ជាតិ
បើ​ពាក់មួក​សុវត្ថិ​ភាពកើនឡើង​ដល់​៨០​ភាគរយ ជីវិត​មនុស្ស​៦៥១​នាក់​នឹង​ត្រូវបាន​សង្គ្រោះ
03, May 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ដោយ ឆាយ សុផល
ខណៈដែល​ឈាម​ហូរ​ស្រោច​ជោក​ពេញ​ផ្ទៃមុខ កុមារ​ម្នាក់​អាយុ​៩​ខែ​បាន​ស្រែកយំ​ទ្រហឹង​នៅលើ​ដងផ្លូវ​។ កុមារ​តូច​នោះ​និង​ឪពុក​របស់គេ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការប៉ះទង្គិច​មួយ​នៅលើ​ដងផ្លូវ ហើយ​ត្រូវបាន​គេ​ដឹក​យកទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាបន្ទាន់​។​



កុមារ ម៉េង លី​ហ៊ា និង​ឪពុក​របស់គេ​កំពុង​ជិះ​ទោចក្រយានយន្ត នៅពេលនោះ​ក៏​ស្រាប់តែ​រថយន្ត​មួយគ្រឿង​បាន​បុក​ពីក្រោយ​។ អ្នក​ទាំងពីរ​បាន​ដួល ដោយ​បោក​ក្បាល​ទៅនឹង​ផ្ទៃ​ថ្នល់​អូស​ជាច្រើន​ម៉ែត្រ​នៅលើ​ផ្លូវជាតិ​លេខ​១ ទល់មុខ​វត្ត​ជ្រោយ​អំពិល ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នាទី​ព្រឹក​ថ្ងៃទី​១៩ មេសា ឆ្នាំ​២០១៦​។ ចៅ ផល្លា អាយុ​៣០​ឆ្នាំ ជា​ឪពុក​បាន​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ និង​បាក់​ដៃជើង​ផង​។ គាត់​បាន​សន្លប់ ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ទាំង​ឪពុក​និង​កូន​មិនបាន​ពាក់មួក​សុវត្ថិភាព​ឡើយ ខណៈពេល​កំពុងធ្វើដំណើ​រ​តាម​ទោចក្រយានយន្ត​។​

ករណី​មួយទៀត​នាពេល​ថ្មីៗ​នេះដែរ គ្រួសារ​មួយ​ជា​កម្មករ​រោងចក្រ​បាន​ជិះ​ម៉ូតូ​ទៅ​ស្រុកកំណើត​ដើម្បី​បាន​សម្រាក​បុណ្យចូលឆ្នាំ​។ ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​ព្រែក​ក្ដាម ស្ថិតក្នុង​ភូ​ម‌ិ​ព្រែ​ក‌​ក្ដា​ម‌​១ ឃ‌ុំ​ក‌ោះ​ចិ​ន‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌​។ រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បាន​បុក​និង​កៀរ​ពួកគេ​ខ្ទាត​ជាច្រើន​ម៉ែត្រ​។ ថ្វីបើ​បុរស​ជា​ប្តី​អាយុ​២៩​ឆ្ន‌ាំ​រងរបួស​ស្រាល តែ​ភរិយា​របស់គេ​អាយុ​២៥​ឆ្នាំ និង​កូនប្រុស​អាយុ​១១​ខែ​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ក្បាល​របស់​ពួកគេ​បាន​បោក​នឹង​ផ្ទៃ​ថ្នល់​។ ទាំង​ម្តាយ​និង​កូន​មិនបាន​ពាក់មួក​សុវត្ថិភាព​ឡើយ​។​    ​

ចំណែកឯ​លោក​មេឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ក៏បាន​ស្លាប់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល​។ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព លោក​មេឃុំ​បាន​រងគ្រោះថ្នាក់​ចរាចរ​ណ៍​នៅតាម​ដងផ្លូវ ហើយ​ក្បាល​របស់គាត់​បាន​បោក​នឹង​ផ្ទៃ​ថ្នល់ និង​អូស​ជាច្រើន​ម៉ែត្រ​។ លោក​មេឃុំ​មិនបាន​ពាក់មួក​សុវត្ថិភាព​ទេ នៅពេល​កំពុង​បើកបរ​។​

