បទវិភាគ
សេដ្ឋកិច្ច
ការទទួលផលពីកំណើនសេដ្ឋកិច្ចមិនស្មើគ្នា
19, Mar 2016 , 11:40 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ជា​មធ្យម​ប្រមាណ​៧​ភាគរយ​ប្រចាំឆ្នាំ​។ វិស័យ​សំខាន់ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កើនឡើង​មាន​ចំនួន​៤​វិស័យ គឺ វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ និង​វិស័យ​កសិកម្ម​។ តែ​អ្វី​ដែលជា​សំណួរ​របស់​ពលរដ្ឋ​ទូទៅ​នៅពេលនេះ​គឺថា​តើ​ហេតុអ្វី​បានជា​សេដ្ឋកិច្ច​មានការ​រីកចម្រើន តែ​ពលរដ្ឋ​នៅតែ​ក្រ​?



ស្តាប់សំឡេង



 
​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ គឺជា​ក្រឹត្យក្រម​ធម្មជាតិ ពីព្រោះ មនុស្ស​មានការ​គិត​ផ្សេងគ្នា និង​មាន​បញ្ញា​ខុសៗ​គ្នា​។ ការខិតខំ​ប្រឹងប្រែងរ​ប​ស់មនុស្ស ក៏មាន​កម្រិត​ផ្សេងៗ​គ្នា​ដែរ ហេតុដូច្នេះ ទើប​វា​មាន​អ្នកខ្លះ​ក្លាយជា​អ្នកមាន និង​អ្នកខ្លះ​ក្លាយជា​អ្នកក្រ ឯ​ខ្លះ​ក៏មាន​ជីវភាព​បង្គួរ និង​មធ្យម​។ 
 
​ជាទូទៅ នៅក្នុង​គ្រប់​សង្គម​ទាំងអស់ អ្នកមាន​តែងតែមាន​ចំនួន​តិចតួច ឯ​អ្នកក្រ​តែងតែមាន​ចំនួន​ច្រើន​។ ប៉ុន្តែ ប្រទេស​ដែលមាន​ការរីកចម្រើន​ជឿនលឿន តែងតែ​រិះរក​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​និង​អ្នកក្រ​។ ប្រទេស​ខ្លះ បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​អ្នកមាន​ដូចជា ការយកពន្ធ​ច្រើន​ពី​អ្នកមាន​ជាដើម ដើម្បី​បង្កើតជា​កញ្ចប់​ថវិកា​ជួយ​អ្នកក្រីក្រ​។ លើសពីនេះ ការសម្រួល​ដល់​ភាពងាយស្រួល​ដល់​អ្នកក្រ ក៏ត្រូវ​ប្រទេស​ទាំងនោះ បានធ្វើ​យ៉ាងសកម្ម​ផងដែរ​។ ក្នុងនោះ​រួមមាន​៖ ការបង្កើត​ព្រឹត្តិការណ៍​មនុស្សធម៌​ផ្សេងៗ ការព្យាបាល​ជំងឺ​ដោយ​មិន​យកប្រាក់​កម្រៃ ការធ្វើ​ឲ្យ​អ្នកក្រ​ទទួលបាន​ប្រព័ន្ធ​អប់រំ​ដែលមាន​គុណភាព​។​ល​។ ការសម្រួល និង​ការជួយជ្រោមជ្រែង​ពី​រដ្ឋ​ចំពោះ​អ្នកក្រីក្រ បានធ្វើ​ឲ្យ​អ្នកក្រ​មានឱកាស​ក្នុងការ​អភិវឌ្ឍ​ជីវភាព​របស់ខ្លួន ដើម្បី​គេចចេញ​ពី​បន្ទាត់​នៃ​ភាពក្រីក្រ​។ 
 
