បទវិភាគ
ពាក្យ​«​កូរ​»​ក្លាយជា​វោហារសាស្ត្រ​នយោបាយ​យ៉ាង​ពេញនិយម​
01, May 2016 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​កូរ​» មានន័យថា ធ្វើឱ្យ​វត្ថុ​រាវ​កក្រើក ធ្វើឱ្យ​វិល​។ ក្នុងន័យ​ធម្មតា គេ​ប្រើពាក្យ​នេះ ភ្ជាប់​នឹង​សកម្មភាព​មួយចំនួន ដូចជា  ការ​កូរនំ ការ​កូរបបរ ការ​កូរទឹក ។​ល​។ ការ​កូរ​នេះ អាចមាន បំណង​ខុសៗ​គ្នា ដូចជា ការ​កូរ​ដើម្បី​ឱ្យមាន​ល្បាយស្មើសាច់ ការ​កូរ​ឱ្យចូល​ជាត​សព្វ ការ​កូរ​ឱ្យ​ល្អក់ (​ឱ្យ​ពុល​ត្រី ងាយ​ចាប់​) ការ​កូរ​ឱ្យ​ថ្លា​(​កូរ​សាច់ជូរ​ក្នុង​ទឹក​) កូរ​ឱ្យ​សរ​(​កូរ​ស្ករ ឬ វឹក​ស្ករ​)...​។ ថ្មីៗ​នេះ ពាក្យ «​កូរ​» នេះ ក៏ត្រូវ​បាន​គេ​យកមកប្រើ​ក្នុង​បរិបទ​នយោបាយ​ដែរ ដោយ​ភ្ជាប់ពាក្យ​នេះ​ជាមួយ​បញ្ហា​ផ្សេងៗ ដូចជា ការ​លើកយក​បញ្ហា​អន្តោប្រវេសន៍​វៀតណាម បញ្ហា​ព្រំដែន បញ្ហា​ផែនទី បញ្ហា​ស្រី​កំណាន់​របស់​អ្នកនយោបាយ មក​ចោទ​និង​ឆ្លើយ ជាដើម ដែល​ធ្វើឱ្យ​នយោបាយ​ឡើងក​ម្ដៅ​ជា​បន្តបន្ទាប់​។ ជារួម អត្ថន័យ​នៃ​ពាក្យ​«​កូរ​» ក្នុង​បរិបទ​នយោបាយ គឺ​សំដៅយក​ការធ្វើឱ្យ​សភាពការណ៍​នយោបាយ​ច្របូកច្របល់ វិលវល់ ពិបាក​បែងចែក​រក​ខុស ត្រូវ​, ស ខ្មៅ​, ល្អ អាក្រក់ ឬ អ្នកណា​ជា​អ្នកប្រព្រឹត្ត​កំហុស ជាដើម​។



​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ កម្ដៅ​នយោបាយ​បាន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​អ្នកតាមដាន​សភាពការណ៍​នយោបាយ និង ប្រជាព​រដ្ឋ​ខ្មែរ​ទូទៅ មានការ​ព្រួយបារម្ភ​ជាង​អាណត្តិ​មុនៗ​ទាំងអស់​។  មួយឆ្នាំ​ក្រោយមក ស្ថានការណ៍​នយោបាយ​ហាក់ដូចជា​ធូរស្រាល​បន្តិច បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​រវាង CPP និង CNRP, បក្សប្រឆាំង​ចូល​រដ្ឋសភា និង បន្ទាប់ពី​មានការ​បង្កើត​វប្បធម៌​សន្ទនា​រវាង​មេបក្ស​កាន់អំណាច​និង​មេបក្ស​ប្រឆាំង​រួចមក​។​

​ជា​អកុសល ភាពស្ងប់ស្ងាត់​នេះ មិន​បានយូរ​ប៉ុន្មាន​ផង ស្រាប់តែ​កម្ដៅ​នយោបាយ​បាន​ផ្ទុះ​ឡើងវិញ​ដែលមាន​កម្រិត​ខ្លាំងក្លា​លើស​ដើម ដោយ​ផ្ដើមចេញពី​បញ្ហា​ព្រំដែន បញ្ហា​នៃ​ការប្រើប្រាស់​ផែនទី និង បាតុកម្ម​ប្រឆាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលដែល​គាត់​ចេញទៅ​ធ្វើ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស ជាដើម​។ ក្នុងខណៈដែល​សកម្មជន​និង​តំណាងរាស្ត្រ​របស់​បក្សប្រឆាំង ដែល​ពាក់​ពន្ធ​នឹង​អំពើហិង្សា​ក្បែរ​ស្ពាន​នាគ និង ត្រូវគេ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស រង់ចាំ​ការកាត់ទោស ឬ រង់ចាំ​ដំណោះស្រាយ​នយោបាយ មិនទាន់​ទាំង​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ផង ស្រាប់តែ​សកម្មជន​និង​តំណាងរាស្ត្រ​របស់​បក្សប្រឆាំង​មួយចំនួនទៀត ក៏​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ជា​បន្តបន្ទាប់ ពីបទ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើ​ឯកសារ​សាធារណៈ​ក្លែង ការចោទប្រកាន់ថា​រដ្ឋា​ភិ​បាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ជាដើម​។​

​សរុបមក សកម្មភាព​តវ៉ា​តាម​ព្រំដែន ការ​ចោទ​រដ្ឋាភិបាល​ថា​ប្រើ​ផែនទី​ក្លែងក្លាយ ការធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក និង បារាំង ជាដើម ត្រូវបាន​គេ​ហៅថា ជា​សកម្មភាព​«​កូរ​» ដែល​បានធ្វើឱ្យ​កិច្ចព្រមព្រៀង​នយោបាយ វប្បធម៌​សន្ទនា និង យន្តការ​ផ្សេងៗ​ទៀត ដែល​បក្ស​ទាំងពីរ​បាន​បង្កើតឡើង ស្ទើរតែ​គ្មាន​ន័យ និង លែង​ដំណើរការ​។

