ជាតិ
នាវា២គ្រឿង នាំភ្ញៀវទេសចរជាង៣ពាន់នាក់ មកកម្សាន្តកម្ពុជា
11, Feb 2024 , 7:09 pm        
រូបភាព
ភ្នំពេញ៖ តាមរយៈកំពង់ផែនក្រុងព្រះសីហនុ នាវា២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៣ពាន់នាក់មកកម្សាន្តកម្ពុជានៅថ្ងៃទី១០កុម្ភៈនេះ។ ជាគោលដៅពួកគេនឹងទៅទស្សនា តំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ  ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។



បើតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ មាននាវាមួយគ្រឿងរបស់អ៊ីតាលី ឈ្មោះ AIDABELLA ដែលមានបណ្ដោយ២៥១.៨៩ម៉ែត្រ ទទឹង៣៧.៦ម៉ែត្រ និងជម្រៅទឹក៧.៣ម៉ែត្រ ធ្វើដំណើរពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាម៉ោង៧ព្រឹក។ នាវាទេសចរណ៍នេះ មានផ្ទុកភ្ញៀវទេសចរ១៩៧៦នាក់ ក្នុងនោះស្រី១០២៩នាក់ មកពី២០សញ្ជាតិ និងនាវិកចំនួន៦២៥នាក់ ស្រី១៣១នាក់ មាន២៨សញ្ជាតិ​។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិ អាល្លឺម៉ង១៨១០នាក់​ និងអូទ្រីស៥១នាក់។ 
 
នៅក្នុងថ្ងៃដដែលនេះ មាននាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ RIVIERA មកពី MARSHALL ISLAND ដែលមានបណ្ដោយ២៤០.១៦ម៉ែត្រ និងទទឹង៣២.២ម៉ែត្រ និងជម្រៅទឹក៧.៤ម៉ែត្រ ធ្វើដំណើរចេញពីប្រទេសវៀតណាម ឆ្ពោះមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅ៦:៣០នាទី​ព្រឹក។ នាវានេះ ផ្ទុកភ្ញៀវទេសចរសរុប១១៨៣នាក់ ស្រី៥៩៦នាក់ មកពី៣៤សញ្ជាតិ និងនាវិកចំនួន៧៦៤នាក់ ស្រី១៤៤នាក់ មកពី៤៤សញ្ជាតិ​។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិអាមេរិក​៧៥០នាក់​ កាណាដា១៧៣នាក់ ។
 
ក្រោយទទួលបានភ្ញៀវទេសចរផ្ទៃទឹកជាបន្តបន្ទាប់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវឱ្យអាជីវករចូលរួមផ្ដល់សេវាកម្មឲ្យបានល្អ និងតម្លៃសមរម្យ ដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត៕ 
 

Tag:
 ទេសចរណ៍
  កំពង់ផែក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com