​ដោយឡែក​នៅ​កម្ពុជា​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ សេដ្ឋកិច្ច​កំពុងមាន​ការរីកចម្រើន​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រហែល​៧​ភាគរយ​ដែល​ពឹង​ផ្អែកលើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការនាំចេញ​ផលិតផល​ឧស្សាហកម្ម និង​កសិកម្ម​ទៅលើ​ទីផ្សារ​អន្តរជាតិ​។ ក្នុងនោះ វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង បាន​នាំ​ចំណូល​សេដ្ឋកិច្ច​ច្រើនជាងគេ​។ ក្រៅពីនោះ វិស័យ​ទេសចរណ៍ សំណង់ និង​វិស័យ​កសិកម្ម បានរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ចំណូល​សេដ្ឋកិច្ចជាតិ​។ 
 
​ជាការ​ពិត គេ​ត្រូវ​ទទួលស្គាល់ថា នៅ​កម្ពុជា​អ្នកមាន បាន​គ្រប់គ្រង​សេដ្ឋកិច្ច​នៅក្នុង​ដៃ ស្ទើរ​ទាំងស្រុង​។ អ្នកមាន​ដែលមាន​ចំនួន​ប្រមាណ​១០​ភាគរយ បានដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​។ ពួកគេ​មាន​ចំណូល​ស្ទើរ​ស្មើ​ចំណូល​របស់​ប្រជាជន​ប្រមាណ​៩០​ភាគរយ​។ ពួកគេ​បានដាក់​ទុន​រកស៊ី​ទៅតាម​ផ្នែក​ផ្សេងៗ​ដូចជា អប់រំ ហិរញ្ញវត្ថុ សណ្ឋាគារ​ផ្ទះសំណាក់ កសិកម្ម ឧស្សាហកម្ម ទូរគមនាគមន៍ ប្រេង ដី​សម្បទាន​សេដ្ឋកិច្ច និង​រកស៊ី​កាប់​ឈើ​ជាដើម​។  អ្នកមាន​ទាំងនេះ ខ្លះ​រកស៊ី​ដោយ​ស្របច្បាប់ និង​ខ្លះទៀត​អាច​រកស៊ី​ដោយ​មិនសូវ​ស្របច្បាប់​។ អ្នកមាន​ធនធាន​ទាំងនោះ ជា​ក្បាល​មា​ស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ ពីព្រោះ ពួកគេ បានដាក់​ទុនវិនិយោគ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ដែលមាន​សក្តានុភាព​សេដ្ឋកិច្ច និង​ទេសចរណ៍​ដទៃទៀត​។  
 
​ហេតុអ្វី​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​លើ​ដៃ​អ្នកមាន ឯ​អ្នកក្រ​ត្រដររស់​ទាំង​ត្រដាបត្រដួស​?
​នៅពេល​គេ​ក្រឡេក​ទៅ​មើល​វិស័យ​ទេសចរណ៍​ដែល​កម្ពុជា​កំពុងមាន​សក្តានុភាព គឺជា​មោទនភាព​ជាតិ​យ៉ាងខ្លាំង​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ ផល​ផ្លែ​នៃ​កំណើន​អ្នកទេសចរ គឺ​ពុំបាន​នាំ​ចំណូល​ដល់​ប្រជាជន​ទូទៅ​ច្រើន​នោះទេ​។ ជាក់ស្តែង ស្ទើរ​គ្រប់កន្លែង​នៃ​គោលដៅ​ទេសចរណ៍ គឺ​អ្នកមាន​ជា​អ្នកទទួលផល​ស្ទើរ​ទាំងស្រុង ពីព្រោះ ពួកគេ​បាន​បង្កើត​សេវា​ជា​កញ្ចប់ មានន័យថា ពួកគេ​បាន​សាង់សង់​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ដល់​អ្នកទេសចរ​។ សេវា​ជា​កញ្ចប់ គឺ​បង្ក​ការងាយស្រួល​ដល់​អ្នកទេសច​រ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ អ្នកក្រីក្រ​ដែលជា​អ្នក​ប្រក​បរបរ​តូចតាច កំពុង​ប្រឈម​នឹង​ការបាត់បង់​មុខរបរ​។​គិត​មក​ត្រឹម​ឆ្នាំ​២០១៥ អ្នកទេសចរ​បរទេស បាន​ចូលមក​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​២​លាន​៣​សែន​នាក់​។ ប៉ុន្តែ​ចាប់តាំងពី​ចុះ​ពីលើ​យន្តហោះ​រហូតដល់​កន្លែង​ទេសចរណ៍ ភ្ញៀវទេសចរ​ស្ទើរតែ​ពុំបាន​ចាយលុយ​ជាមួយ​អ្នករត់ម៉ូតូឌុប អ្នករត់​កង់​បី និង​អ្នកលក់ដូរ​បន្តិចបន្តួច​នោះទេ​។​
 