​ក្នុងស្ថានភាព​បែបនេះ គេ​ឃើញ​អាជ្ញាធរ​របស់​រដ្ឋាភិបាល ក៏​ចាប់ផ្ដើម​សើរើ​រឿងក្ដី​ចាស់ៗ​ឡើងវិញ​ទាក់ទង​នឹង​ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា និង សកម្មជន​បក្សប្រឆាំង​ដទៃទៀត រហូតដល់​មានការ​កាត់ទោស​ឯកឧត្តម សម រង្ស៊ី និង សមាជិក​របស់​CNRP និង មានការ​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពីបទ​ពុករលួយ ព្រមទាំង​មានការ​ទម្លាយ​ទំនាក់ទំនង​ស្នេហា​លួចលាក់​របស់​ឯកឧត្តម កឹម សុខា និង មាន​ករណី​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណ​ថា និង អ្នកនាង ស្រី ម៉ុម ជាដើម​។​

​អ្នកខ្លះ​អះអាងថា សភាពការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ននេះ បានធ្វើឱ្យ​អ្នកតាមដាន និង ប្រជាពលរដ្ឋ​ខ្មែរ​វិលវល់ ឈឺក្បាល និង ធុញទ្រាន់​។ ប្រហែលជា​ដោយសារ​សភាពការណ៍​នេះហើយ បានជា​គេ​លើក​ពាក្យ​ថា «​កូរ​»​នេះ យកមក​ប្រដូច​ទៅនឹង​សភាពការន៍​ទាំងនោះ ពីព្រោះ គេ​បានឃើញ​តួអង្គ​នយោបាយ​ខ្លះ រត់​ចុះ​រត់ឡើង ម្ដង​គាំទ្រ​បក្ស​នេះ ម្ដង​គាំទ្រ​បក្ស​នោះ ឯ​សាច់រឿង​នយោបាយ​វិញ គេ​សង្កេតឃើញ​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច ម្ដង​ត្រូវ​គ្នា ម្ដង​ឈ្លោះ​គ្នា ពេលខ្លះ​និយាយ​បែបនេះ ពេលខ្លះ​និយាយ​បែប​នោះ មិន​ប្រាកដ​ត្រង់ណា ដែល​គេ​អាច​ប្រៀបបាន​ទៅនឹង​កីឡាប្រដាល់ ដែល​ស​ញ្ញូ​(​ញាក់​)​ឆ្វេង វាយ​ស្ដាំ ដូច្នេះ​ដែរ​។​

​ជាពិសេស ពេល​ការបោះឆ្នោត​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧ និង ការត្រៀម​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ជិត​ចូល​មកដល់ គេ​ហាក់ដូចជា​សង្កេតឃើញថា បក្សនយោបាយ​នានា ជាពិសេស បក្ស​កាន់អំណាច និង បក្សប្រឆាំង បាន​ប្រើ​គ្រប់​វិធី​ដែល​ខ្លួន​មាន​និង​អាចធ្វើ​ទៅបាន បើទោះបីជា​ជា​វិធី​ខ្លះ​មិនមាន​ភាពចាស់ទុំ​វឺ​និង ខុស​នីតិវិធី​ច្បាប់​ខ្លះ​ក៏ដោយ ក៏​ពួកគេ​បាន​យកមកប្រើ​ដែរ​ដើម្បី​យក​ប្រៀប​ឈ្នះ​លើ​គូប្រជែង​របស់ខ្លួន​។​

​តាមពិតទៅ គេ​មិនដឹង​ច្បាស់​ថា តើ​អ្នកណា ឬ ក្រុម​ណា ជា​អ្នក​ប្រើពាក្យ​«​កូរ​»​នេះ​មុនគេ​នោះទេ​ក្នុង​បរិបទ​នយោបាយ​។ ម្យ៉ាងទៀត គេ​ក៏​រក​សច្ចភាព​មិនទាន់​ឃើញច្បាស់​ថា  តើ​អ្នកណា​ជា​អ្ន​កូរ​ពិ​ប្រាកដ​ដែរ​។ ក្នុងករណីនេះ គេ​អាច​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក ក្នុងចំណោម បក្ស​កាន់អំណាច បក្សប្រឆាំង សង្គម​ស៊ីវិល និង អ្នកវិភាគ​សង្គម​។ បើទោះបីជា​យ៉ាងណាក៏ដោយ ក៏​គេ​អាច​យល់​យ៉ាងច្បាស់​ថា គោលបំណង​របស់​កូរ គឺ​ចង់​ធ្វើឱ្យ​បញ្ហា​សង្គម​និង​នយោបាយ​ច្របូកច្របល់ ស្មុគស្មាញ ពិបាក​យល់ ដែល​ធ្វើឱ្យ​សង្គម​មិនអាច​បែងចែក​ថា អ្នកណា​ល្អ អ្នក​អាក្រក់ បក្ស​ណា​ល្អ បក្ស​ណា​អាក្រក់​...​ដែល​ទីបំផុត​ពលរដ្ឋ​ខ្មែរ អាច​នឹងធ្វើ​ការសម្រេច​ចិត្ត​ខុស​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត ក្នុងការ​បោះឆ្នោត​ឃុំ​/​សង្កាត់ និង ការបោះឆ្នោត​សាកល​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​៕        
  

Tag:
 នយោបាយ
  សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com