ករណី​ទាំងបី​ខាងលើ​គឺ​ស្ថិតក្នុង​ចំណោម​ករណី​ជាច្រើន​ទៀត ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត និង​អ្នករួមដំណើរ ក្នុងនោះ​មាន​ទាំង​កុមារ​ផង ហើយ​ពួកគេ​ភាគច្រើន​មិនបាន​ពាក់មួក​សុវត្ថិភាព​។​
​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បង្ហាញថា គ្រាន់តែ​នៅក្នុង​រយៈពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៥​ថ្ងៃ (១៣-១៧ មេសា ២០១៦) មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ទៅ​១១៣ ករណី​។ មនុស្ស​៥២​នាក់​បាន​ស្លាប់ ក្នុងនោះ​២៦​នាក់​មិនបាន​ពាក់មួក​សុវត្ថិភាព ហើយ​និង​២៣៩​នាក់​ទៀត​បាន​របួស​។​

ចំនួន​នេះ​ពិតជា​ច្រើន គឺមាន​ដល់​ទៅ​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់​នៅតាម​ដងផ្លូវ​ក្នុង​មួយថ្ងៃៗ​នៅ​អំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​ឧបទ្ទវហេតុ​ទាំងនេះ​ត្រូវបាន​ផ្សាយ​តាម​ទូរ​ស្សន៍​ជាតិ តាម​កាសែត​និង​សារព័ត៌មាន​អ័ន​ឡាញ ព្រមទាំង​បណ្តាញ​ព័ត៌មាន​សង្គម​ផងដែរ​។ ប៉ុន្តែ​បន្ទាប់ពី​ការផ្សាយ​ពី​ការស្លាប់​និង​របួស​នេះ​ទៅ គឺ​ពុំ​សូវ​ឃើញ​មាន​សេចក្តីរាយការណ៍​បន្ថែម​ទាក់ទិន​ទៅនឹង​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត ផ្លូវកាយ​និង​ផ្នែក​សេដ្ឋកិច្ច​ទាំង​គ្រួសារ​ក៏ដូចជា​សង្គម​ទាំងមូល​ឡើយ​។​

លទ្ធផល​នៃ​ការវិភាគ របស់ អង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី (AIP Foundation) បាន​ឲ្យ​ដឹងថា ប្រសិនបើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ប្រសិទ្ធភាព​ចាប់តាំងពី​២០១៥ ជាពិសេស​សំដៅលើ​អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត​នោះ ហើយ​អត្រា​ពាក់មួក​សុវត្ថិភាព​ឈានដល់​៨០% កម្ពុជា​អាច​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ដល់​ទៅ​៥៦១​នាក់ ការពារ​អ្នករួមដំណើរ​បាន​១0.៥៧៤​នាក់​ពី​ការរង​របួស​ក្បាល និង​ការពារ​ការខាតបង់​ថវិកា​រហូតដល់​ទៅ ៩៨.៦១៨.៤២២ ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ​២០២០​។​    ​

 ដោយមាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​សម្រាប់​ទាំង​បុគ្គល​និង​សង្គម​បែបនេះហើយ អ្វីដែល​ជាការ​ប្រឈម​ត្រូវតែ​ធ្វើជា​ចាំបាច់​នោះ​គឺ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ពិតប្រាកដ​។ ដោយ​ផ្អែកលើ​ចំនួន​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​កា​ន់​តែ​កើនឡើង​បែបនេះហើយ ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៤ មេសា នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅមុខ​ប្រាសាទបាយ័ន​ក្នុង​ខេត្តសៀមរាប ដើម្បី​អបអរ​សារ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាច​ណ៍ ដែល​ក្នុងនោះ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ជានិច្ច​ជា​កាល​ត្រូវ​ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​។​

«​បើទោះបីជា នគរបាល​ចរាចរណ៍ និង​ស្ថាប័ន​ទទួលបន្ទុក​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​ច្បាប់​ចំពោះ​ការពាក់​មួកសុវត្ថិភាព ប៉ុន្តែ​យើង​កត់សំគាល់​ឃើញថា​ច្បាប់​មិនទាន់​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​បាន​ទូលំទូលាយ​ឡើយ​នៅ​ទូទាំងប្រទេស​នាពេល​បច្ចុប្បន្ន​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ប​ស់លោក គឹម បញ្ញា នាយក​អង្គការ AIP Foundation ប្រចាំ​កម្ពុជា ដែលជា​អង្គការ​អន្តរជាតិ​ផ្តោតលើ​ការបញ្ចប់​វិបត្តិ​នៅលើ​ផ្លូវ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​។

