ជាតិ
កម្ពុជាកំពុងសិក្សាលើគម្រោងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
× សៀមរាប៖ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា លោកបានជួបក្រុមហ៊ុនមួយចំនួន ដើម្បីពិនិត្យ និងសិក្សាលើគម្រោងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញមកសៀមរាប។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវមានផ្លូវរថភ្លើងមួយខ្សែទៀត ពីភ្នំពេញមកសៀមរាប និងសៀមរាបទៅប៉ោយប៉ែត។
ប្រសិនបើមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងមួយខ្សែទៀត នោះវានឹងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ផ្លូវរថភ្លើង ក៏ជាផ្នែកមួយសំខាន់សម្រាប់បម្រើវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងសាធារណការថ្មី។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បាននិយាយថា លោកបានទទួលជួប និងពិភាក្សាជាមួយក្រុម២ទៅ៣ហើយ ចំពោះគម្រោងសង់ផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប ក៏ដូចជាគម្រោងសង់ផ្លូវរថភ្លើង។ យ៉ាងណាលោកបញ្ជាក់ថា មិនទាន់មានការឆ្លើយតបពីក្រុមហ៊ុនទាំំងនោះវិញទេ។
លោក ស៊ុន ចាន់ថុល បន្តថា ផ្លូវរថភ្លើងដែលគ្រោងសង់នៅខេត្តសៀមរាប នឹងធ្វើឲ្យខេត្តមួយនេះ កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ ដែលចង់ធ្វើដំណើរតាមផ្លូវរថភ្លើងល្បឿនលឿន៕
សូមស្តាប់សំឡេងលោក ស៊ុន ចាន់ថុល ក្នុងពិធីសំណេះសំណាលជាមួយមន្ទីរសាធារណការខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ មិថុនា នៅសាលាខេត្តសៀមរាបដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com