ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ស្អាតស្អំ! មន្ត្រីខេត្តព្រះសីហនុ ៣៤៥នាក់សុទ្ធតែអវិជ្ជមានសារធាតុញៀន
28, Feb 2024 , 8:53 am        
រូបភាព
ដោយ: រួបរួម
មន្ត្រីរដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ចំនួន៣៤៥នាក់ សុទ្ធតែទទួលមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយបានលទ្ធផលអវិជ្ជមាន ក្រោយការធ្វើតេស្តកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ។



អនុវត្តតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាល និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន។

លទ្ធផលបានបង្ហាញថា មន្ត្រីទាំង៣៤៥នាក់ដែលបម្រើការនៅរដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ សុទ្ធតែមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើតាមការផ្សាយនៅលើបណ្តាញសង្គមប្រមុខរដ្ឋាភិបាល។

សម្តេច ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់»។


កាលពីថ្ងៃទី២០ ខែកុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត បានចេញបទបញ្ជារៀបចំការធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ «យើងត្រូវសម្អាតផ្ទះយើងឱ្យសិន» ។ នេះជាពាក្យស្លោក ដែលសម្ដេច ហ៊ុន ម៉ាណែត បានប្រកាសម្ដងហើយ ម្ដងទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា វិធានការលុបបំបាត់គ្រឿងញៀននេះ ត្រូវអនុវត្តដូចគ្នា ទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិល ហើយបើរកឃើញបុគ្គលណា ប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង ដោយមិនចាំបាច់លើកលែងឱ្យទេ។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
 
«គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕



© រក្សាសិទ្ធិដោយ thmeythmey.com