ជាតិ
បំពង​សំឡេង​រំខាននៅខេត្តព្រះសីហនុ ប្រឈម​ពិន័យ​អន្តរការណ៍ ហើយអាច​ឈានដល់ការផ្តន្ទាទោស
15, Feb 2024 , 7:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបថត រដ្ឋបាលខេត្ត
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបថត រដ្ឋបាលខេត្ត
ដោយ: រួបរួម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  កាលពីថ្ងៃទី​១៥ ខែកុម្ភៈ បាន​ជម្រាបទៅម្ចាស់អាជីវកម្ម​មណ្ឌល​ទេសចរណ៍មនុស្សពេញវ័យទាំងអស់ ពិសេស​នៅ​តាមឆ្នេរអូរឈើទាល ឱ្យ​អនុវត្ត​តាម​កម្រិត​ស្តង់ដារ​សំឡេង​អតិបរមា។ ករណី​ល្មើស រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធាន​ការ​រដ្ឋបាល ឬវិធាន​ការ​ច្បាប់។

 
ក្នុង​លិខិត​ លោក គួច ចំរើន បាន​បញ្ជាក់ពីការ​ចាត់​តាំងមន្ត្រីជំនាញនៃមន្ទីរ​បរិស្ថាន​ខេត្ត ក្នុងការ​វាស់​សំឡេង​ជាក់ស្តែង ហើយ​ពិនិត្យឃើញថា អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយចំនួន មានការបំពងសំឡង​ លឺៗ ​លើសកម្រិតស្តង់ដារ កំណត់មានចាប់ពី ៧៩.៦ដេស៊ីបែល (dB(A)) ដល់ ៩០.២ដេស៊ីបែល (dB(A))។
 
លោកអភិបាលខេត្ត បានលើក​ឡើង​ថា ការមិន​គោរព​ស្តង់ដារសំឡេង បានធ្វើឱ្យ​រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ជាពិសេស​នៅ​តាម​ឆ្នេរអូរឈើទាល។ 
 
ជាមួយគ្នានេះ លោក គួច ចំរើន បាន​តម្រូវ​ឱ្យម្ចាស់អាជីវកម្ម​មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំងអស់ អនុវត្តតាម​កម្រិត​កំណត់​ស្តង់ដារសំឡេងអតិបរមា ដោយចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច គឺ​ស្តង់ដារសំឡងអតិបរមា ៧៥ដេស៊ីបែល (dB(A)), ពីម៉ោង​៦ល្ងាចដល់ម៉ោង​៨យប់ ៧០ដេស៊ីបែល (dB(A)) និង​ចាប់ពីម៉ោង​៨យប់ដល់​៦ព្រឹក គឺ​៥០ដេស៊ីបែល (dB(A)) ជាអតិបរិមា។
 
«បើម្ចាស់អាជីវកម្មទាំងអស់ មិនអនុវត្តតាមការកំណត់ខាងលើ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ដោយត្រូវទទួលពិន័យអន្តរការណ៍ ឬផ្តន្ទាទោសដោយយោង ទៅតាមមាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ និងមាត្រា២៥ ជំពូកទី៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ»។ នេះជាសារព្រមាន​ពីសំណាក់​លោកអភិបាល​ខេត្ត។
 
ការពិន័យ​ជាអន្តរការណ៍ មានពី​៥សែនទៅ១លាន​រៀល ហើយករណីពុំរាងចាល អ្នក​ប្រព្រឹត្ត​ប្រឈមផ្ទន្ទាទោស​ពី១លានទៅ​៥លានរៀល ឬផ្តន្ទាទោស​ដាក់ពន្ធនាគារពី​១ខែដល់​៣ខែ ឬទោសទាំងពីរនេះ។ ក្នុងច្បាប់ដដែល បើ​ការ​ប្រព្រឹត្តបង្កឱ្យមាន​គ្រោះថ្នាក់ដល់​រាងកាយ ឬជីវិតមនុស្ស ទ្រព្យសម្បត្តិឯកជន សាធារណៈ ដល់​បរិស្ថាន ធនធានធម្មជាតិ ត្រូវ​ផ្តន្ទាទោស​ពិន័យពី​១០លាន​ទៅ​៥០លាន​រៀល ឬផ្តន្ទាទោស​ដាក់ពន្ធនាគារពី១​ឆ្នាំដល់​៥ឆ្នាំ ឬទោសទាំងពីរ៕

© រក្សាសិទ្ធិដោយ thmeythmey.com