អន្តរជាតិ
លោក Jack Ma ៖ « បើ​មាន​ជាតិ​ក្រោយ​មែន ខ្ញុំ​នឹងមិន​បើក​ក្រុមហ៊ុន​ធំ​ដូច​អា​លី​បា​បា​ទេ »
28, Jun 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 
« កំហុស​ដ៏​ធំ​បំផុត​របស់ខ្ញុំ គឺ​បង្កើត​ក្រុមហ៊ុន អា​លី​បា​បា » នេះ​គឺជា​សម្តី​របស់លោក​ជេ​ក ម៉ា ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ដ៏​ធំ និង​ជា​មហាសេដ្ឋី​ទី​ពីរ​នៅ​ប្រទេស​ចិន​។ លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​រុស្ស៊ី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

 
​ពាណិជ្ជករ​វ័យ ៥១ ឆ្នាំ​រូបនេះ​បាន​ពន្យល់ថា កំហុស​នេះ​កើតឡើង​ដោយសារតែ​លោក​ខិតខំ​ធ្វើការ​ពេក ដើម្បី​ឲ្យ​ឆាប់​បាន​ចូលនិវត្តន៍ ព្រោះថា​លោក​មិន​ចង់​ធ្វើការ​រហូតដល់​ចាស់​ទេ​។ តែ​ពេលនេះ ការខិតខំ​ប្រឹងប្រែងរ​ហូត​ក្លាយជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៣,៧ ពាន់​លាន​ដុល្លារ បានធ្វើ​ឲ្យ​លោក​មិន​សប្បាយចិត្ត និង​សោកស្តាយ​យ៉ាងខ្លាំង​។ លោក​មានប្រសាសន៍ថា​៖ « បើ​មាន​ជាតិ​ក្រោយ​មែន ខ្ញុំ​នឹងមិន​បើក​ក្រុមហ៊ុន​ធំ​ដូច​អា​លី​បា​បា​នេះ​ទេ » « ខ្ញុំ​ចង់​ធ្វើជា​ខ្លួន​ខ្ញុំ​វិញ​។ ខ្ញុំ​ចង់​ឆ្លៀតពេល​ក្នុង​ជីវិត​ដែល​សេសសល់ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​នានា​ក្នុង​ពិភពលោក ដោយ​ខ្ញុំ​មិនចាំបាច់​ត្រូវ​និយាយ​ពី​រឿង​ពាណិជ្ជកម្ម ហើយក៏​មិនបាច់​ធ្វើការ​ដែរ » ។ លោក​បាន​បន្តទៀតថា​៖ « ខ្ញុំ​មិន​គិតថា ពាណិជ្ជកម្ម​នេះ​នឹង​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​ទេ​។ ដើមឡើយ ខ្ញុំ​គ្រាន់តែ​ចង់បាន​ក្រុមហ៊ុន​តូច​មួយ​ប៉ុណ្ណោះ តែ​ក្រុមហ៊ុន​នេះ​កាន់តែ​រីកធំឡើង ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ទទួលខុសត្រូវ​កាន់តែ​ធំ និង​ក្តីកង្វល់​កាន់តែច្រើន​ដែរ »​។ 
 
​បើតាម​លោក Angus Deaton ម្ចាស់​ពានរង្វាន់​នូ​បែ​ល​ផ្នែក​សេដ្ឋកិច្ច អ្នក​ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​លើសពី ៧៥ ០០០ ដុល្លារ​ឡើងទៅ ពុំមាន​សុខុមាលភាព​ផ្លូវចិត្ត​ទេ​។ ពួកគេ​គ្មាន​ពេលវេលា​នៅ​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន មិនអាច​ចៀស​ផុតពី​ការឈឺចាប់ ជំងឺ និង​គ្មាន​ពេលវេលា​ដើម្បី​លេង​កម្សាន្ត​ទេ​៕
 
ប្រភព​៖ BFMTV

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com