ជាតិ
កម្ពុជា-អាម៉េរិក ពង្រឹងភាពជាដៃគូផ្នែកសន្តិសុខនុយក្លេអ៊ែរ
× លោក Frank A. Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិសន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាម៉េរិក (NNSA) ស្ថិតក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខនុយក្លេអ៊ែរជាមួយមន្ត្រីកម្ពុជានៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី២១ ខែកុម្ភៈ នេះ លោក Frank A. Rose មានជំនួបជាមួយរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីររូបគឺលោក អ៊ឹង អៀង និងលោក លី វណ្ណា ដោយបានពិភាក្សាគ្នាស្តីពីការលើកម្ពស់សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។
ក្រសួងរ៉ែ និងថាមពល ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យរ៉ែ និងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី ក្នុងនោះ លោក អ៊ឹង អៀង ក៏មានតួនាទីជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មផងដែរ។
បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់ NNSA អាម៉េរិក មានជំនួបដោយឡែកជាមួយមន្ត្រីក្រសួងការបរទេសស្តីពីកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឲ្យមានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។ មុនបន្តដំណើរទៅវៀតណាម លោក Rose ត្រូវជួបជាបន្តបន្ទាប់ជាមួយមន្ត្រីកំពង់ផែ និងគយកម្ពុជា រួមទាំងប្រាស្រ័យជាមួយនិស្សិតខ្មែរ ស្តីពីសន្តិសុខតាមអ៊ីនធឺណែត។
លោក Rose បានបញ្ជាក់ថា រដ្ឋបាលជាតិ ផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ ការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។ «យើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើង ក្នុងការតាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ» ។ លោកអះអាងយ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com