ជាតិ
៩ឆ្នាំក្រោយមក ក្រសួងអប់រំហៅអ្នកជាប់បាក់ឌុបឆ្នាំ ២០០៧ ឲ្យទៅដកសញ្ញាបត្រ
× ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ឲ្យចាត់តំណាងមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៧ ដើម្បីយកទៅចែកជូនបេក្ខជនដែលបានប្រឡងជាប់ ដោយឥតគិតថ្លៃ។
បើតាមលិខិតចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក អ៊ឹម កុច រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរថា៖«ខ្ញុំសូមជម្រាបលោក លោកស្រីប្រធានថា ក្រសួងអប់រំ យុវជន និងកីឡាបានផលិតសញ្ញាបត្រមធ្យមសិក្សាសម័យប្រឡង ០៦ សីហា ឆ្នាំ២០០៧ រួចរាល់ហើយ»។ ទន្ទឹមជូនដំណឹងស្តីពីការទទួលសញ្ញាបត្របាក់ឌុប ក្រសួងបញ្ជាក់ថា៖«រាល់បាតុភាពទាំងឡាយណា ដែលកើតចេញពីការចែកសញ្ញាបត្រនេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត»។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អាចដកសញ្ញាបត្របណ្តោះអាសន្ន តែប៉ុណ្ណោះ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការពួកគេ៕
Tag:
ក្រសួងអប់រំ
សញ្ញាបត្រ
អប់រំ
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com