែកកម្ពុជា-វៀតណាម។
យ៉ាងណាក៏ដោយ លោក សុខ ទូច ដាច់ខានមិនបកស្រាយថា កម្ពុជាចំណេញឬវៀតណាមចំណេញ ក្នុងការស្រាវជ្រាវ នោះទេ តែលោក បញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវ គឺដើម្បីស្វែងរកតម្លាភាពនិងសុក្រឹតភាពរវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀត លោកក៏មិនអាចបកស្រាយថា បង្គោលទាំង ១០០០ ដែលបានរកឃើញនោះ មានលក្ខណៈខុសប្រក្រតីប៉ុណ្ណានោះដែរ ដោយលោកគ្រាន់តែអះអាងថា កម្ពុជាបានបោះបង្គោលចូលទឹកដីវៀតណាម ហើយវៀតណាមក៏បានបោះបង្គោលចូលទឹកដីកម្ពុជាដូចគ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-វៀតណាម ផ្ទុះឡើង ហើយក៏បណ្តាលឲ្យអ្នកនយោបាយខ្មែរ ពីបក្សកាន់អំណាចនិងបក្សប្រឆាំង ប្រទាំងប្រទូសនឹងគ្នាយ៉ាងក្កៅគគុក លោក សុខ ទូច បានចេញមុខបង្កើតក្រុមអ្នកស្រាវជ្រាវ ដើម្បីស្វែងរកដំណោះស្រាយព្រំដែននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com