កីឡាជាតិ
ជាតិ
រាល់សមាជិកនៃក្រុម​កីឡាបា​ល់ទា​ត់​​ជម្រើ​សជាតិ​បានម្នាក់​១០០​០ដុល្លារ​​ពីស​ម្តេ​ច ​ហ៊ុន សែន
29, May 2016 , 10:00 pm        
រូបភាព
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិដែលថតពីលើអាកាស។ ប្រភព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន
ទិដ្ឋភាពនៅពហុកីឡដ្ឋានជាតិដែលថតពីលើអាកាស។ ប្រភព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
ជ័យជម្នះ ២-០ របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លើភ្ញៀវទីម័រខាងកើត បាន​ផ្តល់នូវ​ក្តី​រំភើប​យ៉ាង​ខ្លាំង​សម្រាប់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈហ្វេសប៊ុក​របស់​ខ្លួន ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​១០០០ដុល្លារអាមេរិកដល់សមាជិក​ទាំងអស់​ក្នុងក្រុម​ជម្រើសជាតិ​កម្ពុជា។



ក្រោយ​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន បានសរសេរអបអរសាទរ និង​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​តាមរយៈ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ជាមួយ​គ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន បាន​បង្ហើបថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងលើកសំណើសុំថវិកាជាតិដើម្បីឧបត្ថម្ភ ដូចពេលមុនៗ។ បើតាម​ការយល់ឃើញ​របស់សម្តេច នេះជាមោទក​ភាពរបស់កម្ពុជាយើងទាំងមូល។ «សូមយុវជនចូលរួមក្នុងវិស័យកីឡាអោយកាន់តែច្រើនឡើង» សម្តេចបាន​សំណូម​ពរយ៉ាងដូច្នេះ​៕




Tag:
 បាល់ទាត់
  ជម្រើសជាតិ
  មិត្តភាពអន្តរជាតិ
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com