ជាតិ
បទវិភាគ
កុំស្រែកថាស្រុកមិនអភិវឌ្ឍ បើអ្នកមិនចូលរួម!
× ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាតាំងពីដើមមក តែងតែពឹងផ្អែកលើអ្នកដឹកនាំ។ ប្រជាពលរដ្ឋ យល់ថា រឿងនយោបាយឬរឿងប្រទេសជាតិ គឺជាតួនាទីរបស់អ្នកដឹកនាំ និងអ្នកនយោបាយ ដូច្នេះពួកគាត់ក៏គិតថា «យើងជាពលរដ្ឋគិតយ៉ាងម៉េចឲ្យតែមានបាយហូបគ្រប់គ្រាន់ទៅបានហើយ»។
ផ្នត់គំនិតពឹងផ្អែកលើអ្នកដឹកនាំ មិនមែនទើបតែកើតមានក្នុងសតិអារម្មណ៍ពលរដ្ឋកម្ពុជាបច្ចុប្បន្ននោះទេ។ ការពិតទៅ! វប្បធម៌នៃការគិតបែបនេះ បានដិតដាមជាប់ក្នុងសង្គមខ្មែរតាំងពីយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រ។ ពលរដ្ឋកម្ពុជាទូទៅគិតថា កិច្ចការនយោបាយ គឺជាកាតព្វកិច្ចរបស់អ្នកនយោបាយ មិនមែនជាអ្វីដែលពួកគាត់ត្រូវខ្វល់ខ្វាយនោះទេ។ ដូច្នេះពួកគាត់បានផ្តល់ក្តីសង្ឃឹម និងផ្តល់ការជឿជាក់ស្ទើរទាំងស្រុង នៃវាសនាប្រទេសជាតិទៅលើអ្នកនយោបាយ ដោយគ្មានការតាមដាន សង្កេតយកចិត្តទុកដាក់ និងពិចារណាឲ្យបានម៉ត់ចត់ពីស្ថានភាពនយោបាយ និងអត្តចរិតរបស់អ្នកនយោបាយជាក់ស្តែងឡើយ។
ឥរិយាបថព្រងើយកន្តើយចំពោះរឿងនយោបាយបែបនេះ គឺជាការផ្តល់ឱកាសឲ្យអ្នកនយោបាយ បោកប្រាស់ ហើយយកនយោបាយធ្វើជាត្រីវិស័យ ដើម្បីកេងចំណេញផលប្រយោជន៍ជាតិសម្រាប់ការផ្គត់ផ្គង់គ្រួសារ សាច់ញាតិ និងបក្សពួករបស់ខ្លួន ដោយមិនខ្វល់ពីការឈឺចាប់របស់ប្រជាពលរដ្ឋ និងវិនាសកម្មដល់ប្រទេសជាតិ។
ប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍លើសកម្មភាពជាក់ស្តែងរបស់អ្នកនយោបាយប៉ុន្មានទេ ហើយក៏មិនសូវខ្វល់ពីកិច្ចការប្រទេសជាតិ ដែលជាកាតព្វកិច្ចរបស់ខ្លួនប៉ុន្មានដែរ តែបែរជឿលើពាក្យសន្យាខ្យល់របស់អ្នកនយោបាយរាប់ជំពូក និងរំពឹងតែលទ្ធផលនៃការរីកចម្រើនពីការសន្យាទាំងនោះទៅវិញ។ ក្តីសង្ឃឹមបែបនេះ គ្មានភាពប្រាដកនិយម ហើយមិនអាចក្លាយជាការពិតបានទេ តែវាគ្រាន់តែជាក្តីសង្ឃឹម ដែលប្រៀបដូចជា «ការកាប់បំពង់រង់ចាំទឹកភ្លៀង» ប៉ុណ្ណោះ។
ជាការពិត! បើស្រុកមួយដើរតាមមាគ៌ានយោបាយផ្តាច់ការ ការការពារទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ជាការតព្វកិច្ចរបស់អ្នកដឹកនាំស្ទើរទាំងស្រុង។ តែផ្ទុយទៅវិញ ក្នុងរបបប្រជាធិបតេយ្យ វា ជាកាតព្វកិច្ច របស់ពលរដ្ឋគ្រប់រូបក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យក្លាយជាមាតុភូមិដ៏សមគួរសម្រាប់ការរស់នៅ ដែលប្រកបដោយភាពស៊ីវិល័យទាំងផ្នែកលោកសម្ភារៈ និងសីលធម៌សង្គម។ ប្រសិនបើចង់បានប្រជាធិបតេយ្យ តែរាល់អ្វីៗបែរជាពឹងផ្អែកលើអ្នកដឹកនាំនោះ អ៊ីចឹង វាមិនមែនជាប្រជាធិបតេយ្យទេ តែវាប្រាកដជាក្លាយជារបបកុម្មុយនីស្តជាក់ជាមិនខាន។ ចុះអ្វីជាប្រជាធិបតេយ្យ?
