ជាតិ
អន្តរជាតិ
ហេតុអ្វី សេរីភាពសារព័ត៌មានកម្ពុជាល្អជាង រដ្ឋអាស៊ាន ៩ ផ្សេងទៀត?
× យោងតាមរបាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporter Without Border) ឆ្នាំ ២០១៦ សេរីភាពសារព័ត៌មានកម្ពុជាប្រសើរឡើងជាមុនពោលគឺធ្លាក់ចុះលេខរៀងចំនួន ១១លេខ ពោលគឺពីលេខ ១៣៩ នៅឆ្នាំ២០១៥ មកត្រឹម ១២៨នៅក្នុងឆ្នាំ ២០១៦នេះ។ បើប្រៀបធៀបជាមួយប្រទេស ៩ផ្សេងទៀតនៅអាស៊ាន បញ្ជាក់ថា សេរីភាពសារព័ត៌មានកម្ពុជាមានលក្ខណៈប្រសើរជាងគេ។ នេះក៏ដោយសារថៃស្ថិតក្រោមរបបសឹក, ហ្វីលីពីនជាប្រទេស គ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន, ឥណ្ឌូនេស៊ីនៅមិនទាន់ផ្តល់សិទ្ធិឲ្យអ្នកសារព័ត៌មានបរទេសពេញលេញ, សិង្ហបុរីគ្រប់គ្រងស្ទើររាល់ប្រព័ន្ធផ្សព្វផ្សាយ, វៀតណាម និងឡាវស្ថិតក្រោមរបបសង្គមនិយម, ប្រ៊ុយណេមានរបបរាជានិយមផ្តាច់ការ, មីយ៉ាន់ម៉ាទើបស្គាល់ប្រជាធិបតេយ្យ, ហើយម៉ាឡេស៊ីមាននាយករដ្ឋមន្ត្រីដែលស្អប់សារព័ត៌មានឯករាជ្យ។
សេរីភាពសារព័ត៌មាននៅស្ថិតក្រោមការគំរាមកំហែងនៅឡើយនៅទូទាំងពិភពលោក។ ប្រទេសខ្លះចាត់ទុកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាសត្រូវនៅឡើយ ហើយខ្លះទៀតមិនចង់ឲ្យសារព័ត៌មានមានតួនាទីធំធេងពេកទេ ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ពួកគេ។ ជាទ្រឹស្តីសេរីភាពសារព័ត៌មានប្រសើរ ស្ថានសង្គមក៏ប្រសើរដែរ ហើយផ្ទុយទៅវិញ កាលណាបើសិទ្ធិសេរីភាពសារព័ត៌មានត្រូវគេរឹតត្បិតខ្លាំងនោះ ស្ថានភាពសង្គមក៏ធ្លាក់ចុះនិងប្រឈមបញ្ហាច្រើនផងដែរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ប្រទេសដែលមានសេរីភាពសារព័ត៌មានប្រសើរភាគច្រើនស្ថិតនៅតំបន់អឺរ៉ុប និងអាមេរិក។ ហើយប្រទេសដែលសម្បូរការកៀបសង្កត់និងរំលោភសិទ្ធិសេរីភាពសារព័ត៌មានខ្លាំងជាងគេនោះគឺនៅអាហ្វ្រិកនិងនៅអាស៊ីតែម្តង។ នេះក៏ដោយសារតំបន់ទាំងពីរ ប្រឈមកង្វះការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពជាមូលដ្ឋាន និងសម្បូរមេដឹកនាំកាន់អំណាចយូរឆ្នាំផ្តាច់ការផងដែរ។
យ៉ាងណាមិញ ក្នុងតំបន់អាស៊ានវិញ ស្ថានភាពសេរីភាពសារព័ត៌មាននៅមិនទាន់ប្រសើរឡើងឡើយ។បើយោងតាមរបាយការណ៍ឆ្នាំ ២០១៦នេះ ប្រទេសអាស៊ានភាគច្រើនស្ថិតក្នុងចន្លោះលេខរៀងពី ១៤០ ទៅ ១៦០ ក្នុងចំណោមប្រទេសទាំងអស់ ១៨០។ តែរឿងគួរឲ្យកត់សម្គាល់នោះគឺ កម្ពុជាក្លាយជាប្រទេសដែលមានសេរីភាពសារព័ត៌មានប្រសើរជាងគេក្នុងចំណោមរដ្ឋអាស៊ានទាំង១០នោះ។
-កម្ពុជាធ្លាក់ពីលេខ ១៣៩ មកត្រឹម ១២៨
