សង្គមជាតិ
ក្រោយចាកចេញជិត១ខែ នាវាទេសចរណ៍ Westerdam វិលមកកម្ពុជាជាលើកទី៣
25, Jan 2024 , 5:31 pm        
រូបភាព
ព្រះសីហនុ ៖ នាវាទេសចរណ៍អាម៉េរិក Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាលើកទី៣  នៅថ្ងៃទី ២៥ ខែមករា  ឆ្នាំ២០២៤  ក្រោយចាកចេញពីកម្ពុជាបានជិតមួយខែ។

 
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ  បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា វត្តមានរបស់នាវាទេសចរណ៍ Westerdam មកកម្ពុជាជាលើកទី៣នេះ ដោយសារសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសអនុស្សាវរីយ៍ល្អក្នុងពេល Westerdam ជួបផលលំបាកក្នុងគ្រាកូវីដ-១៩។ 
 
លោក ឡុង ឌីម៉ង់ លើកឡើងដូច្នេះ៖ «ការចូលចតរបស់នាវា Westerdam នេះ វានាំមកនូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសជំរុញទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនជាងមុន។ ការចូលចតនេះ វាជារឿងល្អមួយសម្រាប់កម្ពុជា ដែលមានទេសចរអន្តរជាតិមកកម្សាន្តជាបន្តបន្ទាប់»។
 
នាវាទេសចរណ៍អាម៉េរិក Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២៥ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរចម្រុះសញ្ជាតិ ប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦នាក់។ ក្នុងចំណោមទេសចរទាំងនេះ  មានទេសចរ ជាង៦០នាក់ នឹងនៅទស្សនានៅខេត្តសៀមរាបបន្ត  ឯទេសចរផ្សេងទៀត នឹងត្រឡប់ទៅតាមនាវាវិញ ក្រោយទស្សនាតាមគោលដៅទេសចរណ៍។ 
 
គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន ៥ បានបដិសេធ លើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារ តាម ផ្នែកលើនាវា ៨០២នាក់។ 
 
មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19 ។ 
 
ក្រោយធ្លាប់ចូលចតដោយសារបញ្ហាកូវីដ-១៩ ៣ឆ្នាំក្រោយមក ទេសចរណ៍អាម៉េរិក Westerdam បានចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាលើកទី២ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នាវា ដោយផ្ទុកភ្ញៀវទេសចរ ជាង១៥០០នាក់៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com