ជាតិ
បទវិភាគ
សង្គមជាតិ
× ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជាភរិយា។ កូនចៅជំនាន់ក្រោយរបស់ពួកគេ បានធ្វើសមាហរណកម្មយ៉ាងលឿនចូលទៅក្នុងសហគមន៍ខ្មែរ តាមរយៈការបញ្ចូលខ្លួនឯង ជាលក្ខណៈសង្គមនិងសេដ្ឋកិច្ច ទៅក្នុងសហគមន៍កសិកម្មរបស់ប្រជាជនខ្មែរបុរាណ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អន្តោប្រវេសន៍ចិនមួយចំនួន បានរក្សាទុកការប្រតិបត្តិតាមមីង(Ming) នូវការរក្សាម៉ូតសក់បែបចិនរហូតដល់សតវត្សទី១៨។ លើសពីនេះទៀត ពួកគេក៏បានថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនដែរ ដូចជា ប្រពៃណីបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម។ ក្រោយមក ជនជាតិភាគតិចចិន ឬ អន្តោប្រវេសន៍ចិន មិនគ្រាន់តែអាចរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនបានប៉ុណ្ណោះទេ ពួកគេថែមទាំងបានជះឥទ្ធិពលប្រពៃណីរបស់ខ្លួនទៅលើសង្គមខ្មែរវិញ និង បន្ថែមពីលើនេះ ពួកគេក៏បានជះឥទ្ធិពលផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និង វិស័យផ្សេងៗផងដែរ។
ប្រជាជនចិនដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា ទាំងចាស់ទាំងថ្មី មានមុខរបរខុសៗគ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគគិន វិស្វករ កម្មករជំនាញ ពលករ គ្រូបង្រៀនភាសាចិន អ្នកផ្សាយសាសនា ។ល។ ទោះបីជាពួកគេមានចំនួនមិនច្រើនក៏ដោយ បើប្រៀបធៀបនឹងចំនួនប្រជាជនសរុបរបស់កម្ពុជា ក៏ពួកគេបានចូលរួមក្នុងវិស័យផ្សេងៗភាគច្រើនក្នុងសង្គមខ្មែរដែរ។ ជាទូទៅ ពួកគេមិនត្រូវបានរើសអើង ឬមើលងាយដោយពលរដ្ឋខ្មែរទេ។ ផ្ទុយទៅវិញ ពួកគេទទួលបានការចូលចិត្ត និង ការឱ្យតម្លៃពីសង្គមខ្មែរ។ ដូចជា មានការលើកឡើងថា«កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន», «ចិនដេញខ្មែរ ខ្មែរដេញខ្មោច» ដែលមានន័យថា បើឈ្លោះនឹងចិន កម្រឈ្នះចិនណាស់ ហើយម្យ៉ាងទៀត ជនជាតិខ្មែរបានត្រឹមតែកាប់ឆ្ការរានដីព្រៃមុនប៉ុណ្ណោះ ទីបំផុត ជនជាតិចិនបានទិញយកកន្លែងល្អៗអស់ ឯខ្មែរក៏បន្តទៅកាប់រាបព្រៃថ្មីទៀតជាបន្តបន្ទាប់។ លើសពីនេះទៀត ពួកគេបានដើរតួនាទីនាំមុខគេនៅក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យនយោបាយនៅកម្ពុជាផងដែរ។
យោងតាមការកត់សម្គាល់ នៅដំណាក់កាលដំបូងៗ ជនជាតិភាគតិចចិន ឬ អន្តោប្រវេសន៍ចិនទទួលឥទ្ធិពលច្រើនពីសង្គមខ្មែរ ដូចក្នុងករណីពួកគេបានរៀបការជាមួយជនជាតិខ្មែរ និង ខិតខំធ្វើសមាហរណកម្មចូលក្នុងសង្គមទូទៅនិងសហគមន៍កសិកម្មខ្មែរបុរាណ ប៉ុន្តែ ក្នុងរយៈពេលក្រោយមក យើងបានសង្កេតឃើញថា សង្គមខ្មែរក៏បានទទួលឥទ្ធិពលពីជនជាតិភាគតិចចិន ឬ អន្តោប្រវេសន៍ចិនវិញដែរ ជាពិសេស លើវិស័យពាណិជ្ជកម្ម។ យោងតាមតថភាពសង្គមខ្មែរទាំងសម័យបុរាណនិងសម័យទំនើប បង្ហាញឱ្យឃើញថា ប្រជាជនខ្មែរ មិនសូវពូកែខាងពាណិជ្ជកម្មដូចជនជានចិនទេ។
ក្នុងសង្គមខ្មែរ អ្នកលក់ដូរ ឬ ពាណិជ្ជករ ទាំងតូច ទាំងធំ ភាគច្រើន ជាជនជាតិភាគតិចចិន ឯជនជាតិខ្មែរវិញចូលចិត្តប្រកបរបរកសិកម្ម និង ធ្វើការងាររាជការ។ បើទោះបីជាក្រោយមក មានជនជាតិខ្មែរខ្លះ បានប្រកបរបស់ជួញដូរដូចជនជាតិភាគតិចចិនក៏កដោយ ក៏គេនៅតែហៅខ្មែរទាំងនោះថាចិនដែរ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរដើមកំណើតចិន ចិនកាត់ខ្មែរ និង អន្តោប្រវេសន៍ចិនដទៃទៀត ដែលកំពុងមានវត្តមាននៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ ពួកគេមួយចំនួនជាម្ចាស់ភាគហ៊ុនមួយចំណែកធំក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដូចជា ជាម្ចាស់រោងចក្រ ម្ចាស់សហគ្រាស និង ម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។ ជារួម ភាគច្រើននៃពួកគេមានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជា ដែលជាសហគ្រាសផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និង សហគ្រាសពាក់ព័ន្ធដទៃទៀត។
