ជាតិ
បទវិភាគ
ហេតុអ្វីអ្នករស់នៅក្នុងទីប្រជុំជន ត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃ?
× នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជាបានផ្តួចផ្តើមឲ្យពលរដ្ឋក្នុងសម័យនោះ សរសេរពាក្យស្លោកជាច្រើនបិទ ឬចងព្យួរនៅមុខផ្ទះ។ ក្នុងចំណោមទិសស្លោកជាច្រើនដែលសុទ្ធសឹងតែជាការបណ្តុះគំនិតស្នេហាជាតិ គឺមានពាក្យមួយឃ្លាដែលពលរដ្ឋសម័យនោះសរសេរច្រើនដែរគឺ «សន្សំសំចៃ គឺស្នេហាជាតិ»។
ក្នុងបរិបទគ្រោះរាំងស្ងួតនៅពេលនេះ រដ្ឋាភិបាលត្រូវអំពាវនាវដល់ប្រជាជននៅទីប្រជុំជន ដែលមិនត្រឹមតែនៅក្នុងរាជធានីនោះទេ ឲ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ហើយការអំពាវនាវនេះ វាគួរតែជាយុទ្ធនាការទ្រង់ទ្រាយធំថ្នាក់ជាតិដើម្បីទទួលបានប្រសិទ្ធភាព។
ទាំងនៅលើទំព័រសារព័ត៌មាន និងទាំងនៅក្នុងបណ្តាញសង្គមហ្វ៊េសប៊ុក ព័ត៌មានស្តីពីការខ្វះខាតទឹកប្រើប្រាស់របស់អ្នកភូមិ សត្វពាហនៈងាប់ដោយគ្រោះរាំងស្ងួត ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានប្រកាសចលនាជួយផ្តល់ទឹកប្រើប្រាស់ដល់អ្នកភូមិ និងដល់សហគមន៍ដែលខ្វះខាតទឹក។ ប៉ុន្តែវានៅខ្វះចលនាដ៏សំខាន់មួយទៀត គឺការប្រើប្រាស់ទឹកដោយសន្សំសំចៃរបស់អ្នកទីក្រុង ឬអ្នកដែលរស់នៅក្នុងទីប្រជុំជនដែលមិនទាន់ទទួលពិសោធន៍នៃការអត់ទឹកប្រើប្រាស់នៅឡើយនោះ។ តាមពិត ចលនានៃការសន្សំសំចៃទឹក បានកើតមានជាច្រើនឆ្នាំរួមមកហើយ នៅក្នុងបណ្តាប្រទេសជឿនលឿន ដោយសារពួកគេបានយល់អំពីគ្រោះមហន្តរាយនេះ។
មានមូលហេតុមួយចំនួនដែលកម្ពុជាទាំងមូលគួរបំផុសគំនិតសន្សំសំចៃនិយាយជារួម និងគំនិតមិនខ្ជះខ្ជាយទឹកនិយាយដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ៖
ទីមួយ៖ គឺការបង្ហាញអំពីសីលធម៌ និងស្មារតីសាមគ្គី។ នៅពេលដែលពលរដ្ឋខ្មែរជាច្រើនដែលរស់នៅតាមស្រុកភូមិ (ក្បែរទីប្រជុំជន) កំពុងរងគ្រោះដោយខ្វះទឹកប្រើប្រាស់ ហើយសត្វព្រៃសត្វស្រុកបានបន្តងាប់ដោយសារគ្រោះរាំងស្ងួតនោះ ពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ក្នុងទីក្រុង និងរាជធានី ត្រូវបានបង្ហាញទឹកចិត្តចែករំលែកក្តីអាណិត តាមរយៈការប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ពោលគឺ វាមិនគួរឲ្យកើតមានរូបភាព២ដាច់ស្រឡះពីគ្នានៅក្នុងប្រទេស ដោយម្ខាងគឺរូបភាពពលរដ្ឋដែលរស់នៅលើដីបែកក្រហែង រងទុក្ខគ្មានទឹកប្រើប្រាស់ រីឯម្ខាងទៀត គឺអ្នកទីក្រុងដែលប្រើប្រាស់ទឹកយ៉ាងខ្ជះខ្ជាយបំផុត។
