អន្តរជាតិ
ហ្វីលីពីន ដៃ​ម្ខាង​ប្រើ​យោធា ដៃ​ម្ខាង​ប្រើ​វិធាន​ច្បាប់ ប្រឆាំង​ចិន​ក្នុង​ជម្លោះ​អធិបតេយ្យ​
03, May 2016 , 10:19 pm        
រូបភាព
ដោយ:
​អវត្តមាន​នៃ​ដំណោះស្រាយ​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ធ្វើ​ឲ្យ​សន្តិសុខ​នៅក្នុង​តំបន់ រង​នូវ​ការគំរាមកំហែង ដ្បិត ការបង្កើន​នៃ​សមត្ថភាព​យោធា​នៃ​ភាគី​ទាមទារ​។ អ្វី​គួរកត់សម្គាល់​នោះ ខណៈពេលដែល​យន្តការ​ស្វែងរក​ដំណោះស្រាយ នៅតែ​បន្ត ហ្វីលីពីន ក៏បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ពីរ ស្របគ្នា​ដើម្បី​ទប់ទល់​ចិន​ក្នុង​សា្ថ​ន​ភាពជាក់ស្តែង និង​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។​



​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​ទាមទារ​ដែល​រួមមាន​សមាជិក​អាស៊ាន រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ រយៈពេល​បួន​ទស្សវត្សរ៍​មក ហើយ​ដែល​ជម្លោះ​នេះ នៅតែ​បន្ត​អូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​រួមមួយ​។​កន្លងមក​គេ​សង្កេតឃើញថា មានតែ​ហ្វីលីពីន​តែប៉ុណ្ណោះ ដែលមាន​លក្ខណៈ​អង់អាច​ក្នុងការ​ប្រឈមមុខ​ជាមួយ​នឹង​ចិន​ទាំង​ការតស៊ូ​ផ្នែក​ច្បាប់ និង​ការ​ផ្នែក​យោធា​។

​ការតស៊ូ​ផ្នែក​ច្បាប់​៖ ហ្វីលីពីន ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​
​ក្នុង​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ខ្លួន​ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ នៃ​ការជំនុំជម្រះ​នោះ​។ បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ បានប្រកាស​ពី​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​បញ្ហា​នេះ​តាម​បណ្តឹង​របស់​ហ្វីលីពីន​ថា​តើ​សកម្មភាព​របស់​ចិន​ពិតជា​បាន​បំពាន​អធិបតេយ្យ​របស់​ហ្វីលីពីន​ឬ​យ៉ាងណា​។

​ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​នៃ​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បានប្រកាស​នៅ​ខែឧសភា និង​មិថុនា​ខាងមុខ ពោលគឺ​នៅពេល​តុលាការ​បាន​ពិនិត្យ​ចប់សព្វគ្រប់​ចំពោះ​ភស្តុតាង​របស់​ហ្វីលីពីន​ទាំង​ផ្ទាល់មាត់ និង​ជា​អត្ថបទ​។​

​យោងតាម​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ គឺមាន​លក្ខណៈ​ចាប់ បង្ខំ បើទោះជា​ចិន អវត្តមាន​ក៏ដោយ​។ នេះ មានន័យថា នៅពេល​ម​ជ្ឈ​ត្ត​ការប្រកាស​សេចក្តីសម្រេច​នោះ ភាគី​ទាំង​ហ្វីលីពីន និង​ចិន ត្រូវតែ​អនុវត្ត​ជាដាច់ខាត​។​

​បើទោះបីជា​តុលាការ​អះអាងថា​មាន​យុត្តាធិការ ឬ រកឃើញថា ចិន បាន​រំលោភបំពាន​ដែន​អធិបតេយ្យ​ហ្វីលីពីន​ក៏ដោយ សេចក្តីសម្រេច​នោះ មិនមាន​ន័យ​អ្វី​ឡើយ​សម្រាប់​ចិន ដ្បិត​ចិន មិនដែល​ទទួលស្គាល់​ស​វនា​ការ​នៃ​ការជំនុំជម្រះ​នោះ​ម្តងណា​នោះទេ​។ មួយវិញទៀត​នោះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ ក៏​មិនមាន​វិធានការ​ក្នុងការ​ចាប់បង្ខំ​ឲ្យ​ចិន​អនុវត្ត​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​ហ្វីលីពីន អាច​ចំណេញ​ក្នុង​នីតិវិធី​មួយ​នេះ នោះ​គឺ​បើ​ចិន ពិតជា​បាន​បំពាន​មែន​នោះ ចិន នឹងត្រូវ​បាត់បង់​កេរ្តិ៍ឈ្មោះ ក្នុង​ឆាក​អន្តរជាតិ ជាពិសេស​លើ​ការអនុវត្ត​ច្បាប់ ហើយ​ចិន អាច​នឹងរង​សម្ពាធ​ការទូត​ប៉ុណ្ណោះ​។​

