ជាតិ
បទវិភាគ
សង្គមជាតិ
ក្រោយ​សង្គ្រាម​មនុស្ស​ដណ្តើម​គ្នា​រស់ តែ​បច្ចុប្បន្ន​មនុស្ស​ដណ្តើម​គ្នា​«​ចង់មានចង់បាន​»
22, May 2016 , 2:40 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងដំណាក់កាល​ក្រោម​សង្គ្រាម​បន្តិច ពោល គឺ​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត ពលរដ្ឋ​ខ្មែរ ប្រឹង​ធ្វើការ ប្រឹង​បង្កើត​មុខរបរ ប្រឹង​ដាំ​ដំណាំ​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ និយាយ​បែប​ផ្សេង មានន័យថា ក្រោយ​សង្គ្រាម ពលរដ្ឋ​ដណ្តើម​គ្នា​រស់​។ តែ​នា​សម័យ​បច្ចុប្បន្ននេះ ពលរដ្ឋ​ដណ្តើម​គ្នា​«​មានបាន​»​។


 
​ក្នុងដំណាក់កាល​មនុស្ស​ដណ្តើម​គ្នា​រស់ និង​ក្នុងដំណាក់កាល​មនុ​ស្សដ​ណ្តើ​ម​គ្នា​«​មានបាន​» តើ​មួយណា​ល្អ​ជាង ឬ​គ្រោះថ្នាក់​ជាង​? 
 
​មិនមាន​ដំណាក់កាល​ណាមួយ​ល្អ​ទេ ពីព្រោះ ក្នុងដំណាក់កាល​ដណ្តើម​គ្នា​រស់ ពេលខ្លះ មនុស្ស​សុទ្ធចិត្ត​ក្បត់គ្នា ភ​គ្នា បោកប្រាស់​គ្នា កេងប្រវ័ញ្ច​ពីគ្នា​ដើម្បី​អាច​អនុញ្ញាត​ឲ្យ​ខ្លួនឯង​អាចមាន​អ្វី​ពិសា​ចំអែត​ក្រពះ​បាន​។ 
 
​ក្នុងដំណាក់កាល​នោះ មនុស្ស​ពិតជា​មិនសូវ​ស្មោះត្រង់​នឹង​គ្នា​មែន​។ តែ​គេ​អាច​សង្កេតឃើញ​ចំណុច​ល្អ​មួយចំនួន​នៅត្រង់ថា មនុស្ស​ចេះ​ចែករំលែក​ការលំបាក ចេះ​ចែករម្លែក​ភាព​អត់​ឃ្លាត​ជាមួយគ្នា ឬ​ចេះ​ចែករំលែក​អ្វីដែល​ខ្លួន​មាន​ឲ្យ​ទៅ​អ្នកដទៃ​។ និយាយ​ជារួម កាលណោះ វប្បធម៌​ចែករំលែក​ហាក់បីដូច​ជាមាន​កម្រិត​ខ្ពស់ជាង​សព្វថ្ងៃនេះ​។ 
 
​បច្ចុប្បន្ន ដំណាក់កាល​ដណ្តើម​គ្នា​រស់​ហាក់បីដូចជា​កន្ល​ង​ទៅ​ផុត​ហើយ តែ​វា​ចូលមក​ដល់​ដំណាក់​ដណ្តើម​គ្នា​«​មានបាន​» ឬ​«​ចង់មានចង់បាន​»​។ 
 
​ដំណាក់កាល​«​ចង់មានចង់បាន​»​នេះ ធ្វើ​ឲ្យ​អ្នកវិភាគ​សង្គម​ខ្លះ​ព្រួយបារម្ភ ពីព្រោះ ដំណាក់កាល​នេះ រុញច្រាន​ឲ្យ​បុគ្គល​មួយចំនួន​បំភ្លេចចោល​នូវ​សីលធម៌ ភាពស្មោះត្រង់ សតិសម្បជញ្ញៈ វប្បធម៌​ចែករំលែក​រវាង​គ្នា និង​គ្នា​។ ម្យ៉ាងទៀត ដំណាក់កាល​នេះ ជំរុញ​ឲ្យ​ចំណង​សង្គម ចំណង​សហគមន៍ ចំណង​គ្រួសារ ត្រូវបាន​គេ​កាត់ផ្តាច់​ចោល ហើយ​ម្នាក់ៗ​គិតតែ​ពី​រឿង​លុយ​តែមួយ​មុខ​ប៉ុណ្ណោះ​។ 
 
​សង្គម​មួយ មាន​សុខដុម​រម​នីយកម្ម មិនមែន​ផ្អែកលើ​តែ​កត្តាសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​។ តាមពិត សុភមង្គល​សង្គម សាមគ្គីភាព វប្បធម៌​ចែ​ល​រំលែក គឺមាន​តម្លៃ​លើសពី​លុយ​ទៅទៀត​។ ពេលខ្លះ លុយ​អាច​រកបាន តែ​លុយ​មិនអាច​ទិញ​សុខដុមរមនា​បានឡើយ​៕ 
 
 

Tag:
 ក្រោយ​សង្គ្រាម
  ចង់មានចង់បាន
© រក្សាសិទ្ធិដោយ thmeythmey.com