ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
តើ CPP និង​CNRP ចំណេញ​ពី​ការបង្កើត​គណបក្ស​ថ្មី ឬក៏​ខាតបង់​ទៅវិញ​?
10, Feb 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គិត​ត្រឹម​ឆ្នាំ​១៩៩៣​មក គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា​«CPP»​ទទួលបាន​អាសនៈ​ច្រើន​ជា​លំដាប់ គ្រាន់តែ​ចំនួន​កៅអី​មានការ​ប្រែប្រួល​ពី​អាណត្តិ​មួយ​ទៅមួយ​អាណត្តិ​ទៀត​ប៉ុណ្ណោះ​។ នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៣​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន​៦៨ ទល់នឹង​៥៥​កៅអី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយមាន​ការចូលរួម​បោះឆ្នោត​ពី​គណបក្សនយោបាយ​ចំនួន​៨ ។ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខ គណបក្ស​ថ្មី​ចំនួន​៩​បន្ថែមទៀត​បានប្រកាស​បង្កើតឡើង ដូច្នេះ សំណួរ​នៅពេលនេះ គឺថា តើ​គណបក្ស CPP និង​គណបក្ស CNRP  នឹង​ទទួលបាន​ផលចំណេញ​ពី​ការបង្កើត​គណបក្ស​ថ្មី ឬក៏​ខាតបង់​ទៅវិញ​?



​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ សូម​រម្លឹក​បន្តិច​ថា កាលពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុ​ជាមាន​គណ​បក្សនយោបាយ​ចំនួន​២០, ឆ្នាំ​១៩៩៨ គណបក្សនយោបាយ​មាន​កើន​ឡើងដល់​ចំនួន​៣៩, ២០០៣ ចំនួន​គណបក្សនយោបាយ​បាន​ថយចុះ​មកវិញ​នៅ​ចំនួន​២៣, ហើយ​វា​បន្ត​ចុះមក​ត្រឹម​ចំនួន​១១ នៅ​ឆ្នាំ​២០០៨ និង​មានតែ​៨​គណបក្ស​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៣​កន្លងមកនេះ​។

​ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ប្រែប្រួល​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយទៀត​។ កាលពី​ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​៥១, នៅ​ឆ្នាំ​១៩៩៨​ទទួលបាន ៦៤, នៅ​ឆ្នាំ​២០០៣​ទទួលបាន ៧៣, នៅ​ឆ្នាំ​២០០៨ ទទួលបាន​៩០, និង​នៅ​ឆ្នាំ​២០១៣​កន្លងមកនេះ​ទទួលបាន ៦៨​កៅអី​។

​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៣​មក បាន​ប្រែប្រួល​នៅតាម​ការឡើង​ចុះ​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​មួយផ្នែកធំ និង​ម្យ៉ាងទៀត វត្តមាន​នៃ​គណបក្ស​ថ្មីៗ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ក៏​រួមចំណែក​ធ្វើ​ឲ្យ​កៅអី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ប្រែប្រួល​ខ្លះ​ដែរ​។ ងាក​មក​គណបក្សប្រឆាំង​វិញ កៅអី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដើមឡើយ​ជា​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រែប្រួល​មួយផ្នែក​ទៅតាម​វត្តមាន​ឡើង​ចុះ​នៃ​គណបក្សនយោបាយ​ថ្មី​ដែរ​។ ជាក់ស្តែង ក្រោយ​ការបង្រួបបង្រួម​នៃ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​អាសនៈ​បាន​កើន​ឡើងដល់​ទៅ​៥៥​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​កន្លងមក​។

​ចុះ​សម្រាប់​ឆ្នាំ​២០១៧ និង​ជាពិសេស ឆ្នាំ​២០១៨​ខាងមុខនេះ តើ​គណបក្ស​បង្កើត​ថ្មី​ចំនួន​៩ អាចធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រែប្រួល​សំឡេង និង​អាសនៈ​ឬទេ​?

​សង្គម​មានការ​ប្រែប្រួល គំនិត​របស់​អ្នកបោះឆ្នោត​ជឿនលឿន​ជាង​មុន​។ ដូច្នេះ ជាការ​ពិត វា​អាច​នាំ​ឲ្យ​សន្លឹកឆ្នោត​មានការ​ផ្លាស់ប្តូរ​។ ទាក់ទង​ទៅនឹង​ចរន្ត​ថ្មី​នេះ អ្នកវិភាគ​មានការ​លើកឡើង​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​អត្ថាធិប្បាយ​ថា គណបក្ស​ថ្មីៗ​មួយចំនួន​ដែលមាន​និន្នាការ​មិន​ស្រប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទាញ​បំបែក​សំឡេង​គណបក្សប្រឆាំង​ឲ្យ​ធ្លាក់ចុះ​មួយចំនួន​ដែរ​។ គណបក្ស​ថ្មី​ដដែល​នោះ តែងតែ​វាយប្រហារ ហែកកេរ្តិ៍​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ ចង់​មិន​ចង់ ការវាយប្រហារ​នេះ​អាចធ្វើ​ឲ្យ​មតិ​មហាជន​មួយចំនួន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត​បោះឆ្នោត​គាំទ្រ​ពេញទំហឹង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​។

