ជាតិ
អាដហុក មិន​យល់​ពី​ស្រីមុំ
26, Apr 2016 , 10:51 am        
រូបភាព
ដោយ:
​ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស អាដហុក លោក ធន សារាយ ហាក់​មិន​ពេញចិត្ត​ចំពោះ​ទង្វើរ​របស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ឡើយ​។ លោក​ ធន សារាយ អះអាងថា សមាគម​អាដហុក​ ​ជួយ​ជ្រោមជ្រែង​បញ្ហា​ស្រីមុំ កន្លងមកនេះ គឺ​ធ្វើតាម​ការស្នើសុំ​ជួយ​អន្តរាគមន៍​ពី​សាមីខ្លួន ដោយ​ស្របតាម​គោលការណ៍​ច្បាប់ការពារសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​។​




​លោក ធន សារាយ ដែល​ចាត់ទុក​ករណីនេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​សមាគម​អាដហុក​លោក​នោះ បានដាក់​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ស្រីមុំ ផ្ដល់​ចម្លើយ​២​ផ្សេងគ្នា​ ដល់​អាដហុក និង​តុលាការ​? ព្រោះ​ដើមឡើយ​កញ្ញា​ស្រីមុំ និង​ម្ដាយ​នាង​ បាន​មកសុំ​ឲ្យ​អាដហុក​ជួយ​ដោះស្រាយ​បញ្ហា​នាង។ នៅពេលនោះ ស្រីមុំ ​អះអាងថា នាង​មិន​ស្គាល់​ឯកឧត្តម កឹម សុខា ឡើយ តែ​ក្រោយមក​ស្រីមុំ បែរជា​ទទួលស្គាល់​ការពិត ហើយ​ចោទ​មន្ត្រី​អាដហុក ជា​អ្នក​បង្គាប់​ឲ្យ​នាង​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​សមត្ថកិច្ច​ទៅវិញ​។​
  
​ថ្លែង​នៅ​សន្និសីទកាសែត​ព្រឹក​នេះ ប្រធាន​សមាគម​អាដហុក​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង​គាត់​(​ស្រីមុំ​)​មក​ប្រាប់​យើង ដូច្នេះ​ថា​ការប្រឹក្សា​យោបល់ ការណែនាំ​ខាង​ផ្នែក​ច្បាប់ គឺ​ណែនាំ​ដោយ​ផ្អែកទៅលើ​ការពិត​មួយ​ដែល​គាត់​មក​ប្រាប់​យើង ដល់​គាត់​មាន​ការពិត​មួយទៀត​ទៅ​តុលាការ ហើយ​គាត់​ថា​យើង​មិន​ឲ្យ​គាត់​និយាយ​មួយទៀត​ទៅ​តុលាការ អយុត្តិធម៌​ដល់​យើង​ហើយ ព្រោះ​យើង​មិនដឹងថា​ការពិត​គាត់​មាន​ប៉ុន្មាន បើ​គាត់​មក​ប្រាប់​យើង​ថា​ការពិត​នេះ​»​។​
 
​ក្នុង​សន្និសីទកាសែត អាដហុក​ក៏បាន​បង្ហាញ​ពី​វីដេអូ​ឃ្លី​ប ដែល​កញ្ញា ស្រីមុំ មក​ពន្យល់​ប្រាប់​ហេតុផល ដើម្បីសុំ​អន្តរាគមន៍​ពី​អាដហុក​ផងដែរ​។ ជាមួយគ្នា​សមាគម​អាដហុក ក៏បាន​បញ្ចេញ​លិខិត​ស្នើរបស់​កញ្ញា​ស្រីមុំ ដែល​ធ្លាប់បាន​សុំ​ឲ្យ​អាដហុក​ជួយឧបត្ថម្ភ​លើ​ថ្លៃ​ដំណើរ កន្លែង​ស្នាក់នៅ និង​ជួយ​អន្តរាគមន៍​ ទៅ​បំភ្លឺ​ទៅ​ក្រសួងមហាផ្ទៃ និង​តុលាការ​ជាដើម​។ ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​អា​ហុក​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយសារ​នាង​ខ្ញុំ និង​ម្ដាយ​ជា​ជនក្រីក្រ ​រងគ្រោះ​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ​ផ្នែក​នយោបាយ​ និង​រង​ការចោទ​ប្រកាន់ និង​បរិហារកេរ្តិ៍​ខ្លាំង​ហួសហេតុ​មកលើ​រូបនាង​ខ្ញុំ​យ៉ាង​អយុត្តិធម៌​»។​
  
​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹង​ករណីរបស់ស្រីមុំនេះ មន្ត្រី​សមាគមន៍​អាដហុក​ចំនួន​៥​នាក់​ ត្រូវបានអង្គភាពប្រឆាំង​អំពើពុករលួយចេញលិខិតកោះហៅ ដោយមាន​ខ្លឹមសារ​ដូចគ្នា។ មន្រ្តីទាំង៥រូបនោះ រួមមានអតីត​មេធាវី​ស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈួ​ន លោក លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​និង​លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​។ តាម​លិខិត​កោះហៅរបស់ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង ​និង​អន្តរជាតិលោក នួន សុធី​មន្ត​នោះ អ្នកស្រី ទ្រី ឈួ​ន ត្រូវ​បង្ហាញខ្លួន​នៅ​អង្គភាព​នៅ​ថ្ងៃទី​២៧ ខែមេសា វេលា​ម៉ោង​៨​ព្រឹក លោក នី សុខា នៅ​ម៉ោង​៩​ព្រឹក លោក យី សុខសាន្ត នៅ​ម៉ោង​២​រសៀល​និង​លោក​ណៃ វ៉ង​ដា នៅ​ម៉ោង​៣​រសៀល​។ ចំណែក​លោក លឹម មុនី ត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃទី​២៨ ខែមេសា វេលា​ម៉ោង​១០​ព្រឹក៕
 

Tag:
 អាដហុក
  ​ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com