អន្តរជាតិ
ឡាវ សន្យា​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការជជែក​រក​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
29, May 2016 , 9:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឡាវ ឡាវ Thongloun Sisoulith
លោកនាយករដ្ឋមន្ត្រីឡាវ ឡាវ Thongloun Sisoulith
ដោយ:
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ក្លាយជា​ប្រធានបទ​មួយ​ដ៏​រសើប និង​ត្រូវបាន​ជជែក​ទាំង​ក្នុង ក្របខណ្ឌ​តំបន់ និង​សកល​។ វា ក៏ត្រូវ​បាន​ក៏​រំពឹងថា នឹង​ស្ថិតនៅក្នុង​របៀបវារៈ​មួយ​សំខាន់​នៃ​កិច្ចប្រជុំ កំពូល​អាស៊ាន​ចុងឆ្នាំ​នេះ​។ តែ​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ប្តេ​ជា្ញ​ថា នឹង​បង្កើត​វេទិកា​ដ៏​ល្អ​សម្រា់ប​ភាគី​ជម្លោះ ហើយ​លោក ក៏​ទទូច​ឲ្យ​ភាគី​ដោះស្រាយ​តាម​លក្ខណៈ​ទ្វេភាគី​ផងដែរ​។​



​នាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith  នៅ​ថ្ងៃទី​២៨ ខែឧសភា​ម្សិលមិញ បាន​ទទូច​ឲ្យ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​កិច្ចសន្ទនា​ទ្វេភាគី​រវាង​ប្រទេស​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​។ ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន The Nikkei នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាឱកាស​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G7 ។

​ក្នុង​កិច្ចសម្ភាសន៍​នោះ លោក Thongloun បាន​អះអាងថា លោក នឹង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​កិច្ចសន្ទនា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​អធិបតេយ្យ​។ លោក សង្កត់ធ្ងន់ថា «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឡាវ នឹង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​បរិយាកាស​មួយ​ដ៏​ល្អ សម្រាប់​កិច្ចសន្ទនា​វិជ្ជមាន​ក្នុងចំណោម​ប្រទេស​ជាប់​ពាក់ព័ន្ធ​»​។ លោក ក៏បាន​បន្ថែម​ដែរ​ថា លោក នឹង ទទូច​ឲ្យ​ប្រទេស​ទាំងនោះ​រឹតត្បិត​សកម្មភាព​របស់ខ្លួន​ដែល​អាចធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​។

​ឆ្នាំ​២០១៦​នេះ ឡាវ ត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​បន្ទាប់ពី​ម៉ាឡេស៊ី ។ នេះ គឺជា​លើក​ទី​២​ហើយ​ក្នុង​ការធ្វើជា​ប្រធាន​អាស៊ាន​ក្រោយ​ទទួលបាន​សមាជិកភាព​តាំងពី​ឆ្នាំ​១៩៩៧​។ ដូច​បានកំណត់​ក្នុង​មាត្រា​៣១​នៃ ធម្មនុញ្ញ​អាស៊ាន រដ្ឋ​ដែល​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ត្រូវមាន​ការទទួលខុសត្រូវ​ច្រើន​ជាពិសេស​សម្រាប់ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ដែលមាន​វត្តមាន​អាមេរិក និង​ចិន​ជាមួយគ្នា​ផងដែរ​នោះ​។ បញ្ហា​សមុទ្រ​ចិន ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ប្រធាន​ក្តៅ​ជាថ្មី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ជាមួយនឹង​ចិន​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​។ ក្នុងចំណោម​រដ្ឋ​ទាមទារ​អាស៊ាន​មានតែ​ហ្វីលីពីន និង វៀតណាម ប៉ុណ្ណោះ​នោះទេ ដែលមាន​បញ្ហា​ប្រឈម​ច្រើន​ជាមួយ​ចិន​លើ​តំបន់​ត្រួតស៊ីគ្នា​។

​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ កំពុង​ព្រួយបារម្ភ ឡាវ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ដូច​កម្ពុជា​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​បាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​។ នោះ​ក៏​ព្រោះតែ ប្រសិនបើ​រដ្ឋ​អាស៊ាន​ពាក់ព័ន្ធ​នៃ​ជម្លោះ​អាស៊ាន​ដែល​រួមមាន​វៀតណាម និង​ហ្វីលីពីន ដែលមាន​អាមេរិក​នៅ​ជ្រោមជ្រែង​ពីក្រោយ​នោះ អុកឡុក និង​ទាមទារ​ខ្លាំង​ក្នុងការ​ដាក់បញ្ចូល​បញ្ហា​ចម្រូងចម្រាស​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ម្តងទៀត នោះ​ឡាវ នឹងត្រូវ​ពិបាក​សម្របសម្រួល​ហើយ​។ ជាពិសេស​នោះ ការបង្ហាញ​គោលជំហរ​របស់​ឡាវ​ក្នុងការ​គាំទ្រ​យន្តការ​ទ្វេភាគី ដែលជា​គោលជំហរ​របស់​ចិន​តែងតែ​លើកឡើង​នេះ នឹងធ្វើ​ឲ្យ​វៀតណាម និង​ហ្វីលីពីន​ដែល​តែងតែ​ប្រឆាំង​រហូតមក នឹងមាន​សកម្មភាព​ប្រឆាំង​ណាមួយ​៕


Tag:
 ឡាវ​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com