បើតាមរបាយការណ៍ឆ្នាំ ២០១៦ សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងលេខរៀងទី ១២៨ ដែលវាបានន័យថា ប្រទេសកម្ពុជាធ្លាក់ចុះចំនួន ១១លេខ ពោលគឺពីលេខ ១៣៩ នៅឆ្នាំ២០១៥ មកត្រឹម លេខរៀងទី ១២៨ ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៦នេះ។ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ការចែករំលែកព័ត៌មានទូទៅរបស់ប្រជាជនកម្ពុជាទូទៅហាក់បីដូចជាមានភាពប្រសើរឡើងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជានៅប្រឈមបញ្ហាច្រើន ហើយសេរីភាពសារព័ត៌មាននេះស្ថិតក្រោមការគំរាមកំហែងនៅឡើយ។
របាយការណ៍ខាងលើបានអធិប្បាយថា អ្នកសារព័ត៌មាននៅកម្ពុជារងការគំរាមកំហែងបើសិនព្យាយាមយកព័ត៌មានទាក់ទិនការកាប់ព្រៃខុសច្បាប់របស់អ្នកមានលុយនិងមានអំណាច ការជួញដូរធនធានធម្មជាតិ ឬនេសាទសត្វត្រីខុសច្បាប់ជាដើម។ ហើយម្យ៉ាងទៀត អ្នកកាសែតប្រឈមការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ និងធ្វើឲ្យប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណនៅតែជាបញ្ហាធំ។ រឿងអវិជ្ជមានមួយទៀត នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលក៏នៅបន្តរៀបចំជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណែតដើម្បីរឹតត្បិតការប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា។ នេះមានន័យថា រដ្ឋាភិបាកម្ពុជាក្តី សង្គមស៊ីវិលក្តី និងស្ថាប័នពាក់ព័ន្ធក្តីត្រូវចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយធ្វើយ៉ាងណាលើកស្ទួយសេរីភាពសារព័ត៌មានេះឲ្យកាន់តែល្អប្រសើជាងមុនថែមទៀត។
-សេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរជាងរដ្ឋអាស៊ានផ្សេងទៀត
ដូចការលើកឡើងខាងលើស្រាប់ ប្រទេស ៩ ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ស្ថិតក្នុងលេខរៀងទាបជាងកម្ពុជា។ ដែលវាមានន័យថាសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរជាងប្រទេសទាំងនោះ។
១.ឥណ្ឌូនេស៊ីនៅរឹតត្បិតសិទ្ធិអ្នកសារព័ត៌មានបរទេស
បើក្រឡេកមើលឥណ្ឌូនេស៊ីដែលត្រូវបានគេចាត់ទុកជាប្រទេសប្រជាធិបតេយ្យធំបំផុតលេខរៀងទីបី បន្ទាប់ពីឥណ្ឌានិងអាមេរិកនោះ ស្ថិតនៅលេខរៀងទី ១៣០ ច្រើនជាងកម្ពុជា ២ លេខ។ ក្នុងឆ្នាំ ២០១៥ ឥណ្ឌូនេស៊ីត្រូវបានគេចាត់ចំណាត់ថ្នាក់នៅលេខរៀងទី ១៣៨ ដែលមានន័យថា សេរីភាពសារព័ត៌មានប្រទេសនេះប្រសើរឡើងដែរ ដោយថយចុះលេខរៀងចំនួន ៨លេខ។ តាមពិតទៅឥណ្ឌូនេស៊ីប្រឈមបញ្ហាច្រើន ដោយសាររដ្ឋាភិបាលក្រុងហ្សាកាតាបន្តរឹតត្បិតសេរីភាពសារព័ត៌មាននៅតំបន់ West Papua និងបន្តប្រើប្រាស់ច្បាប់ទិដ្ឋាការដើម្បីប្រឆាំងក្រុមអ្នកសារព័ត៌មានបរទេស។
២.ម៉ាឡេស៊ី៖ សារព័ត៌មានសត្រូវមន្ត្រីពុករលួយ
