កីឡាអន្តរជាតិ
ជាតិ
កីឡាករ សែន រ៉ា​ឌី នឹង​បន្ត​អនុបណ្ឌិត​ច្បាប់​ដើម្បី​ចាប់​អាជីព​ជា​មេធាវី​
10, Feb 2016 , 8:59 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង និង​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម សែន រ៉ា​ឌី នឹង​បន្ត​យក​អនុបណ្ឌិត​ផ្នែក​ច្បាប់​ក្រោយ​ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ កាលពី​២០១៥​កន្លងទៅនេះ ដើម្បី​សម្រេច​បំណង​ចង់​ក្លាយជា​មេធាវី​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​។



​កីឡាករ​ប្រដាល់ សែន រ៉ា​ឌី បានរៀបចំ​គម្រោង​រប​ស់​ខ្លួន​រួចហើយ​ថា នឹង​បន្ត​យក​អនុបណ្ឌិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ក្រោយពី​ចប់​ថ្នាក់​បរិញ្ញាបត្រ​កាលពីពេល​ថ្មីៗ​កន្លងទៅ ដើម្បី​សម្រេច​បំណង​របស់ខ្លួន​ដែល​ចង់​ក្លាយជា​មេធាវី​ម្នា​ក់នៅ​កម្ពុជា និង​ដើម្បី​បណ្តុះ​គំនិត​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។ ទោះបីជា​យ៉ាងនេះ​ក្តី​កីឡាករ​រូបនេះ​មិនបាន​បោះបង់​អាជីព​ជា​អ្នកកីឡា​ក្នុងអំឡុងពេល​បន្ត​ការសិក្សា​នោះទេ ប៉ុន្តែ​វា​ជា​ឱកាស​សម្រាប់​គេ​ទៅវិញ​ក្នុង​ការបន្ត​អាជីព​ជា​កីឡាប្រដាល់ និង​កីឡាករ​វ៉ូ​វី​ណា​ម​ថែម​ទៀតផង​។ 

​កីឡាករ​រូបនេះ​បញ្ជាក់ថា​៖«​ខ្ញុំ​នឹង​បន្ត​យក​អនុបណ្ឌិត​ច្បាប់​បន្ថែមទៀត ដើម្បី​សម្រេច​បំណង​ចង់​ក្លាយជា​មេធាវី​របស់ខ្ញុំ ប៉ុន្តែ​ទោះបីជា​មិនបាន​ធ្វើជា​មេធាវី​ក៏​ខ្ញុំ​ចាប់យក​អ្វី​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​ការបន្ត​នេះ​ខ្ញុំ​មិន​បោះបង់​អាជីព​ជា​អ្នកកីឡា​ក្នុងអំឡុងពេល​បន្ត​ការសិក្សា​នោះទេ តែ​វា​ជា​ឱកាស​សម្រាប់​ខ្ញុំ​ទៅវិញ​ទេ​ក្នុង​ការបន្ត​អាជីព​ជា​អ្នក​ប្រដាល់​»​។ 

​ក្នុងនាម​ជា​អ្នក​ប្រដាល់សេរី​ផង និង​កីឡាករ​វ៉ូ​វី​ណា​ម​ផង​ក៏ដោយ ប៉ុន្តែ​ការហ្វឹកហាត់ និង​ការប្រកួត​មិនមាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ម្ចាស់​ជើងឯក​មេដាយមាស​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម​នោះទេ  តែ​វា​ជា​កត្តា​ជួយ​ជំរុញ​ឲ្យ​កីឡាករ​រូបនេះ​កាន់តែ​រឹងមាំ និង​កាន់តែខ្លាំង ហើយ​បច្ចុប្បន្ន​កីឡាករ​រូបនេះ​មិនមាន​ជាប់​កុងត្រា​ជាមួយ​ស្ថានីយទូរទស្សន៍​ណាមួយ​នោះទេ​។ ជាមួយគ្នានេះ​កីឡាករ សែន រ៉ា​ឌី បាន​ប្រាប់​ពី​របៀប​នៃ​ការហ្វឹកហាត់ និង​ការប្រកួត​ថា​៖«​ដោយសារ​កីឡា​វ៉ូ​វី​ណា​ម និង​ប្រដាល់​ប្រហាក់ប្រហែលគ្នា​ពេលព្រឹក​ខ្ញុំ​រត់​ហ្វឹកហាត់​កីឡា​វ៉ូ​វី​ណា​ម និង​ប្រដាល់​រួមគ្នា ចំណែក​នៅពេល​ល្ងាច​បន្ទាប់ពី​ហាត់​ប្រដាល់​ចប់ ខ្ញុំ​ទៅ​បន្ត​ហាត់​កីឡា​វ៉ូ​វី​ណា​ម​។ សម្រាប់​ការប្រកួត​ប្រសិនបើ​មានការ​ជាន់គ្នា បើ​មួយណា​អាច​ចោល​បាន ចោល​មួយ​នឹង ប៉ុន្តែ​ខ្ញុំ​គិតថា​វ៉ូ​វី​ណា​ម​ប្រហែល​ជាមាន​អាទិភាព​ជាង​ព្រោះ​ខ្ញុំ​ជា​កីឡាករ​ជម្រើសជាតិ​»​។​

​គួរ​បញ្ជាក់ថា អ្នកលេង​គុន​ខ្មែរ សែន រ៉ា​ឌី ដែល​គេ​ស្គាល់​នៅលើ​ពី​ភព​លោក​តាមរយៈ​កីឡា​វ៉ូ​វី​ណា​ម​ថា ទិន ភាព ទទួលបាន​មេដាយមាស​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម​នៅ​ប្រទេស​អាល់​ហ្សេ​រី​ក្នុង​ព្រឹត្តិការណ៍ World Vovinam Championship 2015 ដែលមាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន ៤០​ប្រទេស​ទូទាំង​ពិភពលោក​៕


Tag:
 កីឡាប្រដាល់​
  វ៉ូ​វី​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com