បើកាលណាគេនិយាយពីសង្គមប្រជាធិបតេយ្យ គេនឹងស្រមៃដល់ប្រទេសមួយ ដែលសិទ្ធិ និងអំណាចស្ថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋក្នុងការទទួសខុសត្រូវលើវាសនាប្រទេសជាតិ។ បើកាលណាគេនិយាយពីសិទ្ធិ និងអំណាចក្នុងកណ្តាប់ដៃប្រជាពលរដ្ឋ គេនឹងស្រមៃដល់នីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាដល់ការប្រើប្រាស់សិទ្ធិ និងអំណាចនោះ។ បើកាលណាគេនិយាយពីនីតិរដ្ឋ គេនឹងស្រមៃដល់ប្រព័ន្ធនយោបាយមួយដែលបានរៀបចំរចនាសម្ព័ន្ធនៃស្ថាប័ននយោបាយដ៏ល្អឥតខ្ចោះ ដើម្បីទ្រទ្រង់នីតិរដ្ឋឲ្យមានប្រសិទ្ធភាព។ បើកាលណាគេនិយាយពីការរៀបចំប្រព័ន្ធនយោបាយ និងស្ថាប័ននយោបាយ គេនឹងស្រមៃដល់ការចូលរួមគិតគូរយ៉ាងសកម្មក្នុងកិច្ចការនយោបាយ និងសង្គមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ បើកាលណាគេនិយាយពីការចូលរួមក្នុងកិច្ចការនយោបាយរបស់ប្រជាពលរដ្ឋ គេនឹងស្រមៃថា ប្រជាពលជាអ្នកមានការចេះដឹងជ្រៅជ្រះ និងមានការអប់រំខ្ពស់ខ្ពស់។ នេះហើយជាប្រជាធិបតេយ្យ ដែលជាមាគ៌ាក្នុងការអភិវឌ្ឍប្រទេសជាតិដោយកម្លាំងពលរដ្ឋទាំងអស់គ្នា។
ប្រជាធិបតេយ្យជារបបមួយ ដែលផ្តល់ឱកាសដល់បុគ្គលគ្រប់គ្នា បានបញ្ចេញសមត្ថភាព, បំពេញតួនាទីជាពលរដ្ឋ, កែប្រែសង្គម, ផ្លាស់ប្តូរអ្នកដឹកនាំដែលក្បត់ពលរដ្ឋ, ការចូលរួមអភិវឌ្ឍប្រទេសជាតិ, ការពារទឹកដី និងជួយសង្គ្រោះជនរួមជាតិសាសនាទាំងអស់គ្នា។
បើអ្នកទាំងអស់គ្នាមិនអើពើ មិនចូលរួម មិនខ្វាយខ្វល់ តើប្រជាធិបតេយ្យ នឹងបានមកពីណា? តើការរីកចម្រើននឹងកើតឡើងដោយរបៀបម៉េច? ប្រជាធិបតេយ្យក្តី ការរីកចម្រើនទៅរកភាពស៊ីវិល័យក្តី គឺកើតចេញសកម្មភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនបានមកពីការបួងសួង ពីការស្នើសុំ ឬពីការរំពឹងលើអ្នកដឹកនាំ ដោយខ្លួនមិនធ្វើអ្វីនោះទេ។
ដើម្បីទទួលបានប្រជាធិបតេយ្យពិតប្រាកដ ហើយប្រទេសជាតិមានភាពរីកចម្រើនស៊ីវិល័យ ក្លាយជាដែនដីដែលសម្បូរសប្បាយក្នុងការរស់នៅ ប្រកបដោយសុខសន្តិភាពទាំងអស់គ្នា ជនគ្រប់រូបក្នុងសង្គម ត្រូវតែចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងអស់គ្នា។
រូបអ្នកនេះហើយ ជាម្ចាស់វាសនានៃមាតុភូមិ ជាអ្នកការពារទឹកដី ជាអ្នកស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យ ជាអ្នកអភិវឌ្ឍប្រទេសជាតិ។ កុំយកវាសនាប្រទេសជាតិ និងជីវិតប្រជាជនទាំងអស់ទៅផ្ញើក្នុងដណ្តាប់ដៃរបស់អ្នកដឹកនាំតែម្នាក់ ឬមួយក្រុមតូចឲ្យសោះ៕
Tag:
នយោបាយ
ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com