​ដោយឡែក​វិស័យ​ដីធ្លី​ឯណេះ​វិញ អ្នកមាន​មួយ​ក្តាប់​តួច​ទទួលបាន​ដី​រាប់ពាន់ រាប់ម៉ឺន​ហិច​តា ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ ពលរដ្ឋ​ទូទៅ មិនមាន​ដី​គ្រប់គ្រាន់​ក្នុងការ​បង្កបង្កើនផល​នោះទេ​។ កុំថាឡើយ​ដី​បង្កបង្កើនផល ពលរដ្ឋ​ខ្លះ​សូម្បីតែ​ដី​សម្រាប់​សង់​លំនៅស្ថាន​ក៏​គ្មាន​ផង​។ គ្មាន​ដី គឺ​គ្មានអ្វីៗ​ទាំងអស់​។ បញ្ហា​នេះ ទើប​ជំរុញ​ពលរដ្ឋ​ជាច្រើន ធ្វើ​ចំណាកស្រុក​ទៅ​ទីក្រុង និង​ធ្វើ​ចំណាកស្រុក​ទាំង​ស្របច្បាប់​និង​ខុសច្បាប់​ទៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ 
 
​ងាក​ទៅ​មើល​វិស័យ​អប់រំ​វិញ ពលរដ្ឋ​ជាច្រើន​ទទួលបាន​ការបណ្តុះបណ្តាល​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ ដែល​ពលរដ្ឋ​រិះគន់ថា នៅមាន​ភាពទន់ខ្សោយ​បើ​ប្រៀបធៀប​នឹង​ការអប់រំ​ក្នុង​វិស័យ​ឯកជន​។ កង្វះ​ចំណេះដឹង គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ​បន្ថែមទៀត​។​
 
​ដូច្នេះ ដើម្បី​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ចែក​ផ្លែផ្កា​នេះ​ឲ្យ​ស្មើភាព​ដល់​ពលរដ្ឋ​ទូទៅ​នៅក្នុង​សង្គម​ការអភិវឌ្ឍ​ន៍​សេវាសាធារណៈ គឺជា​គន្លឹះ​ដ៏​សំខាន់ សម្រាប់ធ្វើ​ឲ្យ​អ្នកក្រីក្រ​ទទួលបាន​ការ​គាំពារ និង​រួច​ផុតពី​ភាពក្រីក្រ​។  លើសពីនេះ យន្តការ​ទប់ស្កាត់​ការរកស៊ី​ផ្តាច់មុខ​របស់​ឈ្មួញ គឺ​ចំណុច​ដែល​រដ្ឋ​មិនគួរ​មើលរំលង​ឡើយ​។ ម្យ៉ាងវិញទៀត រដ្ឋ​ត្រូវ​ជួយ​អ្នកក្រីក្រ​ឲ្យ​មាន​មុខរបរ និង​អាច​រកចំណូលបាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​ជីវភាព​ប្រសើរ​។ 
 
​សុខដុម​រម​នីយកម្ម​នៅក្នុង​ប្រទេសមួយ គឺ​មិនមែន​ផ្អែក​តែ​ទៅលើ​តួលេខ​កំណើនសេដ្ឋកិច្ច​នៅលើ​ក្រដាស​មួយ​មុខ​នោះទេ​។ តែ​ការបែងចែក​កំណើន​ឲ្យ​មាន​សមភាព គឺជា​រឿង​ចាំបាច់​បំផុត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com