 រីឯ គណបក្ស​ថ្មី​មួយចំនួនទៀត​ដែល​មិន​ស្រប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ទាញ​បំបែក​សំឡេង​ពី​គណបក្សកាន់អំណាច​ខ្លះ​ដែរ​។ គណបក្ស​នេះ តែងតែ​រក​ចំណុចខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​បកអាក្រាត​ជារឿយៗ​។ ដូច្នេះ ចង់​មិន​ចង់ សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​បែកខ្ញែក​ខ្លះ​ដែរ​។ ក្នុងចំណោម គណបក្ស​ថ្មីៗ​ទាំង​៩​នេះ ក៏មាន​គណបក្ស​ខ្លះ​ប្រកាន់​គោលការណ៍​កណ្តាល​និយម មានន័យថា ពួកគេ​មិនសូវ​វាយប្រហារ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​ឡើយ ដូចជា ករណី គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម​។ គណបក្ស​នេះ​ដឹកនាំ​ដោយ​ក្រុម​បញ្ញវន្ត​មួយក្រុម​ដែល​តំណាង​ដោយ​លោក យ៉ង់ សាំង​កុមារ អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កសិកម្ម​សេ​ដាក់​។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​ទាញ​សំឡេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ និង​អាច​ទាញ​បំបែក​សំឡេង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ ពីព្រោះ គណបក្ស​នេះ​មាន​បណ្តាញ​ស៊ីជម្រៅ​ជាមួយ​កសិករ ដែល​កសិករ​កាលពីពេល​មុន​ជា​សមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក យ៉ង់ សាំង​កុមារ ធ្លាប់​បញ្ជាក់ប្រាប់​ថ្មីៗ​ថា គណបក្ស​ខ្លួន​ប្រាថ្នា​ចង់​បំបែក​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឲ្យ​បាន​៥០+១ មានន័យថា គណបក្ស​នេះ​មិន​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេង ៥០+១ ដាច់ខាត​ឡើយ​។

​ប្រសិនបើ​គណបក្ស​នីមួយៗ (​មិន​ថា​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​) មិនអាច​ទទួលបាន​សំឡេង ៥០+១ ដាច់ខាត ពេលនោះ គណបក្ស​នីមួយៗ​ត្រូវ​បង្ខំចិត្ត​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ដទៃ​ដើម្បី​អាចដឹកនាំ​ប្រទេស​បាន​។ ការដឹកនាំ​ប្រទេស​ដោយ​យក​រូបមន្ត​រដ្ឋាភិបាល​ចម្រុះ ពេលខ្លះ អាច​ថា​ល្អ ពេលខ្លះ អាច​ថា អាក្រក់​។ ល្អ ក្នុងន័យ​ថា បើ​គណបក្ស​នីមួយៗ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​។ តែបើ​បក្ស​នីមួយៗ ខ្ទាស់​គ្នា​ទៅវិញទៅមក​មិន​ឲ្យ​ធ្វើ​ការកើត ពេលនោះ លទ្ធផល​នៃ​រដ្ឋាភិបាលចម្រុះ គឺ​អាក្រក់​។ 

​សរុបសេចក្តី​មកវិញ បើទោះបីជា​កំណើត​គណបក្ស​ថ្មី​អាចធ្វើ​ឲ្យ​ប៉ះពាល់​សំឡេង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដូចគ្នា​មែន​ក៏ដោយ ក៏​អ្នកវិភាគ​នៅតែ​យល់ឃើញថា វត្តមាន​បក្ស​ថ្មី​អាច​គំរាមកំហែង​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខ្លាំង​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទាញ​ផលចំណេញ​បាន​ខ្លះ​ពី​ការបង្កើត​គណបក្ស​ថ្មី​នេះ​ក៏​អាច​ថា​បាន ពីព្រោះ គណបក្ស​ថ្មី​មួយចំនួន​ត្រូវបាន​បង្កើតឡើង​ដោយសារ​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​ទោះជា​យ៉ាងណា មានតែ​លទ្ធផល​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៧ និង​២០១៨​ទេ​ដែល​អាច​បង្ហាញ​ការពិត​បាន​៕


Tag:
 CPP
  ​CNRP
© រក្សាសិទ្ធិដោយ thmeythmey.com