​ការតស៊ូ​ផ្នែក​យោធា​៖ ហ្វីលីពីន ពង្រឹង​វិស័យ​ការពារជាតិ​ទប់ទល់​ក្នុង​តំបន់​ជម្លោះ​ជាក់ស្តែង​
​យោងតាម​របាយការណ៍​វិទ្យាស្ថាន Stockholm International Peace Research Institute គិត​ចាប់ពី​ឆ្នាំ​២០១០​មក ហ្វីលីពីន​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​បង្កើន​កញ្ចប់​ថវិកា​លើ​វិស័យ​យោធា​ជា​រៀងរាល់ឆ្នាំ​។  ជាពិសេស​នោះ កាលពី​ចុងឆ្នាំ​ពី​២០១៥​កន្លងទៅ សភា​ហ្វីលីពីន ក៏បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៦​ដែល​ត្រូវបាន​គេ​កត់សម្គាល់​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​កញ្ចប់​ថវិកា​សម្រាប់​បម្រើ​វិស័យ​ការពារជាតិ​ហ្វីលីពីន​។ ការបង្កើន​នេះ ក៏​ស្រប​ជាមួយ នឹង​ការ​ងាក​ចេញ​បន្តិច​ពី​គោលនយោបាយ​ប្រឆាំង​ក្រុម​ឧទ្ទាម​មក​ការការពារ​ជាតិ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​យោធា​ឬ​ការពារជាតិ​ផងដែរ​។​

​ក្រៅពី​ការធ្វើ​ទំនើបកម្ម​ការពារជាតិ ហ្វីលីពីន ក៏​បាននិងកំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សម្ព័ន្ធមិត្ត​ធំៗ​លើ​វិស័យ​ការពារជាតិ​ផងដែរ​។ នៅ​ថ្ងៃទី​០២ ខែមេសា ម្សិលមិញ ជប៉ុន បាន​យល់ព្រម​ជួល​យន្តហោះ​ស្វ័យការពារ​ប្រភេទ TC-90 ទៅ​ឲ្យ​ហ្វីលីពីន​ចំនួន​ប្រាំ​គ្រឿង ដែល​យន្តហោះ ទាំងនោះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ក្នុងការ​ការពារ​អធិបតេយ្យ​ហ្វីលីពីន និង​ពិសេស​នោះ ដើម្បី​ជួយ​សម្រួល និង​បន្ថែម​សមត្ថភាព​នាវា​ល្បាត​របស់​ហ្វីលីពីន​ដែល​កំពុងតែ​ប្រតិបត្តិ​ការការពារ​សមុទ្រ​ខាងលិច​ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​បន្ថែម​ពីនេះ​កាលពី​ខែមីនា​កន្លងទៅ ហ្វីលីពីន ក៏បាន​ព្រម​ផ្តល់​មូលដ្ឋាន​ទ័ពអាកាស​ប្រាំ​ក​ន្លែ​ទៅ​ឲ្យ អាមេរិក​នៅក្នុង​ទឹកដី​ខ្លួន ដែល​ទើបតែ​ដកទ័ព​ចេញ​មូលដ្ឋាន​នៅ​ហ្វីលីពីន​នៅ​ឆ្នាំ​១៩៩២​ប៉ុណ្ណោះ​។ ការផ្តល់​នេះ ធ្វើឡើង​តាមរយៈ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)​ដែល ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​តាំងពីរ​ឆ្នាំ​២០១៤​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្ត រាយ​ផ្សេងៗ​ទៀតផង​។​

​ជុំវិញ​ចំណាត់ការ​ទាំងពីរ​រប​ស់​ហ្វីលីពីន ប្រាកដ​ណាស់​ថា​ចិន មិន​គាំទ្រ​នោះទេ ហើយ​អ្វីដែល​ចិន អាចធ្វើ​បាន​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែន​អធិបតេយ្យ​នេះ គឺ​ការចរចា និង​ពិគ្រោះ​យោបល់​ដោយ ផ្ទាល់​ជាមួយនឹង​ចិន​។ ជាក់ស្តែង​នោះ ក្នុង​ដំណើរ​នៃ​ដោះស្រាយ​តាម​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ចិន បាន បដិសេធ​មិន​ចួ​ល​រួម​។ ហើយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ចំពោះ​សម្ព័ន្ធមិត្ត​របស់​ហ្វីលីពីន  ចិន ថា​ជា​សកម្មភាព​គំរាមកំហែង​ដល់​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​៕


Tag:
 ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com