បទវិភាគ
ខ្វះទឹក និងស្រីមុំ រឿងធំនៅខ្មែរ!
× គ្រោះរាំងស្ងួត ពលរដ្ឋខ្វះទឹក សត្វស្រុក សត្វព្រៃ បាត់បង់ជីវិតជាបណ្តើរៗ គឺជាកង្វល់ដ៏ធំរបស់ជាតិទាំងមូល។ ចំពោះបញ្ហានេះ រដ្ឋាភិបាលកំពុងដុតដៃដុតជើងដោះស្រាយ ជាពិសេសការធ្វើយុទ្ធនាការចុះចែកទឹកជូនពលរដ្ឋដែលកំពុងមានការខ្វះខាត។ ប៉ុន្តែស្របពេលជាមួយគ្នានេះផងដែរ រឿងរ៉ាវរបស់នារីម្នាក់ឈ្មោះមុំ ដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយឯកឧត្តម កឹម សុខា ក៏ជាហេតុការណ៍កំពុងទាញយកប្រជាប្រិយភាពផងដែរនៅក្នុងបណ្តាសារព័ត៌មាន និងបណ្តាញសង្គម។
បាតុភូត El Nino ដែលបង្កឲ្យមានការឡើងសីតុណ្ហភាពក្តៅខ្លាំង កំពុងធ្វើឲ្យប្រទេសជាច្រើនក្នុងតំបន់អាស៊ានជួបគ្រោះរាំងស្ងួត។ បញ្ហានេះ សេដ្ឋវិទូ លោក Rajiv Biswas បានអះអាងថា សេដ្ឋកិច្ចអាស៊ានអាចនឹងខាតបង់ប្រាក់លើសពី១០ពាន់លានដុល្លារអាមេរិក។
សម្រាប់កម្ពុជា ការកើនឡើងកម្តៅដែលពេលខ្លះឡើងដល់៤១អង្សា គឺបាតុភូតមិនធ្លាប់កើនមានអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។ ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសម្ពោធផ្លូវមួយនៅខេត្តបន្ទាយមានជ័យ បានប្រកាសពីយុទ្ធនាការចែកទឹកដល់ពលរដ្ឋដែលកំពុងខ្វះខាត។ សម្តេចបានបញ្ជាក់ថា នេះ គឺជាយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ព្រោះរលកកំដៅ និងការរាំងស្ងួតរយៈពេលវែងបាននាំមកនូវផលលំបាកបែបនេះ ហើយយុទ្ធនាការនេះត្រូវការរយៈពេលវែង ហើយវិសាលភាពកាន់តែធំ ព្រោះបឹង ស្រះ ត្រពាំង អណ្តូង កាន់តែអស់ទឹក និងរីងស្ងួត តម្រូវឲ្យយើងបង្កើនការផ្គត់ផ្គង់កាន់តែច្រើន និងកាន់តែធំទូលាយថែមទៀត។
ក្រៅពីមនុស្ស ព្រៃឈើ សត្វស្រុក សត្វព្រៃគ្រប់ប្រភេទ ក៏កំពុងរង់ចាំការសង្គ្រោះផងដែរ ខណៈករណីភ្លើងឆេះព្រៃ បានបង្កវិនាសកម្មនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយព្រៃឈើរងការខ្ទេចខ្ទី សត្វខ្វះទីជម្រក និងបាត់បង់ជីវិតជាបណ្តើរៗ ។
ស្របពេលជាមួយគ្នានេះដែរ ស្ថាប័នសារព័ត៌មានជាច្រើននៅកម្ពុជា ត្រូវបែងចែកក្រុមការងារមួយទៀតដើម្បីតាមដានព័ត៌មានទាក់ទងនឹងរឿងរ៉ាវស្នេហារបស់នារីឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ហើយភាគីខាងប្រុសត្រូវបានគេចោទប្រកាន់ថា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា។