ចំណែកនៅ ម៉ាឡេស៊ី សេរីភាពសារព័ត៌មានក៏នៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ។ បើតាមរបាយការណ៍អ្នកសារព័ត៌មានគ្មានព្រំដែន សេរីភាពម៉ាឡេស៊ីប្រសើឡើងជាមុនបន្តពោលគឺធ្លាក់ពីលេខរៀង ១៤៧ មកត្រឹម ១៤៦ ។ បញ្ហាប្រឈមធំសម្រាប់សេរីភាពសារព័ត៌មានម៉ាឡេស៊ី គឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ នៅបន្តអនុវត្តនយោបាយប្រឆាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយបន្តប្រើប្រាស់តុលាការនិងច្បាប់ដើម្បីកៀបសង្កត់អ្នកសារព័ត៌មានដែលហ៊ានបកអាក្រាតពីបញ្ហាពុករលួយរបស់មន្ត្រីរដ្ឋាភិបាល។
៣.របបសឹកថៃ ស្អប់អ្នកកាសែត
បើមើលស្ថានភាពប្រទេសថៃវិញម្តង គេដឹងច្បាស់ថា សេរីភាពសារព័ត៌មានប្រទេសនេះកាន់តែអាក្រក់ ខ្លាំងពោលគឺកើនពី ១៣៤ ទៅដល់លេខរៀង ១៣៦ ក្នុងឆ្នាំ ២០១៦ ។ នេះក៏ដោយសាររបបសឹកដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នៅបន្តដឹកនាំនិងគ្រប់គ្រងប្រទេស។ ហើយសត្រូវរបស់រដ្ឋាភិបាលនេះជាសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយទូទាំង។ អ្នកសារព័ត៌មានរិះគន់ ទិតៀនរដ្ឋាភិបាលប្រឈមមុខការចោទប្រកាន់ផ្លូវច្បាប់ រងការឃុំឃាំងនិងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរតែម្តង។ មួយវិញទៀតថៃនៅបន្តអនុវត្តច្បាប់ប្រឆាំងអ្នកប្រមាថព្រះមហាក្សត្រ។
៤. ឡាវនិងវៀតណាម៖ រិះគន់បក្សកុម្មុយនីស្តមានន័យថាគំរាមកំហែងសណ្តាប់ធ្នាប់សាធារណ
ចំណែក ប្រទេសឡាវ និងវៀតណាម ទោះជាមិនចាំបាច់រៀបរាប់ច្រើនក៏គេដឹងថា សេរីភាពសារព័ត៌មានប្រទេសទាំងពីរនេះមិនដែរប្រសើរឡើងសោះឡើយ។ វៀតណាមស្ថិតនៅលេខរៀងដដែលគឺ ១៧៥ ខណៈដែលឡាវកើនពីលេខ ១៧១ ឆ្នាំ ២០១៥ ទៅដល់ ១៧៣ក្នុងឆ្នាំ ២០១៦នេះ។ បញ្ហាប្រឈមធំក្នុងប្រទេសដើរតាមរបបសង្គមនិយមទាំងពីរគឺ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ ការត្រួតពិនិត្យការផ្សព្វផ្សាយព័ត៌មាន និងការដាក់ទោសទណ្ឌអ្នកសារព័ត៌មានដែលហ៊ានរិះគន់ឬទិតៀនរដ្ឋាភិបាលនិងបក្សកុម្មុយនីស្តដោយប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌនិងបទបញ្ញត្តិផ្សេងទៀត។ ហើយអ្នកសរសេរប្លុកក៏សុទ្ធតែប្រឈមការកាត់ទោសតាមច្បាប់ដែរ។ អាជ្ញាធរចាត់ទុកសេរីភាពសារព័ត៌មានជាសត្រូវនិងធ្វើឲ្យប៉ះពាល់ឬគំរាមកំហែងសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណ។
៥. មីយ៉ាន់ម៉ា៖ សេរីភាពសារព័ត៌មាន និងជម្លោះសាសនា
ចំណែក មីយ៉ាន់ម៉ា ដែលជាប្រទេសប្រជាធិបតេយ្យថ្មីថ្មោងនោះ មានសេរីភាពសារព័ត៌មានល្អបន្តិចហើយ។ យោងតាមរបាយការណ៍សារព័ត៌មានគ្មានព្រំដែន សេរីភាពសារព័ត៌មាន មីយ៉ាន់ម៉ា ធ្លាក់ពីលេខ ១៤៤ មកត្រឹម ១៤៣ ក្នុងចំណោមប្រទេស ១៨០នោះ។ អាចថា វាប្រសើរឡើងក្រោយរបបសឹករលំរលាយទៅ ហើយសេរីភាពក្នុងសរសេរព័ត៌មាននយោបាយមានច្រើនជាងមុន ហើយការត្រួតពិនិត្យមុនផ្សព្វផ្សាយឬបោះពុម្ពផ្សាយក៏ថមថយជាងមុនដែរ។ ហើយជ័យជម្នះបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យចុងឆ្នាំ ២០១៥ និងការបង្កើតរដ្ឋាភិបាលថ្មីកន្លងមកនេះបញ្ជាក់ថា មីយ៉ាន់ម៉ា នឹងអាចធ្វើឲ្យសេរីភាពព័ត៌មានប្រសើរឡើងជាងមុនពេលខាងមុខទៀត។ តែរឿងជម្លោះ រវាងក្រុមភាគច្រើនកាន់សាសនាព្រះពុទ្ធនិងក្រុមភាគតិចកាន់សាសនាម៉ូស្លីមនោះ នៅតែជារឿងរសើបដែលអ្នកសារព័ត៌មានពិបាកសរសេរនិងផ្សព្វផ្សាយផងដែរ។
