ជាតិ
តុលាការកោះកុង ឲ្យអាជ្ញាធរនាំខ្លួនអ្នកបើកគ្រឿងចក្រ កិនមនុស្សស្លាប់ មកដោះស្រាយតាមផ្លូវច្បាប់ រូបពីផេកវិមាន៧មករា
× អយ្យការអមសាលាដំបូង ខេត្តកោះកុង បានឲ្យអាជ្ញាធរមានសមត្ថកិច្ច នាំខ្លួនបុគ្គលឈ្មោះ តាំ ឈិន មកសាកសួរនៅតុលាការ ឲ្យបានមុនថ្ងៃទី១៣ មីនា ជុំវិញករណីបើកគ្រឿងចក្រកិនមនុស្សស្លាប់ កាលពីថ្ងៃទី២១ កុម្ភៈ។
ជនរងគ្រោះ ដែលត្រូវគ្រឿងចក្រកិនស្លាប់នោះ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ដើមចមនៃរឿងហេតុនេះ គឺជនរងគ្រោះបានជួលគ្រឿងចក្រ ទៅកាយស្រះទឹក ដើម្បីយកទឹកប្រើប្រាស់ ប៉ុន្តែស្រាប់តែគេប្រទះឃើញជនរងគ្រោះស្លាប់ ដោយសារគ្រឿងចក្រកិនទៅវិញ ហើយអ្នកបើកគ្រឿងចក្របានរត់គេចខ្លួន។
ក្រៅពីអ្នកបើកគ្រឿងចក្រនេះ តុលាការខេត្តកោះកុង ក៏បានឲ្យនាំខ្លួនថៅកែគ្រឿងចក្រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com