រឿងរ៉ាវស្នេហាដែលផ្តើមចេញពីសំឡេងខ្សែអាត់បង្ហោះដោយក្រុមអនាមិក បានក្លាយជាសំណុំរឿងដ៏វែងអន្លាយជាងការរត់ម៉ារ៉ាតុន។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតុលាការរាជធានីភ្នំពេញ ហាក់មានការមមាញឹកយ៉ាងខ្លាំងក្នុងសំណុំរឿងដែលមាន កញ្ញា ស្រីមុំ និងឯកឧត្តម កឹម សុខា ជាមនុស្សសំខាន់។
អ្នកផ្សេងទៀតដែលបានចូលពាក់ព័ន្ធរួមមាន ក្រុមយុវជនដឹកនាំដោយ លោក ស្រី ចំរើន បានធ្វើការទាមទារជាច្រើនលើកច្រើនសារដើម្បីឲ្យឯកឧត្តម កឹម សុខា ធ្វើការបកស្រាយ។ អ្នកលេងហ្វេសប៊ុកដ៏មានប្រជាប្រិយ កញ្ញា ធី សុវណ្ណថា បានប្តឹងទាមទារប្រាក់១លានដុល្លារពីអនុប្រធានបក្សប្រឆាំងពីបទបរិហារកេរ្តិ៍ ដោយយោងតាមការសន្ទនាក្នុងខ្សែអាត់មួយ។
ជាមួយគ្នានេះ លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយគាត់និយាយប្រាប់អាស៊ីសេរីថា សំណុំរឿងស្នេហានេះ ជាការរៀបចំរបស់បក្សកាន់អំណាច។
កាន់តែជ្រៅជាងនេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូន មេឃុំម្នាក់នៅកំពង់ចាម ឈ្មោះ ស៊ាង ចែត ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពីបទចោទសូកប៉ាន់សាក្សី ក្រោយ ACU ប្រកាសថា រកឃើញធាតុផ្សំគ្រប់គ្រាន់ទាក់ទងនឹងរឿងលុយ៥០០ដុល្លារអាមេរិក ដែលស្រីមុំ អះអាងក្នុងលិខិតចំហរមួយថា លោក ស៊ាង ចែត យកទៅឲ្យម្តាយរបស់នាងដើម្បីកុំឲ្យនិយាយការពិតទាក់ទងនឹងស្នេហារវាងនាង និងឯកឧត្តម កឹម សុខា។
លិខិតចំហររបស់ស្រីមុំ ផងដែរ បានផ្តល់ការងារជាប្រវត្តិសាស្ត្រដល់អង្គភាព ACU ដែលធ្វើការពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ នារយៈពេលពីរថ្ងៃពីថ្ងៃទី២៧-២៨ ខែមេសា រហូតព្រឹកថ្ងៃទី២៩ ខែមេសា ក្នុងការសាកសួរមន្ត្រី៤នាក់របស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ មន្ត្រីទាំងនេះ ត្រូវបានចោទសួរ បន្ទាប់ពីស្រីមុំ បានសរសេរថា អង្គការអាដហុក បានណែនាំឲ្យនាងនិយាយកុហកក្នុងរឿងទំនាក់ទំនងស្នេហាជាមួយឯកឧត្តម កឹម សុខា។
យោងតាមសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជា បាតុភូតក្តៅ El Nino នឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជារហូតដល់ពាក់កណ្តាលខែកក្កដាឆ្នាំ២០១៦ ទើបមានបាតុភូតត្រជាក់ថ្មី La Nina មកលើប្រទេសកម្ពជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់ជាធម្មតានាពេលនោះវិញផងដែរ ប៉ុន្តែរឿងរ៉ាវរបស់ស្រីមុំ មិនមានការព្យាករណ៍ថា នឹងត្រូវបញ្ចប់នៅពេលណានោះឡើយ៕
Tag:
ស្រីមុំ
គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com