ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី​៖«​លោក ទេព នីថា ពីមុន និង​លោក ទេព នីថា ក្រោយនេះ ខុសគ្នា​»
04, Feb 2016 , 3:28 pm        
រូបភាព
ដោយ:
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស​មានជំនឿថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ជាង​មុន​។ ហើយ​ទាក់ទង​នឹង​ករណី​លោក ទេព នីថា ឯកឧត្តម សម រង្ស៊ី មិនបានរ​ម្ភ​ឡើយ​ចំពោះ​វត្តមាន​នៅក្នុង​គ​.​ជ​.​ប របស់លោក​អគ្គលេខាធិកា​រ​ចាស់​រូបនេះ​។​



​គ្មាន​បញ្ហា​ទេ​សម្រាប់​ឯកឧត្តម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការបន្ត​តំណែង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ម្តងទៀត​របស់លោក ទេព នីថា​។ នៅក្នុង​វិធី Hello VOA កាលពី​យប់​ថ្ងៃ​ពុធ ឯកឧត្តម សម រង្ស៊ី បាន​ថ្លែង​ការពារ​ថា វត្តមាន​របស់លោក ទេព នីថា ពេលនេះ មិនអាចឲ្យ​លោក​ ទេព នីថា ​ធ្វើ​អ្វី​តាមចិត្ត​ដូច​កាលពី​អាណត្តិ​មុនៗ​ឡើយ​។ លោក​បញ្ជាក់ថា នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប បច្ចុប្បន្ន មិន​សំខាន់​លើ​បុគ្គល​ម្នាក់​ទេ តែ​សំខាន់​គឺ​យន្តការ និង​របៀប​ធ្វើការ​របស់​ស្ថាប័ន​នេះ​។ «​លោក ទេព នីថា មុន និង​លោក​ទេព នីថា ក្រោយ ខុសគ្នា ព្រោះ​(​លោក ទេព នីថា​) ត្រូវ​ធ្វើការ​ក្នុង​បរិបទ ក្នុង​ក្របខណ្ឌ របៀប​ធ្វើ​សេចក្តីសម្រេចចិត្ត របៀប​ចាត់ចែង​ខុសគ្នា​។ ពីមុន​បុគ្គល​តែមួយ​ធ្វើ​អ្វី​បាន​ស្រេច​ចិត្ត ព្រោះ​បក្ស​គេ​តែមួយ ឃុបឃិត​គ្នា តែ​ឥឡូវ​(​ស្ថាប័ន​នេះ​) មាន​វិន័យ មាន​យន្តការ មានការ​តាមដាន​គ្នា​ទៅវិញទៅមក​»​។ នេះ​ជាការ​បកស្រាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី​។

​ជាងនេះទៅទៀត លោក​ប្រមុខ​បក្សប្រឆាំង​កម្ពុជា​ខាងលើ ទទួលស្គាល់ថា មកដល់ពេលនេះ​លោក មាន​ជំនឿ និង​ទុកចិត្ត​លើ គ​.​ជ​.​ប អំពី​ឯករាជ្យ យុត្តិធម៌ ជាង​ពេល​កន្លងទៅ​។ តែ​លោក​មិន​ធានាថា គ​.​ជ​.​ប ថ្មី នេះ នឹង​ល្អ​រហូតដល់​ការបោះឆ្នោត​នាពេលខាងមុខ​ឡើយ ទើប​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​តាមដាន​ទាំងអស់គ្នា​។

​យ៉ាង​ក៏ដោយ ការបកស្រាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ជុំវិញ​វត្តមាន​របស់លោក ទេព នីថា ក្នុង​តំណែង​ជា​អគ្គលេខាធិការ​គ​.​ជ​.​ប ម្តងទៀត​ពេលនេះ ហាក់​ខុសគ្នា​ស្រះ​ឡះ​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១៥ ខែមករា កន្លងទៅ​។ បើតាម​សេចក្តីថ្លែងការណ៍​កាលនោះ គណបក្សប្រឆាំង​មិន​ពេញចិត្ត​ចំពោះ​សមាជិក​គ​.​ជ​.​ប ដែល​សម្រេច​ជ្រើសរើស​លោក ទេព នីថា ឲ្យ​គ្រង​តំណែង​ជា​អគ្គលេខាធិការ​គ​.​ជ​.​ប បន្តទៀត​ទេ​។ បន្ថែម​ពីលើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បារម្ភ​ថា វត្តមាន​របស់លោក ទេព នីថា ជាថ្មី អាច​បង្ក​ឲ្យ​មាន​ការមិនទុកចិត្ត​លើគ​.​ជ​.​ប នៅក្នុង​ការបោះឆ្នោត​ខាងមុខ​៕


Tag:
 គ​.​ជ​.​ប​
  សម រង្ស៊ី​
  ទេព នីថា
© រក្សាសិទ្ធិដោយ thmeythmey.com