៦. ហ្វីលីពីននៅជាឋាននរកសម្រាប់អ្នកសារព័ត៌មាន
ហ្វីលីពីននៅតែស្ថិតក្នុងចំណោមប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតដដែល ទោះជាប្រទេសនេះដើរតាមរបបប្រជាធិបតេយ្យពេញលេញក្តី។ ប៉ុន្តែក្នុងឆ្នាំ ២០១៦ នេះសន្ទស្សន៍សេរីភាពសារព័ត៌មានហ្វីលីពីនស្ថិតក្នុងលេខរៀងទី ១៣៨ ដោយធ្លាក់មកពីលេខ ១៤១ ក្នុងឆ្នាំ ២០១៥ ។ រឿងអាក្រក់បំផុតនៅហ្វីលីពីន គឺ ការសម្លាប់រង្គាលអ្នកកាសែតដែលហ៊ានសើបអង្កេតឬសរសេរព័ត៌មានទាក់ទិនបញ្ហាពុករលួយឬអំពើខុសច្បាប់ផ្សេងទៀត។ ដូច្នេះ ចង់មិនចង់អ្នកសារព័ត៌មានភាគច្រើនព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ហើយរងសម្ពាធខ្លាំងពីការងារ។
៧.សិង្ហបុរី៖ សិទ្ធិសេរីភាព និងសណ្តាប់ធ្នាប់សង្គម
បើនៅ សិង្ហបុរីវិញ សេរីភាពសារព័ត៌មានស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង ហើយឆ្នាំ២០១៦នេះ សិង្ហបុរីស្ថិតក្នុងលេខរៀងទី ១៥៤ ពោលគឺកើនពីលេខ១៥៣ក្នុងឆ្នាំ ២០១៥ ។ បញ្ហាដែលធ្វើឲ្យសេរីភាពសារព័ត៌មានសិង្ហបុរីអាក្រក់ខ្លាំងក៏ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រងរាល់ប្រព័ន្ធផ្សព្វផ្សាយទូទៅ ហើយអ្វីដែលសំខាន់គឺ អាជ្ញាធរសិង្ហបុរីប្រើប្រាស់ច្បាប់ពាក់ព័ន្ធដើម្បីប្រឆាំងអ្នកកាសែតដែលរិះគន់រដ្ឋាភិបាល ហើយម្យ៉ាងទៀតរាល់មាតិកាព័ត៌មានត្រូវឆ្លងការការពិនិត្យជាមុនពីសំណាក់អាជ្ញាធរ មុនចេញផ្សាយ។ ក្រៅពីនេះ ក្រុមអ្នកសរសេរប្លុកក៏រងការចោទប្រកាន់តាមផ្លូវច្បាប់ពីសំណាក់រដ្ឋាភិបាលផងដែរ។ តាមពិតទៅ តាំងពីជំនាន់ស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូ នៅកាន់អំណាចម្ល៉េះ សិង្ហបុរីចាត់ទុកថា ការផ្តល់សិទ្ធិសេរីភាពឲ្យបុគ្គលច្រើនពេកនឹងធ្វើឲ្យសង្គមអាប់អួរ។
ប្រ៊ុយណេ៖ ស្តេច, សាសនា និងនយោបាយ
ចុងក្រោយគឺ ប្រទេសប្រ៊ុយណេដែលជាប្រទេសបន្តដើរតាមរបបរាជានិយមផ្តាច់ការ។ នៅប្រ៊ុយណេមានតែសារព័ត៌មានរបស់រដ្ឋប៉ុណ្ណោះ ហើយអាជ្ញាធរប្រ៊ុយណេប្រើប្រាស់អំណាចឥតស្ទាក់ស្ទើរក្នុងការអន្តរាគមន៍ក្នុងវិស័យសារព័ត៌មាន។ គ្មានអ្នកសារព័ត៌មានណាហ៊ានរិះគន់រដ្ឋាភិបាលជាពិសេសព្រះមហាក្សត្រឡើយ។ ហើយប្រទេសនេះក៏ចាប់ផ្តើម អនុវត្តច្បាប់សាសនាថែមទៀត ដែលវាធ្វើឲ្យអ្នកដែលរិះគន់ស្តេចឬក្រុមគ្រួសាររាជ្យវង្សប្រ៊ុយណេ ប្រឈមគ្រោះថ្នាក់កាន់តែធ្ងន់៕
© រក្សាសិទ្ធិដោយ thmeythmey.com