​លោក បញ្ញា បាន​បន្តថា​៖«​បទពិសោធន៍​ពី​បណ្តា​ប្រទេស​ផ្សេងៗ​បង្ហាញថា ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ការពាក់​មួកសុវត្ថិភាព​រហូតដល់​ទៅ​៩០% ដែល​មានន័យថា​បាន​ជួយ​ជីវិត​អ្នក​ដែល​បាន​ប្រើប្រាស់​ផ្លូវថ្នល់​។ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ជាច្រើន​បាន​ស្លាប់​និង​របួស ការអនុវត្ត​ច្បាប់​ដោយ​ផ្តោត​គោលដៅ​លើ​ការពាក់​មួ​សុវត្ថិភាព នឹងមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​សង្គ្រោះ​ជីវិត​មនុស្ស​»​។     ​

​លោក​បញ្ញា បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរកាល ពោលគឺ​អនុក្រឹត្យ​នេះ​មិនបាន​ដាក់បញ្ចូល​ការពិន័យ​ចំពោះ​ករណី​ដែល​កុមារ​ជា​អ្នករួមដំណើរ​មិនបាន​ពាក់មួក​សុវត្ថិភាព​នោះទេ​។ «​នគរបាល​ចរាចរណ៍​អាច​ពិន័យ​តែម​នុស្ស ពេញវ័យ​ប៉ុណ្ណោះ​ចំពោះ​ការមិន​ពាក់មួក​សុវត្ថិភាព ប៉ុន្តែ​មិនអាច​ពិន័យ​ករណី​មិន​ពាក់មួក​សុវត្ថិភាព​សម្រាប់​កុមារ​ឡើយ​ដែល​ពួកគេ​នៅតែ​ជា​អ្នក​ដែល ងាយ​រងគ្រោះ​បំផុត​នៅលើ​ដងផ្លូវ បើទោះជា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានកំណត់​ពី​ការពាក់​មួកសុវត្ថិភាព​ក្នុងចំណោម កុមារ​ជា​អ្នករួមដំណើរ​ជាមួយ​ក៏ដោយ​»​។​    ​

​មាត្រា​៨​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចែងថា “​ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​អាច​បន្ថែម​បាន​កុមារ​មួយ​នាក់​។ អ្នកបើកបរ​ទោចក្រយានយន្ត និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុ​ចាប់ពី​៣ (​បី​) ឆ្នាំ​ឡើងទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្នកបើកបរ​ត្រីចក្រយានយន្ត និង​អ្នកបើកបរ​ទោច​ចក្រយានយន្ត​សណ្តោង​រឺ​ម៉ក​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​”​។

​ដោយសារ​ការដក​ករ​ណី​កុមារ​តូចៗ​ចេញពី​ការអនុវត្ត​ច្បាប់​នេះហើយ ទើប ម៉េង លី​ហ៊ា អាយុ​៩​ខែ​បាន​ស្លាប់​ដោយ​រងរបួស​ក្បាល បន្ទាប់ពី​ដួល​ម៉ូតូ​កន្លងមក​។​    ​

​ដោយសារតែ​បញ្ហា​នេះ គឹម បញ្ញា បាន​បញ្ជាក់ថា​៖«​យើង​សូម​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការណ៍​បន្តទៀត ដើម្បី​ជំរុញ​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​នៅ​ទូទាំងប្រទេស ពិសេស​ក្នុងចំណោម​មន្ត្រីរាជការ និង​សិស្សានុសិស្ស​។ គ្រប់​ក្រសួង ឬ​ស្ថាប័ន​នីមួយៗ​របស់​រាជរដ្ឋាភិបាល​គួរ​ចេញ​ជាប​ញ្ញ​តិ ឬ​សេចក្តីណែនាំ​សម្រាប់​មន្ត្រី​និង​បុគ្គលិក​របស់ខ្លួន​ដោយ​តម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព​ដាច់ខាត ទាំង​អ្នកបើកបរ​និង​អ្នករួមដំណើរ​។ ចំណុច​នេះ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​កងកម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ ហើយ​បន្ទាប់មក គឺ​មន្ត្រីរាជការ​និង​សិស្សានុសិស្ស​»​។     ​

