ជាតិ
EU ថ្កោលទោសការបំភ័យ និងហិង្សា លើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
× សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការបំភិតបំភ័យ និងអំពើហិង្សា ចំពោះអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលផ្សេងៗទៀត នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិ។ នៅថ្ងៃទិវាសេរីភាពសាព័ត៌មាន សហភាពអឺរ៉ុប បានបញ្ជាក់សាជាថ្មី ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ ឲ្យក្លាយជាសិទ្ធិ ដែលទាំងអស់គ្នាអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ស្របតាមគោលការណ៍សមភាព មិនរើសអើង និងភាពជាសកល តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងដោយគ្មានព្រំដែន។
ថ្ងៃទី៣ខែឧសភា ដែលជាទិវាសេរីភាពសាព័ត៌មាននេះ លោកស្រីFederica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានផ្តើមសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ថ្ងៃនេះ យើងទាំងអស់គ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក»។ លោកស្រីបានឆ្លៀតរំឮកឡើងវិញនូវគោលការណ៍ដែលបានចែងថា «ការបង្កើត ការថែរក្សា និងការជំរុញឲ្យមានសារព័ត៌មាន ប្រកបដោយឯករាជ្យភាព ពហុនិយម និងសេរីភាព គឺពិតជាមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍ និងថែរក្សាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនោះ»។
សិទ្ធិក្នុងការទទួលបានសេរីភាពក្នុងការបញ្ចេញមតិ រួមមានសេរីភាពស្រាវជ្រាវ ទទួល និងផលិតព័ត៌មាន ដែលវាគឺជាធាតុដ៏សំខាន់មួយ នៃអភិបាលកិច្ច និងការអភិវឌ្ឍបែបប្រជាធិបតេយ្យ។ មនុស្សត្រូវការទទួលបានព័ត៌មានពេញលេញ ដើម្បីអាចបង្កើតគំនិត និងចូលរួមក្នុង ដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ខ្លួន។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ដែលបន្តថា សេរីភាពសារព័ត៌មាន ក៏ចូលរួមចំណែកនៅក្នុងការធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ច និងលើកកម្ពស់តម្លាភាព នៅក្នុងកិច្ចការសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឧបករណ៍ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានគណនេយ្យភាពចំពោះសកម្មភាពរបស់ខ្លួនផងដែរ ពិសេសការទទួលបានព័ត៌មាន ដែលបង្ហាញអំពីករណីរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយជាដើម។ ការធានាឲ្យមានការទទួលបានព័ត៌មាន អាចជួយលើកកម្ពស់យុត្តិធម៌ និងស្ដារស្ថានភាពឡើងវិញ ជាពិសេសបន្ទាប់ពីរយៈពេល នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សហភាពអឺរ៉ុបសូមថ្កោលទោស ចំពោះការកើនឡើងនូវការបំភិតបំភ័យ និងអំពើហិង្សាចំពោះ អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលផ្សេងៗទៀត នៅក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិទាំងនៅក្នុងបណ្ដាញអ៊ីនធឺណិត និងក្រៅបណ្ដាញអ៊ីនធឺណិត។
ក្រៅពីការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទូទៅ សហភាពអឺរ៉ុបប្ដេជ្ញាប្រឆាំងនឹងច្បាប់ ក៏ដូចជាការអនុវត្តទាំងឡាយ ដែលដាក់ការត្រួតពិនិត្យទៅលើការបោះពុម្ពផ្សាយ ជំរុញឲ្យមានស្វ័យត្រួតពិនិត្យទៅលើការបោះពុម្ពផ្សាយ ឬធ្វើការពិន័យផ្លូវច្បាប់ រួមទាំងការដាក់ទោសព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និងរដ្ឋបាល ក៏ដូចជាប្រយុទ្ធប្រឆាំង ចំពោះការប្រើប្រាស់ ដោយមិនត្រឹមត្រូវនូវអំណាចទីផ្សារ ក៏ដូចជាលក្ខខណ្ឌសេដ្ឋកិច្ចមិនល្អផ្សេងៗទៀតផងដែរ។
លោកស្រី Federica Mogherini បានបញ្ចប់សេចក្តីថ្លែងការណ៍របស់ខ្លួន ដោយឧទាន យ៉ាងខ្លីថា៖«នេះគឺជាសិទ្ធិរបស់អ្នក!»។ ប៉ុន្តែមុននឹងបញ្ចប់ សេចក្តីថ្លែងការណ៍ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ បានគូសបញ្ជាក់ជាថ្មី ពីការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ និងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ ឲ្យក្លាយជាសិទ្ធិ ដែលទាំងអស់គ្នាអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ស្របតាមគោលការណ៍សមភាព មិនរើសអើង និងភាពជាសកល តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងដោយគ្មានព្រំដែន៕
Tag:
EU
Federica Mogherini
សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com