លើសពីនេះទៀត ផ្ដើមចេញពីការមានលុយកាក់ច្រើន ការមានទីលំនៅក្នុងរាជធានី ទីក្រុង និង ទីប្រជុំជន នាំឱ្យជនជាតិភាគតិចចិន ឬ ជនជាតិចិនកាត់ខ្មែរ មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ មានឱកាសធ្វើដំណើរបានច្រើនកន្លែង ដែលជាកត្តានាំឱ្យពួកគេមានចណេះដឹងខ្ពស់ និង មានការយល់ដឹងជ្រៅជ្រះ។ ដោយសារកត្តាទាំងអស់នេះ រួមផ្សំជាមួយឱកាសផ្សេងៗ មានអំពើពុករលួយជាដើម នាំឱ្យជនជាតិចិនកាត់ខ្មែរទទួលបានតួនាទីសំខាន់ៗក្នុងរដ្ឋាភិបាល និងក្នុងការងាររាជការទូទៅ ជាពិសេស ការងារមួយចំនួនដែលគេនិយមហៅថាការងារល្អ ឬ ការងារកន្លែងខ្លាញ់ ពោលគឺប្រភេទការងារទាំងឡាយដែលអាចរកកម្រៃ ឬ ចំណូលក្រៅច្បាប់បានច្រើន ដូចជា ការងារគយ ការងារពន្ធដារ ការងារហិរញ្ញវត្ថុ...។
ជាទូទៅ ឥទ្ធិពលក្នុងសង្គមមួយ វាតែងតែជះពីទីក្រុងទៅជនបទ ពីអ្នកមានទៅអ្នកក្រ ពីអ្នកធំទៅអ្នកតូច ពីស្ថាប័នទៅបុគ្គល ពីអ្នកមានចំណេះដឹងច្រើនទៅអ្នកមានចំណេះដឹងតិច។ល។ ហេតផលនេះហើយ បានជា ជនជាតិភាគតិចចិន ឬ ជនជាតិចិនកាត់ខ្មែរ ថ្វីបើពួកគេមានចំនួនតិច ប៉ុន្តែ ដោយសារតែ ពួកគេមានសក្ដានុពលខាង ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ចំណេះដឹង, នាំឱ្យពួកគេ មានឥទ្ធិពលទាំងក្នុងសង្គម នយោបាយ និង វិស័យដទៃទៀត។
ផ្ដើមចេញពីនេះ នាំឱ្យភាសាចិន ភាពយន្តចិន និង ប្រពៃណីចិន ដូចជា បុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម មិនគ្រាន់តែមានជីវិត និង មានឥទ្ធិពលក្នុងសហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និង អន្តោប្រវេសន៍ចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានឥទ្ធិពលលើប្រជាជនខ្មែរដែរ។ ជាក់ស្ដែង សព្វថ្ងៃ ទូរទស្សន៍ខ្មែរស្ទើរតែទាំងអស់បញ្ចាំងភាពយន្តចិន ហើយប្រជាជនខ្មែរភាគច្រើនក៏ចូលចិត្តទស្សនាភាពយន្តចិនដែរ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរសុទ្ធមួយចំនួនក៏បានប្ររព្ធពិធីប្រពៃណីរបស់ចិនដូចដែលបានរៀបរាប់ខាងលើនេះដែរ ជាពិសេស ការសែនព្រេនក្នុងពីធីបុណ្យចូលឆ្នាំចិន និង ការឈប់សម្រាកពេលចូលឆ្នាំចិន។ ហេតុផលមួយក្នុងចំណោមមហេតុផលដទៃទៀត ត្រូវបានប្រជាជនខ្មែរសុទ្ធដែលទទួលយកឥទ្ធិពលប្រពៃណីចិននោះ អះអាងថា «ការកាន់ប្រពៃណីដូចចិន ដើម្បីឱ្យរកស៊ីមានបានដូចគេដែរ»។
ម្យ៉ាងទៀត ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន គោលនយោបាយទីផ្សារសេរីរបស់កម្ពុជា និង គោលការណ៍ប្រជាធិបតេយ្យ គេបានសង្កេតឃើញថា សហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និង អន្តោប្រវេសន៍ចិន មិនគ្រាន់តែបានរស់នៅយ៉ាងសុខសាន្តប៉ុណ្ណោះទេ ពួកគេថែមទាំងបានចងក្រងគ្នាជាសមាគម បង្កើតសាលារៀនភាសាចិន ព្រះវិហារចិន ភោជនីយដ្ឋានចិន វិទ្យុផ្សាយសំឡេងជាភាសាចិន និង ក្រុមហ៊ុនចិនជាច្រើនទៀតកំពុងរកស៊ីនៅស្រុខ្មែរ ដូចជា ក្រុមហ៊ុនវិនិយោគខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ វារីអគ្គិសនី និង ការរុករករ៉ែ ជាដើម។
សរុបមកវិញ ឥទ្ធិពលរបស់ចិននៅកម្ពុជា ពិតជាមានលក្ខណៈលេចធ្លោគួរឱ្យកត់សម្គាល់ ទាំងវិស័យភាពយន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ទាំងផ្ទៃក្នុងប្រទេស តំបន់ និង អន្តរជាតិ ដោយសារតែចិនជាមិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាផង ចិនអ្នកផ្ដល់ជំនួយឱ្យកម្ពុជាធំជាងគេបំផុតផង ហើយទុនវិនិយោគរបស់វិស័យឯកជនចិននៅកម្ពុជាក៏ច្រើនជាងគេដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com