អន្តរជាតិ
ក្រុម​អន្ធពាល​Yakuza ជួយ​ប្រជាជន​ជប៉ុន​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​
26, Apr 2016 , 8:59 pm        
រូបភាព
​នៅ​ខណៈដែល​ប្រជាជន​ជប៉ុន​ កំពុងតែ​ដង្ហោយ​រក​ជំនួយ​ក្រោយ​រញ្ជួយ​ដី​នៅ​Kumamoto ក្រុម​អន្ធពាល​ប្រចាំ​តំបន់​មួយក្រុម​ ក៏​កំពុងតែ​ញាប់ដៃ​ជួយ​ជនរងគ្រោះ​ដូចគ្នា​ដែរ​។ ពួកគេ​បានផ្ដល់​ជំនួយ​បន្ទាន់​ដល់​ប្រជាជន​ជប៉ុន​ ដែល​ប៉ះពាល់​ដោយ​រញ្ជួយ​ដី​ពីរដង​នៅ​ពាក់កណ្ដាល​ខែមេសា​។



​ព្រម​ជាមួយនឹង​មន្ត្រីប៉ូលិស ក្រុម​ពន្លត់អគ្គីភ័យ និង​ទាហាន​រាប់ពាន់នាក់ ដែល​កំពុង​ជួយ​ជនរងគ្រោះ ក្រុម​អន្ធពាល​មួយក្រុម​ឈ្មោះ Daimon-kai ក៏បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះដែរ​។ ក្រុម​នេះ​បានផ្ដល់​ទឹក អាហារ​កំប៉ុង និង​ក្រដាសអនាម័យ​ដល់​ប្រជាជន​នៅ​តំបន់​Kumamoto​។​

​រញ្ជួយ​ដី​ពីរលើក​ នៅ​ពាក់កណ្ដាលខែ​មេសា បានសម្លាប់​មនុស្ស​៤៨​នាក់ និង​ពីរ​នាក់​ទៀត​បន្ត​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ដ៏​អាក្រក់ ​ដែល​វាយប្រហារ​តំបន់​នេះ​ ក្នុង​រយៈពេល​១២០​ឆ្នាំ​កន្លងមកនេះ​។ បើតាម Telegraph ប្រជាជន​ប្រមាណ​១៣០០​នាក់ កំពុងតែ​ព្យាបាល ខណៈដែល​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​ត្រូវបាន​បំផ្លាញ ឬ​មិនមាន​សុវត្ថិភាព ដ្បិត​រលក​រញ្ជួយ​នៃ​ការវាយប្រហារ​នៅតែ​បន្ត​ក្នុង​តំបន់​នេះ​នៅឡើយ​។

​ជាមួយគ្នានេះ ក្នុង​រយៈពេល​ដប់​ថ្ងៃនេះ ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​របស់​ជប៉ុន ​បាន​កត់ត្រា​ចំនួន​រញ្ជួយ​ដល់​ទៅ​៨៨៤​ដង ហើយ​គេ​បារម្ភ​ថា នឹងមាន​ការវាយប្រហា​រ​ដ៏​ធំ​មួយទៀត ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ និងផ្ទះសម្បែង​ដែលរងការ​វាយប្រហារ​ដោយ​សារការរញ្ជួយ​លើក​មុន​។ មួយវិញទៀត នៅ​ស្រប​ពេលដែល​ជំនួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល​ជប៉ុន​កំពុង​បែងចែក ការរិះគន់​ជាច្រើន​ក៏​កើតឡើង​ចំពោះ​រដ្ឋាភិបាល ព្រោះ​ការផ្ដល់​ជំនួយ​មាន​ល្បឿន​យឺត​។​

​ព្រោះគ្រោះ​រញ្ជួយ​ដីនេះ​ធ្ងន់ធ្ងរ​ពេក​ ក្រុម​អន្ធពាល Daimon-kai ដែលជា​សាខា​របស់​ក្រុម Yamaguchi-gumi ក៏​លូកដៃ​ចូល​ជួយដែរ​។ តាមរយៈ​សារ​ដែល​បង្ហោះ​លើ​Twitter និង​ការ​ប្រាប់ត​គ្នា ក្រុម​អន្ធពាល Daimon-kai ប្រាប់​ប្រជាជន​ទាំងអស់​ ទៅយក​អ្វីដែល​ពួកគេ​ត្រូវការ ខណៈ​ក្រុម Daimon-kai បានរៀបចំ​សម្ភារចាំ​ចាច់រួច​ជា​ស្រេច​។ ទាក់ទិន​នឹង​ការជួយ​នេះ សមាជិក​ក្រុម​នេះ​និយាយថា៖« យើង​ធ្វើ​នេះ មិនមែន​ដើម្បី​យកមុខ​ក្រុម​នោះទេ តែ​ការជួយ​អ្នកទន់ខ្សោយ ជា​អត្តសញ្ញាណ​របស់​យើង»​។​

​កន្ល​ងមក ក្រុម​អន្ធពាល​នៅ​ជប៉ុន​ ក៏​ធ្លាប់​ចូលរួម​ជួយ​ប្រជាជន​រងគ្រោះ​ដែរ​។ ក្នុង​គ្រោះរ​ញ្ជួយ​ដី​នៅ​ទីក្រុង​កូ​បេ​ក្នុង​ឆ្នាំ​១៩៩៥ ដែល​សម្លាប់​មនុស្ស​៦​ពាន់​នាក់ ក្រុម Yamaguchi-gumi បាន​ក៏​ធ្វើ​ចង្ក្រាន​ស៊ុប ​ដល់​ជនរងគ្រោះ​ផងដែរ​។ ចំណែក​ក្រោយ​គ្រោះមហន្តរាយ​ឆ្នាំ​២០១១ ក្រុម​អន្ធពាល​នេះ ក៏​ផ្ដល់ជំនួយ​បន្ទាន់​ គឺ​ជម្រក​បណ្ដោះអាសន្ន និង​យាមកាម​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ផងដែរ ក្រោយ​លេច​ឮព័ត៌មាន​ថា មានការ​លួច​យក​៕  


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com