ជាតិ
សង្គមជាតិ
មនុស្ស​ស្លាប់ ៨នាក់ និង​របួសធ្ងន់ ២៥នាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​បាត់ដំបង
23, Apr 2016 , 7:26 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្លាប់​ចំនួន ៨នាក់ និង​របួសធ្ងន់ ២៥របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង ដឹក​អ្នកដំណើរ​បុក​រថយន្ត​ស្ទូច នៅ​រសៀល​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅ​ខេត្តបាត់ដំបង។ នេះ​បើតាម​ការបញ្ជាក់ព័ត៌មាន​បឋម​ពី​លោក ស ថេត ស្នងការ​នគរបាលខេត្តបាត់ដំបង។



លោក ស ថេត បាន​ប្រាប់​ព័ត៌មាន​បឋម​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បើកបរ​បញ្ចៀស​ទិស​គ្នា​នេះ នាំឲ្យជនរងគ្រោះ​ស្លាប់​ចំនួន ៨នាក់ (ព្រះសង្ឃ​មួយអង្គ) និង​រងរបួស​ធ្ងន់​ចំនួន ២៥នាក់។ យ៉ាងណា លោក​ពុំទាន់​ដឹងថា ជនរងគ្រោះ​ទាំងអស់​សរុប​ចំនួន​ប៉ុន្មាន​នាក់​ឡើយ។ លោក​ប្រាប់​យ៉ាងខ្លី ថា៖«នៅពេលនេះ សមត្ថកិច្ច​យើងកំពុង​ទាញ​ជនរងគ្រោះ​ចេញពី​រថយន្ត និង​បញ្ជូនទៅ​សង្គ្រោះ នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត»។

បើតាម​លោកស្នងការ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។ ក្រោយពី​ពិនិត្យ​កន្លែង​គ្រោះថ្នាក់​រួច លោកស្នងការ​សន្និដ្ឋាន​បឋម​ថា រថយន្តក្រុង​ជា​អ្នកបង្ក​គ្រោះថ្នាក់​នេះ ពីព្រោះ រថយន្តក្រុង​បាន​បើកបរ​បំពាន​ចូល​លើ​គន្លង​ផ្លូវ​ចរាចរ​ម្ខាង​ទៀត៕


Tag:
 ចរាចរណ៍
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com