​លោក​ក៏បាន​ទទូច​ដែរ​ថា យន្តការ​ជាក់លាក់ និង​ជាប្រចាំ​ក្នុងការ​ត្រួតពិនិត្យ​និង​ដាក់ពិន័យ​ដល់​អ្នក​ដែល​មិន​គោរព​តាម​បញ្ញត្តិ ឬ​សេចក្តីណែនាំ​នោះ គួរតែ​ត្រូវបាន​ដាក់ចេញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការគោរព​ប្រតិបត្តិ​តាម​។ ព្រម​ពេល​ជាមួយគ្នា​នោះដែរ យុទ្ធនាការ​ជា​សាធារណៈ​គឺ​ចាំបាច់​ត្រូវធ្វើឡើង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ នោះ​ជីវិត​មនុស្ស​រាប់ពាន់នាក់​អាច​ត្រូវបាន​សង្គ្រោះ​ពី​ការស្លាប់​និង​របួស​ដែល​យើង​អាច​បង្ការ​បាន​នោះ ។     ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នរគ​បាល​ជាតិ​ក៏បាន​ឯកភាព​នឹង​លោក គឹម បញ្ញា ដែរ ដោយ​លោក​និយាយថា បើទោះជា​ចំនួន​អ្នក​ពាក់មួក​សុវត្ថិភាព​បាន​កើនឡើង​ចាប់ពី​ដើមឆ្នាំ​នេះ​ក៏ដោយ ក៏​ចំនួន​នេះ​មិនបាន​ដល់​កម្រិត​ដែលជា​គោលដៅ​នៅឡើយ​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា «​ផ្អែកលើ​កិច្ចប្រជុំ​នៅក្នុង​ខែ​នេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​ស​ចំពោះ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​ធ្វើដំណើរ​»​។

​គួរ​បញ្ជាក់ថា យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រសិនបើ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​ធ្វើដំណើរ​តាម​ម៉ូតូ​ទេ នោះ​នគរបាល​ចរាចរណ៍​នឹង​ពិន័យ​ក្នុង​ម្នាក់​១៥.០០០ រៀល ដែល​តម្លៃ​ពិន័យ​នេះ​ពីរដង​ស្ទើរតែ​ស្មើនឹង​តម្លៃ​មួកសុវត្ថិភាព​មួយ​។​

លោក សុខ ជា អ្នករត់ម៉ូតូឌុប អាយុ ៥៤​ឆ្នាំ បាន​និយាយថា គាត់​ក៏​បានឮ​ពី​ច្បាប់​ចរាចរណ៍​នេះដែរ ប៉ុន្តែ​គាត់​និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ផ្សេងទៀត ពេលខ្លះ​នៅតែ​ធ្វើ​មិនដឹងមិនឮ ដោយសារ​ការ​អនុត្ត​ច្បាប់​នៅ​ធូររលុង​។​

គាត់​បាន​និយាយថា «​ខ្ញុំ​បានដឹង​ពី​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន​មិនបាន​ពាក់មួក​សុវត្ថិភាព​ទេ ហើយ​ពួកគេ​មិន​ត្រូវបាន​នគរបាល​បាន​ផាកពិន័យ​ដែរ​។ ដូចនេះ​ពេលខ្លះ ខ្ញុំ​ក៏​មិនបាន​ពាក់មួក​សុវត្ថិភាព​ដែរ​»​។

នៅពេល​សួរ​អំពី​ការរង​របួស​ក្បាល​នៅពេល​មាន​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ គាត់​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា «​ជារឿយៗ ខ្ញុំ​បានឃើញ​គ្រោះថ្នាក់​នៅតាម​ផ្លូវ ហើយ​ខ្ញុំ​ព្យាយាម​ប្រុងប្រយ័ត្ន​ពេល​បើកបរ ប៉ុន្តែ​វា​អាស្រ័យ​លើ​វាសនា​»​។​

លោក​វរៈសេនីយ៍ ចេ​វ ហាក់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ក៏បាន​ទទួលស្គាល់​ដែរ​ថា ចំនួន​អ្នកបើកបរ​ទោចក្រយានយន្ត​និង​អ្នករួមដំណើរ​កាន់តែច្រើន​បាន​ពាក់មួក​សុវត្ថិភាព​នៅពេល​ថ្ងៃ តែ​នៅ​ពេលយប់​មិន​ច្រើន​ទេ ខណៈដែល​ការអនុវត្ត​ច្បាប់​នៅមាន​ចន្លោះប្រហោង​ខ្លះ​។​    ​

​លោក​បាន​លើកឡើងថា ទាំង​នគរបាល ទាំង​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ស្មើគ្នា ដូចនេះ​ប្រទេស​អាច​កាត់បន្ថយ​ការស្លាប់​និង​របួស​ជា​អតិបរិមា ពិសេស​គ្រោះថ្នាក់​ដោយសារ​ការប៉ះទង្គិច​ក្បាល​។

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង ក៏បាន​បន្ទរ​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដែរ​ដោយ​លោក​បញ្ជាក់ថា ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​ចំពោះ​ការបើកបរ​នៅតាម​ដងផ្លូវ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ពី​គ្រោះថ្នាក់ ពិសេស​ពី​ការរង​របួស​ក្បាល​៕


© រក្សាសិទ្ធិដោយ thmeythmey.com