ទីពីរ៖ បណ្តុះគំនិតសន្សំសំចៃ មិនខ្ជះខ្ជាយ។ វាគួរតែដល់ពេលបណ្តុះគំនិតប្រជាជនឡើងវិញ អំពីការសន្សំសំចៃដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងដំណាក់កាលនៃការជួយគ្នា។ ឧបមាថា នៅក្នុងរាជធានីភ្នំពេញ វាមានប្រជាជន២លាននាក់ដែលមានទឹកប្រើប្រាស់ដោយសេរី និងសម្បូរហូរហៀនោះ ហើយពួកគេម្នាក់ៗកាត់បន្ថយបរិមាណទឹកងូត តែមួយលីត្រ ដែលមួយលីត្រនេះ វាមិនធ្វើឲ្យខុសគ្នាទាល់តែសោះដល់ការងូតទឹករបស់ពួកគេនោះ នោះក៏បានន័យថា គេអាចសន្សំសំចៃទឹកបាន២លានលីត្រដែរ។ ដូច្នេះគេអាចយក២លានលីត្រនេះទៅជួយអ្នកខ្វះទឹក ឬយ៉ាងហោចណាស់ក៏គេអាចជួយដល់ការកាត់បន្ថយការផលិតទឹក ដែលត្រូវប្រើថាមពលដ៏ច្រើនផងដែរ។
ទីបី៖ បង្រៀនទ្រឹស្តីនៃការចូលរួមការពារបរិស្ថាន។ វាក៏ពេលដែល ពលរដ្ឋកម្ពុជាម្នាក់ៗយល់ដឹងថា ទឹកគឺជាប្រភពធនធានធម្មជាតិដែលអាចអស់បាន ហើយការប្រើប្រាស់ថាមពល ឬចរន្តអគ្គិសនី ដោយខ្ជះខ្ជាយ វាគឺជាការចូលរួមបំផ្លាញបរិស្ថានពិភពលោកទាំងមូល។ តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលដឹងថា ទឹកគឺជាប្រាក់ ហើយបើប្រើប្រាស់ទឹកខ្ជះខ្ជាយ គឺជាការបោះចោលប្រាក់ដោយឥតប្រយោជន៍នោះ? តើពលរដ្ឋប៉ុន្មាននាក់ដែលចាប់អារម្មណ៍ដោយប្រុងប្រយ័ត្នថា ទឹកស្អាតដែលគេប្រើប្រាស់សព្វថ្ងៃនៅក្នុងទីក្រុង គឺផលិតដោយការចំណាយប្រាក់ ដើម្បីទិញម៉ាស៊ីនផលិតធំៗដែលបង្កផ្សែងពុលទៅក្នុងបរិយាកាស? ដូចគ្នាដែរក្នុងរឿងថាមពល។ តើពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលដឹងថា អំពូលភ្លើងមួយដែលគេបើកបំភ្លឺចោល បើទោះជាគេអាចបិទវាបានក៏ដោយនោះ គឺជាបន្ទុកមួយនៅក្នុងការផលិតថាមពលរបស់ម៉ាស៊ីនធំ ដែលដំណើរការដោយការចំណាយប្រាក់ ហើយដែលបង្កជាផ្សែងពុលទៅក្នុងបរិយាកាសនោះ?
សរុបសេចក្តីមកវិញ ពលរដ្ឋខ្មែរ ដែលមិនទាន់ក្លាយជាប្រជាជន«អ្នកមាន» គួរតែមានគំនិតសន្សំសំចៃ ហើយរដ្ឋាភិបាលក៏គួរតែជាអ្នកដឹកនាំអនុវត្តគំនិតនេះធ្វើជាគំរូដែរ។ អ្នករស់នៅក្នុងរាជធានី ឬក្នុងទីប្រជុំជន ក៏ធ្លាប់ជួបពិសោធន៍នៃការដាច់ចរន្តអគ្គិសនី និងដាច់ទឹកប្រើប្រាស់ដែរ ក្នុងពេលកន្លងមក។ សូមនឹកឃើញឡើងវិញថា ពេលនោះម្នាក់ៗមានប្រតិកម្មបែបណាខ្លះ? ចលាចលដូចម្តេចខ្លះ?
© រក្សាសិទ្ធិដោយ thmeythmey.com